header ads

Sponsor

​ភ្នំពេញៈ សល់​ត្រឹម​រយៈ​ពេល​២​ថ្ងៃ​ទៀត​ប៉ុណ្ណោះ ទិវា​​ជ័យជំនះ​ ៧មករា​ នឹង​ឈាន​ចូល​មកដល់ ហេតុ​នេះ​ទើប​នៅ​ពហុកីឡដ្ឋាន​ជាតិ​អូឡាំពិក បាន​រៀប​ចំ​ការ​ហាត់​សម​ជា​ថ្មី​ម្តង​ទៀត ដើម្បី​ធានា​បាន​ថា ​ទិវា​នេះ​ នឹង​ប្រព្រឹត្ត​ទៅ​ដោយ​រលូន​តាម​ការ​គ្រោង​ទុក ដើម្បី​រំឮក​ដល់​ខួប​លើក​៤០​ឆ្នាំ​ ដែល​​​កម្ពុជា ​រួច​ផុត​ពី​សម័យ​កម្ពុជា​ប្រជាធិបតេយ្យ។​

ពិធី​ហាត់​សម​នេះ ​បាន​ប្រព្រឹត្ត​ទៅ​ នៅព្រឹក​ថ្ងៃ​សៅរ៍ ១៤​រោច ខែ​មិគសិរ ឆ្នាំ​ច សំរឹទ្ធិស័ក ព.ស.២៥៦២ នៅ​ពហុកីឡដ្ឋាន​ជាតិ​អូឡាំពិក​ ដោយ​មានមហា​ជន​ចូលរួម​ហាត់​សម​យ៉ាង​ច្រើន​កុះករ។ សូម​ជម្រាបជូនថា នេះ​ជា​ការ​ហាត់​សម​ លើក​ទី​៣​ហើយ ដោយ​​លើក​ទី១ ​បាន​ប្រព្រឹត្ត​ទៅ​​នា​​ព្រឹក​ថ្ងៃ​ចន្ទ​ ២​រោច និង​លើក​ទី​២ នា​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​ ៥​រោច ខែ​មិគសិរ ឆ្នាំ​ច សំរឹទ្ធិស័ក ព.ស.២៥៦២។

ក្នុងអំឡុងពេល​ប្រារព្ធ​ខួប​លើក​ទី​៤០ នៃ​ទិវា​ជ័យជម្នះ ៧​មក​រា  រដ្ឋបាល​រាជធានី​ភ្នំពេញ ក៏បាន​ប្រកាស​ពី​បិទផ្លូវ​ជុំវិញ​បរិវេណ​ពហុ​កីឡាដ្ឋាន​ជាតិ ដើម្បី​ឲ្យ​សាធារណជន​បញ្ចៀស​ចរាចរណ៍​លើ​តម្រាយ​ផ្លូវ​ដែល​បាន​កំណត់​ទាំងនោះ​។

តាមសេចក្តីជូនដំណឹង​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ​ បាន​ឲ្យ​ដឹង​ថា នៅ​តំបន់​ជុំវិញ​ពហុ​កីឡាដ្ឋាន​ជាតិ​អូ​ឡាំ​ពិ​ក នា​ថ្ងៃ​ទី​៧ ខែមករា ឆ្នាំ​២០១៩ ចាប់ពី​ម៉ោង​៦​ព្រឹក​រហូត​ដល់​បញ្ចប់​ពិធី​ប្រារព្ធ​ខួប​លើក​ទី​៤០ នៃ​ទិវា​ជ័យជម្នះ ៧​មក​រា ត្រូវ​បាន​បិទ​ទាំងស្រុង ដើម្បី​ឲ្យ​ប្រព្រឹត្ត​ទៅ​ដោយ​រលូន រក្សា​បាន​នូវ​សុវត្ថិភាព សន្តិសុខ សណ្ដាប់ ធ្នាប់ និង​របៀបរៀបរយ​សាធារណៈ ។ ពិសេស​កាត់​បន្ថយ​បាន​នូវ​ការ​កកស្ទះ​ចរាចរណ៍ ក្នុង​រាជធានី​ភ្នំពេញ ខណៈ​ក្នុង​ពហុ​កីឡាដ្ឋាន​ជាតិ​អូ​ឡាំ​ពិ​ក នឹង​មាន​អ្នកចូលរួម​សរុប​ប្រមាណ​ ៤​ម៉ឺន​នាក់​។

រដ្ឋបាល​រាជធានី​ភ្នំពេញ សង្ឃឹម​ជឿជាក់​យ៉ាង​មុតមាំ​ថា ប្រជាពលរដ្ឋ និង​ម្ចាស់​អាជីវកម្ម​ទាំងអស់ យោគយល់ អធ្យាស្រ័យ និង​ការ​ចូលរួម​អនុវត្ត តាម​ការ​ជូនដំណឹង​ខាងលើ ដើម្បី​ធានា​បាន​នូវ​សន្តិសុខ និង​សុវត្ថិភាព ពិសេស​បញ្ចៀស​បាន​នូវ​ការ​កកស្ទះ​ចរាចរណ៍​។

ទិវា​ជ័យជម្នះ ៧​មក​រា ឆ្នាំ​២០១៩​នេះ ត្រូវ​បាន​រាជរដ្ឋាភិបាល​សម្រេច​ធ្វើ​ទ្រង់ទ្រាយ​ធំ និង​មាន​លក្ខណៈ​ប្លែក​អស្ចារ្យ​ជាង​ឆ្នាំ​មុន​ៗ ពហុ​កីឡាដ្ឋាន​ជាតិ​អូ​ឡាំ​ពិ​ក ដោយ​មាន​មហាជន​ចូលរួម​យ៉ាងច្រើន​កុះករ រួម​ជាមួយនឹង​ការ​សម្តែង​សិល្បៈ​និង​ការ​ក្បួន​ដង្ហែ​រថយន្ត​បុស្បុក​មក​ពី​បណ្តា​រាជធានី​ខេត្ត ដើម្បី​បង្ហាញ​ពី​សក្តានុពល និង​ការ​អភិវឌ្ឍ​រយៈពេល​៤០​ឆ្នាំ ​របស់​រាជធានី​ខេត្ត​នីមួយ​ៗ​ផង​ដែរ​។

ជាមួយគ្នានេះដែរ​ សហភាពសហព័ន្ធយុវជនកម្ពុជា​ UYFC ក៏សូមគោរពអញ្ជើញបងប្អូន ពុកម៉ែ មាមីង បងប្រុស បងស្រី សមាជិកា សមាជិកា​ ប្អូនៗ ក្មួយៗ ចូលរួមរីករាយកំសាន្តជាមួយការប្រគំតន្រ្តី យុវជន "៧មករា ខ្ញុំ៤០ឆ្នាំ" ទាំងអស់គ្នាដោយសេរី ដោយសប្បាយរីករាយ និងរាំកម្សាន្តទាំងអស់គ្នា ក្នុងស្មារតីសាមគ្គីភាព និងក្នុងនាមជាមហាគ្រួសារខ្មែរ នាវេលាម៉ោង០៥:០០នាទីល្ងាច ដល់ម៉ោង១០:០០នាទីយប់ ថ្ងៃទី០៧ ខែមករា ឆ្នាំ២០១៩នេះ នៅបរិវេណទីតាំងសួនច្បារ ខាងមុខវត្តបុទុមវត្តី ខណ្ឌដូនពេញ​ រាជធានីភ្នំពេញ​៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post