ឯកឧត្តម អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានចេញសេចក្តីណែនាំ ហាមមន្ត្រីក្រោមឱវាទក្រសួងប្រើប្រាស់យានជំនិះ ដែលពាក់ស្លាកលេខរដ្ឋ ក្រៅពីម៉ោងដែលខ្លួនបំពេញការងារ ជាពិសេសកន្លែងសប្បាយគ្រប់ប្រភេទ រួមមានក្លឹបកម្សាន្ត កន្លែងខារ៉ាអូខេ កន្លែងម៉ាស្សាជាដើម។ យោងតាមសេចក្តីណែនាំចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៨។
សេចក្តីណែនាំដដែល បានបង្ហាញពីគោលបំណងដើម្បីធានាប្រសិទ្ធភាព ក្នុងការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ និងសេចក្តីថ្លៃថ្នូររបស់ស្ថាប័នរដ្ឋ និងមន្ត្រីរាជការសាធារណៈ ក្រសួងអភិវឌ្ឍន៍ជនបទ សូមណែនាំដល់មន្ត្រីដែលប្រើប្រាស់ទោចក្រយានយន្ត និងយានយន្តរបស់ក្រសួង ចំនួន៣ចំណុចដូចខាងក្រោម៖
ទី១- ត្រូវប្រើប្រាស់ទោចក្រយានយន្ត និងយានយន្ត ពាក់ស្លាកលេខរដ្ឋឲ្យបានត្រឹមត្រូវ បើកបរប្រកបដោយសេចក្តីថ្លៃថ្នូរ និងគោរពច្បាប់ចរាចរណ៍ផ្លូវគោកឱ្យបានម៉ឺងម៉ាត់។
ទី២- មិនត្រូវប្រើប្រាស់ទោចក្រយានយន្ត និងយានយន្ត ដែលពាក់ស្លាកលេខរដ្ឋ ក្រៅពីម៉ោងដែលខ្លួនបំពេញការងារឡើយ ជាពិសេសកន្លែងសប្បាយគ្រប់ប្រភេទ រួមមានក្លឹបកម្សាន្ត កន្លែងខារ៉ាអូខេ កន្លែងម៉ាស្សា។ល។
និងទី៣- មិនត្រូវអនុញ្ញាតឲ្យអ្នកដទៃ ប្រើប្រាស់ទោចក្រយានយន្ត និងយានយន្ត ដែលមានស្លាកលេខរដ្ឋ ក្នុងគោលបំណងផ្សេង ដែលមិនពាក់ព័ន្ធទៅនឹងការបំពេញភារកិច្ចរបស់ខ្លួនឡើយ។
សូមបញ្ជាក់ថាក្រសួងអភិវឌ្ឍន៍ជនបទ មាស្លាកលេខសម្គាល់ គឺ រដ្ឋ-20។