
ភ្នំពេញៈ នៅពេលដែលយើងនិយាយដល់រឿងរៀបអាពាហ៍ពិពាហ៍ វាគឺជារឿងដែលសប្បាយរីករាយនៅក្នុងជីវិតរបស់យើងម្នាក់ៗ ព្រោះវាជាទំនៀមទម្លាប់ប្រពៃណីដែលមានតាំងពីបុរាណមកផង និងជាសក្ខីភាពបញ្ជាក់ពីភាពជោគជ័យនៃក្តីស្រឡាញ់ផង។ លើសពីនេះទៅទៀត មានប្រជាជនមួយចំនួន រឹតតែមានការពេញចិត្តខ្លាំង ពេលដែលបានរៀបអាពាហ៍ពិពាហ៍ជាមួយជនបរទេស។
ព្រមជាមួយគ្នាផងដែរ ដើម្បីឲ្យចំណងអាពាហ៍ពិពាហ៍របស់ពលរដ្ឋ មានភាពរឹងមាំ និងមានសុវត្ថិភាព រាជរដ្ឋាភិបាលបានធ្វើការកំណត់ ឲ្យអាពាហ៍ពិពាហ៍ទាំងអស់ ចាំបាច់ត្រូវតែបំពេញទៅតាមនីតិវិធី និងលក្ខខ័ណ្ឌរួមមួយចំនួន ដែលមានចែងនៅក្នុងក្រមរដ្ឋប្បវេណីខ្មែរ រីឯការរៀបអាពាហ៍ពិពាហ៍ជាមួយជនបរទេស រឹតតែត្រូវបំពេញតាមលក្ខខ័ណ្ឌកំណត់ ដែលមានចែង ក្នុងច្បាប់យ៉ាងហ្មត់ចត់បំផុត។ ហើយការរៀបអាពាហ៍ពិពាហ៍ ដែលធ្វើឡើងតាមរយៈភ្នាក់ងាររើសគូស្រករ ឈ្មួញកណ្តាល ឬក្រុមហ៊ុនអាជីវកម្ម គឺត្រូវបានហាមឃាត់ជាដាច់ខាត។
តែរឿងគួរឲ្យអាណិតផង អស់សំណើចផង ខណៈដែលបុរសកូនអ្នកមានស្ដុកស្ដម្ភម្នាក់ ក្រោយពីសឹកពីបួងសងគុណឪពុករួចហើយ ក៏បានរៀបការជាមួយនារីអាណិកជនម្នាក់ ខណៈថ្ងៃចូលរោងការពេលភ្ញៀវកំពុងតែហូបចុកសប្បាយអ៊ូអរ ហើយពេលឡើងរាំផង បុរសជាប្ដីកាន់ដៃប្រពន្ធដើម្បីទៅរាំ ស្រាប់តែប្រពន្ធមិនព្រមទៅហើយថែមទាំងធ្វើទឹកមុខមិនរីករាយសោះ រហូតដលចប់កម្មវិធីមង្គលការ គ្រប់យ៉ាងកាន់តែចុកចាប់ ព្រោះរាត្រីផ្សំដំណេក នារីជាប្រពន្ធបានសុំបុរសជាប្ដីថា ទៅសម្រាកនៅសណ្ឋាគារទៅវិញ ទើបសង្ស័យថា ចាញ់បោកគេហើយ តែនៅមិនអស់ចិត្តក៏បានចេញមកតាមដាន ស្រាប់តែឃើញជាក់ស្ដែង គេកំពុងតែរៀបចំអីវ៉ាន់ត្រៀមចេញទៅព្រលានយន្តហោះ ទាំងយប់មិនឲ្យដឹងទៀត ទើបបង្កជាការឈ្លោះប្រកែកគ្នាផ្អើលដល់កម្លាំងកងរាជអាវុធហត្ថ ចុះមកធ្វើការអន្តរាគមន៍ តែក្រោយមកក៏លេចលឺដល់ក្រុមអ្នកសារព័ត៌មានពេលយប់ជាច្រើនស្ថាប័ននាំគ្នាចុះទៅផ្ដិតយកព័ត៌មាននេះភ្លាមៗផងដែរ។
បុរសជាប្តីមានឈ្មោះ សេង ឧត្តម អាយុ២៧ឆ្នាំ ស្នាក់នៅភូមិប៉ប្រកខាងជើង សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ។ ចំណែកឯនារីជាប្រពន្ធមានឈ្មោះ វិជ្ជនា សេងថា អាយុ២០ឆ្នាំ ជាជនជាតិខ្មែរ សញ្ជាតិអូស្ត្រាលី ស្នាក់នៅប្រទេសអូស្ត្រាលី។
បើតាមសម្ដីរបស់បុរសជាកូនកំលោះ បានរៀបរាប់ដំណើររឿងប្រាប់ភ្នាក់ងារ CAM POST ថា ដំបូងឡើយ គាត់និងនារីជាប្រពន្ធ បន្ទាប់ពីបានស្គាល់គ្នា និងបានស្រលាញ់គ្នាជាងបីខែមកហើយ ខណៈដែលគាត់ទើបសឹកពីបួងសងគុណឪពុក និងខាងស្រីបានទៅធ្វើបុណ្យនៅវត្តសំរោងអណ្ដែត ក៏បានជួបគ្នា ដោយមានការណែនាំពីចាស់ទុំដែលស្គាល់គ្នានៅវត្តទៀតនោះ ទើបធ្វើឲ្យម្ដាយគាត់និយាយស្ដីជាមួយខាងស្រី ហើយគាត់ក៏មានទំនាក់ទំនងជាមួយខាងស្រី រហូតស្រលាញ់គ្នារៀងៗខ្លួន ទើបគាត់ដែលជាខាងប្រុស ព្រមព្រៀងចូលស្ដីដណ្ដឹងខាងស្រីតាមផ្លូវច្បាប់ ទើបអ្នកទាំងពីរនាក់ បានទៅចុះសំបុត្របញ្ជាក់ភ្ជាប់ពាក្យ នៅសាលាសង្កាត់កាកាបទី១ ជាគូដណ្ដឹង កាលពីខែវិច្ឆិកា ឆ្នាំ២០១៨ ហើយការភ្ជាប់ពាក្យនេះ គឺធ្វើឡើងដោយស្មោះស្ម័គ្រ នឹងគ្មានការបង្ខិតបង្ខំពីអ្នកណាម្នាក់ឡើយ ហើយក៏បានផ្ដិតមេដៃដើម្បីទុកជាភស្តុតាងទៅតាមច្បាប់ផងដែរ។
រហូតដល់ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៨ នារីជាប្រពន្ធក៏បានវិលមកស្រុកខ្មែរ ដើម្បីត្រៀមខ្លួនចូលរោងការ នាថ្ងៃទី៣ ខែមករា ឆ្នាំ២០១៩ ខណៈពេលមកដល់ គាត់ក៏បានទៅទទួលនារីជាប្រពន្ធពីអាសយានដ្ឋានភ្នំពេញអន្តរជាតិពោធិ៍ចិនតុង ដើម្បីមកស្នាក់នៅផ្ទះរបស់គាត់។ ប៉ុន្តែពេលប្រពន្ធរបស់គាត់មិនព្រមទៅស្នាក់ផ្ទះរបស់គាត់នោះទេ ដោយថាចាំរៀបការជាមួយគ្នារួច ទើបនាងព្រមទៅស្នាក់នៅជាមួយ។ បន្ទាប់មកគាត់ និងក្រុមគ្រួសាររបស់គាត់ ក៏ព្រមស្របតាមនារីជាប្រពន្ធ ក៏បានរៀបចំសណ្ឋាគារ តារាអ៊ែរផតខាងលើ ឲ្យនារីជាប្រពន្ធស្នាក់នៅបណ្តោះអាសន្ន ដោយក្រុមគ្រួសាររបស់គាត់ គឺជាអ្នកចេញថ្លៃស្នាក់នៅហូបចុកទាំងអស់ សូម្បីតែការចំណាយរៀបចំក្នុងពិធីមង្គលការនោះ ក៏ក្រុមគ្រួសារគាត់ជាអ្នកចំណាយ និងរៀបចំទាំងអស់ដែរ។
បុរសខាងលើបន្តថា លុះមកដល់ថ្ងៃចូលរោងការ ពេលភ្ញៀវកំពុងតែទទួលទានភោជនាហារ ស្របពេលដែលត្រូវឡើងរាំផងនោះ បុរសជាប្ដីបានទៅកាន់ដៃប្រពន្ធដើម្បីទៅរាំ ស្រាប់តែខាងស្រីមិនព្រមទៅ ហើយធ្វើទឹកមុខមិនរីករាយសោះ ហាក់បីដូចជាមិនពេញចិត្ត និងការរៀបអាពាហ៍ពិពាហ៍សោះ រហូតដល់ចប់កម្មវិធីមង្គលការរួច ស្រាប់តែនារីខាងលើបានសុំបុរសជាប្ដីថា ចាំស្អែកចាំទៅគេងផ្ទះយប់នេះ សុំសម្រាកនៅសណ្ឋាគារសិនហើយ បុរសជាប្ដីក៏មិនថាអ្វីដែលក៏សុខចិត្តយល់ព្រមទៅ។ លុះស្អែកឡើងបុរសជាប្ដីបានធ្វើការទាក់ទងទៅហៅមកជួបជុំបងប្អូនខាងប្រុស តែបែរជាស្ត្រីជាប្រពន្ធបានបដិសេធដោយយកលេសថា មិនស្រួលខ្លួនពីមួយថ្ងៃទៅមួយថ្ងៃទៅវិញ ទើបធ្វើឲ្យបុរសជាប្ដីមានការសង្ស័យថាចាញ់បោកគេហើយ។
លុះអស់រយៈពេលបីថ្ងៃកន្លងផុតទៅ គាត់ក៏ដឹងដំណឹងថា នារីជាប្រពន្ធរបស់គាត់បម្រុងចាកចេញត្រលប់ទៅប្រទេសអូស្ត្រាលីវិញ នៅម៉ោង៥ព្រឹក ថ្ងៃពុធ ទី៩ ខែមករា ២០១៩នេះ ដោយស្ងាត់ៗមិនឲ្យគាត់ដឹង ទើបគាត់ក៏ទៅដាក់ពាក្យបណ្តឹង នៅសាលាសង្កាត់កាកាបទី១ ដើម្បីឲ្យអាជ្ញាធរជួយអន្តរាគមន៍ ស្របពេលដែលនារីជាប្រពន្ធរបស់គាត់ នៅតែមិនព្រមមកស្នាក់នៅជាមួយនិងគាត់ទៀត ដោយរកលេសថា ចាំថ្ងៃនេះ ចាំថ្ងៃនោះរហូត ថែមទាំងលួចដកយកលុយបណ្ដាការ ចំនួន៥៧០០០ដុល្លារ ចេញពីកុងធនាគារអស់ថែមទៀត ពេលដែលគាត់សួរនាំទៅ នាងថាលុយទាំងនោះ គឺម្តាយនាងបានដកយកទៅចាត់ចែងសងគេអស់ហើយ។ ដោយផ្ទុយខុសពីអ្វីដែលបានព្រមព្រៀងគ្នា ដាក់លុយបណ្ដាការ និងចំណាងដៃទាំងនោះ ចូលទៅក្នុងកុង ដោយមានឈ្មោះទាំងពីរនាក់ ដើម្បីទុករកស៊ីពេលដែលរៀបការរួច និងចុះអេតាស៊ីវិលត្រឹមត្រូវតាមផ្លូវច្បាប់ទៀត។
លុះដល់វេលាកើតហេតុ គាត់ក៏បានទៅសណ្ឋាគារដែលប្រពន្ធរបស់គាត់ស្នាក់នៅខាងលើ ស្រាប់តែឃើញជាក់ស្ដែង នារីជាប្រពន្ធកំពុងរៀបចំវ៉ាលី បំរុងចេញទៅទាំងយប់មិនឲ្យគាត់ដឹង ទើបបង្កជាការឈ្លោះប្រកែកគ្នាផ្អើលដល់កម្លាំងកងរាជអាវុធហត្ថ ចុះមកធ្វើការអន្តរាគមន៍ តែក្រោយមកក៏លេចលឺដល់ក្រុមអ្នកសារព័ត៌មានពេលយប់ជាច្រើនស្ថាប័ននាំគ្នាចុះទៅផ្ដិតយកព័ត៌មាននេះភ្លាមៗផងដែរ។
ក្រោយពេលកើតហេតុ ភាគីទាំងពីរបាននាំគ្នាទៅប៉ុស្តិ៍នគរបាលរដ្ឋបាលកាកាបទី១ ដើម្បីឲ្យសមត្ថកិច្ចជួយធ្វើការដោះស្រាយ។ តែយ៉ាងណាមិញខាងលើនេះ គ្រាន់តែជាការអះអាងបញ្ជាក់តែម្ខាងពីខាងប្រុសតែប៉ុណ្ណោះ ដោយឡែក មិនទាន់មានការបញ្ជាក់បកស្រាយពីខាងស្រីនៅឡើយនោះទេ៕




















