
ព្រះសីហនុៈ រឿងរាវទំនាស់ដីធ្លី រវាងអាជ្ញាធរមានសម្ថកិច្ច ប៉ះទង្គិចផ្ទុះអាវុធ ជាមួយនិងប្រជាពលរដ្ឋ នៅចំណុចពយម៉ាចូវ ភូមិគគីរ ឃុំបិតត្រាង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ កាលពីថ្ងៃទី ២៤ ខែមករា ឆ្នាំ២០១៩ កន្លងទៅថ្មីៗនេះ ក្រោមការដឹកនំាដោយលោក ហ៊ួត វិចិត្រ ព្រះរាជអាជ្ញារង ខេត្តព្រះសីហនុ ដែលចុះអនុវត្តន៍រហូតមកដល់ពេលនេះមិនទាន់មានដំណោះស្រាយនៅឡើយទេ ។
រហូតមកដល់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៩ នេះទៅហើយ អ្នកបញ្ជាបេសកកម្មម្នាក់ទៀត ជាស្ត្រីមិនស្គាល់អត្តសញ្ញា និងលោក ផៃ ប៊ុនវណ្ណៈ អភិបាលរងខេត្ត នៅតែបន្តការបញ្ជា និងប្រើប្រាស់គ្រឿងចក្រឈូសឆាយវាយកម្ទេចផ្ទះរបស់ប្រជាពលរដ្ឋក្រីក្រ ក្រោមការចុះអនុវត្តសាលក្រមស្ថាពរមួយលើដីទំហំ ៧១ហិចតា របស់ឈ្មោះ ឆាយ ណារិន អាយុ៥១ឆ្នាំ រស់នៅភូមិ១ សង្កាត់លេខ៤ ក្រុងព្រះសីហនុ និងឈ្មោះ គង់ វណ្ណា អាយុ៤៦ឆ្នាំ រស់នៅភូមិ១ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ដដែល។
ប្រជាពលរដ្ឋបានឲ្យដឹងថា ការបង្ក្រាបដោយកម្លាំងសមត្ថកិច្ចចម្រុះ ជាង៣០០នាក់ ដែលធ្វើការបាញ់គំរាមនិងបាញ់សំដៅប្រជាពលរដ្ឋជាច្រើនគ្រាប់ បណ្ដាលឲ្យពលរដ្ឋ២នាក់ រងរបួសធ្ងន់ស្រាល ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យលោកសង្ឃ រាជធានីភ្នំពេញ ផងដែរ ។
ក្រោយពីហេតុការណ៍កើតឡើង លោក យន្ត មីន អភិបាលខេត្តព្រះសីហនុ លោកក៏បានធ្វើដំណើរទៅរាជធានីភ្នំពេញ ដើម្បីសួរសុខទុក្ខពលរដ្ឋម្នាក់ ដែលកំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យលោកសង្ឃ។
រហូតមកដល់ពេលនេះ ប្រជាពលរដ្ឋរាប់រយគ្រួសារ កំពុងខ្វះទីជម្រកក៏បាននាំគ្នាបោះតង់ដេកបណ្ដោះអាសន្ន នៅកន្លែងផ្ទះរបស់ខ្លួន ដែលត្រូវវាយកម្ទេចរបស់គ្រឿងចក្រពេលនេះ៕





