
ហេតុការណ៍ផ្ទុះអាវុធនេះបានកើតមានឡើងនៅវេលាម៉ោង១២រំលងអធ្រាត្រឈានចូលថ្ងៃអាទិត្យ ទី២៧ ខែមករា ឆ្នាំ២០១៩នេះ នៅតាមបណ្តោយផ្លូវជាសុផារ៉ា ដែលស្ថិតក្នុងសង្កាត់ទួលសង្កែទី២ ខណ្ឌឬស្សីកែវ។
សាក្សីដែលឃើញហេតុការណ៍ផ្ទាល់បានរៀបរាប់ភ្នាក់ងារខេមប៉ុស្តិ៍ ដឹងថា នៅមុនពេលកើតហេតុ រថយន្តស៊េរីទំនើបមួយគ្រឿង ម៉ាក LEXUS LS450 ពណ៌សពាក់ស្លាកលេខភ្នំពេញ 2AI-9466 បើកបរដោយបុរសម្នាក់ និងម៉ូតូសង់កូរ៉េ ពណ៌ក្រហម ស៊េរីចាស់ មួយគ្រឿងបើកបរដោយយុវជនម្នាក់ ដោយមិនដឹងថាប៉ះគ្នាពីចំណុចណានោះទេ គ្រាន់តែឃើញរថយន្តខាងលើ បើកប្រដេញតាមពីក្រោយម៉ូតូខាងលើនោះ រហូតដល់ចំណុចផ្លូវជាសុផារ៉ា ជិតកន្លែងលក់រថយន្តលីហួរ រថយន្តក៏បានបើកបម្រុងបុកឲ្យដួល តែយុវជនដែលជាអ្នកបើកម៉ូតូបានផ្ដួលម៉ូតូ រួចរត់សំដៅចូលក្នុងផ្លូវលំ ច្រកដឿងហែម ហើយបុរសដែលជាអ្នកបើកបររថយន្តនោះ បានចុះពីលើរថយន្តប្រដាប់ដោយកាំភ្លើងខ្លីមួយដើម (មិនស្គាល់ម៉ាក) រត់ចូលទៅតាមរកមើលយុវជនម្ចាស់ម៉ូតូ ខណៈដែលកំពុងកាន់កាំភ្លើងជាប់ដៃផង និងរកមិនឃើញទៀតនោះ ស្រាប់តែបុរសម្ចាស់រថយន្តនោះ ផ្ទុះអាវុធបាញ់មេឃ ចំនួន ១គ្រាប់ ដើម្បីគំរាមយុវជននោះ ឲ្យចេញមក បង្កឲ្យមានការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋដែលស្នាក់នៅកន្លែងកើតហេតុ ភ្ញាក់ពីដំណេកទាំងមានការភិតភ័យ និងបានលបមើលសកម្មភាព បុរសម្ចាស់រថយន្តនោះ ដើរបាញ់មេឃបន្តរហូតដល់ទៅ ៤គ្រាប់ ដោយមិនដឹងថាពាក់ព័ន្ធនិងករណីអ្វីអោយប្រាកដនោះទេ ទើបប្រជាពលរដ្ឋរាយការណ៍ប្រាប់វិទ្យុABC ឲ្យជួយទាក់ទងសមត្ថកិច្ចមូលដ្ឋានចុះមកដល់កន្លែងកើតហេតុផងដែរ។
ស្របគ្នានោះដែរ ប្រជាពលរដ្ឋបានរាយការណ៍ជូនសមត្ថកិច្ច ប៉ុន្តែពេលសមត្ថកិច្ច មកដល់ បុរសនោះហាក់បីដូចជាមានឋានៈធំនិងកូនអ្នកមានផង ទើបប៉ូលិសតូចតាច មិនហ៊ានឃាត់ សួរនាំអ្វីច្រើននោះទេ រីឯម៉ូតូ ត្រូវសមត្ថកិច្ចយកទៅរក្សាទុកនៅប៉ុស្តិ៍ នគរបាលរដ្ឋបាលទួលសង្កែទី២ ដើម្បីរង់ចាំស្រាវជ្រាវ និងស្វែងរកការពិតនៃការបាញ់នេះ។
អ្វីដែលប្រជាពលរដ្ឋរំពឹងថា ពេលមានសមត្ថកិច្ចមកនឹងបានសាកសួរអ្នកដែលកាន់កាប់អាវុធ បាញ់បោះស៊េរីនោះ ក្នុងករណីអ្វីដែរ តែបែរជាសមត្ថកិច្ចចុះមកដល់មិនបានចុះត្រួតពិនិត្យមើលកន្លែងដែលផ្ទុះអាវុធនោះទេ បែរជាសាកសួរតែអ្នកបើកបររថយន្តហើយ អនុញ្ញាតឲ្យរថយន្តបើកចេញពីកន្លែងកើតហេតុបាត់ស្រមោលតែម្តង រីឯម៉ូតូត្រូវបានសមត្ថកិច្ចអូសយកទៅរក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលទួលសង្កែទី ដើម្បីរងចាំស្រាវជ្រាវរកម្ចាស់ម៉ូតូយកមកសាកដួរបំភ្លឺផងដែរ។
គ្រាន់តែឃើញដូច្នេះបងប្អូនប្រជាពលរដ្ឋហួសចិត្តនិងសមត្ថកិច្ចដែលជាអ្នកអនុវត្តច្បាប់ និងរក្សាការពារ សន្តិសុខសុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ដែលអនុញាតិអោយរថយន្តខាងលើនោះ បើកចេញទៅដោយពុំមានការឃាត់សាកសួរនៅស្នាក់ការប៉ុស្តិបន្តិចសោះឡើយនេះ ហាក់បីមានភាពកំសោយ ចំពោះការអនុវត្តច្បាប់របស់មន្ត្រីនគរបាលខណ្ឌឬស្សីកែវនេះ ទើបប្រជាពលរដ្ឋចេញមកប្រាប់កម្លាំងសមត្ថកិច្ចមូលដ្ឋានឲ្យបានដឹងថា ករណីផ្ទុះអាវុធពិតជាមានប្រាកដមែន និងចង្អូលបង្ហាញអោយសមត្ថកិច្ចនិងក្រុមអ្នកសារព័ត៌មាន ចុះទៅរើសសំបកគ្រាប់ បានចំនួន ៣គ្រាប់ ដែលបន្សល់មកពីការបាញ់ យកមកធ្វើរបាយការណ៍ជូនថ្នាក់លើតែប៉ុណ្ណោះ៕







