header ads

Sponsor

ភ្នំពេញៈ ព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ នារសៀលថ្ងៃទី៤ មករា ឆ្នាំ២០១៩នេះ បានសម្រេចចោទប្រកាន់ជាផ្លូវការលើម្ចាស់គ្លីនិកឌែរម៉ូ កែសម្ផស្សចំនួន៣បទល្មើស ជាសំណុំរឿងព្រហ្មទណ្ឌ រួចបញ្ជូនជនត្រូវចោទទៅឲ្យ​ចៅក្រមស៊ើបសួរសម្រេចតាមនីតិវិធី។

ប្រភពព័ត៌មានពីសាលាដំបូង បានឲ្យ​ដឹងថា បទចោទប្រកាន់ដែលតំណាងអយ្យការបានសម្រេចចោទលោកស្រី ហូវ ដាណេ ជាម្ចាស់គ្លីនិកឌែរម៉ូ និងឈ្មោះ ពៅ ស៊ី​ណាត ជាគ្រូពេទ្យដេរខ្ជិបប្រចាំគ្លីនិក រួមមាន ៖ ១- បទប៉ះពាល់ដល់សិទ្ធិខាងរូបភាពនៃបុគ្គល តាមមាត្រា៣០២នៃក្រមព្រហ្មទណ្ឌ ។ ២-បទកំហែងយក តាមមាត្រា៣៦៣ និងមាត្រា៣៦៤នៃក្រមព្រហ្មទណ្ឌ ។ ៣-បទការគំរាមកំហែងហែកកេរ្តិ៍ តាមមាត្រា២៧២ និងមាត្រា២៧៣ នៃក្រមព្រហ្មទណ្ឌ។

មាត្រា៣០២នៃក្រមព្រហ្មទណ្ឌចែងថា អំពើថតរូបភាពនៃបុគ្គនៅទីកន្លែងឯកជន ដោយគ្មានការព្រមព្រៀងពីបុគ្គលនេះទេ ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពីមួយខែទៅមួយឆ្នាំ និងពិន័យជាប្រាក់ពី១សែនរៀលទៅ២លានរៀល លើកលែងតែករណីដែលច្បាប់អនុញ្ញាត។

មាត្រា៣៦៣នៃក្រមព្រហ្មទណ្ឌចែងថា អំពើកំហែងយក គឺជាអំពើដែលប្រព្រឹត្តដោយការប្រើហិង្សា ការគំរាមកំហែងថា នឹងប្រើហិង្សា ឬដោយការបង្ខិតបង្ខំ ដើម្បីទទួលបាននូវ ៖ ហត្ថលេខា ឬស្នាមមេដៃ, ការសន្យា ឬការបោះបង់ចោលអ្វីមួយ, ការបង្ហាញអាថ៌កំបាំងណាមួយ, ការប្រគល់មូលនិធិតម្លៃ ឬទ្រព្យសម្បត្តិអ្វីមួយ។

មាត្រា៣៦៤ អំពើកំហែងយកត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី២ឆ្នាំទៅ ៥ឆ្នាំ និងពិន័យជាប្រាក់ពី៤លានរៀលទៅ១០លានរៀល។

មាត្រា៣៧២នៃក្រមព្រហកមទណ្ឌចែងថា អំពើគំរាមកំហែងហែកកេរ្តិ៍ គឺជាអំពើប្រព្រឹត្តដោយការគំរាមកំហែងបើកកកាយ ឬទម្លាក់​កំហុសដែលនាំឲ្យ​ប៉ះពាល់ដល់កិត្តិយស ការរាប់អាន ដើម្បីទទួលបាននូវ ៖ ហត្ថលេខា ឬស្នាមមេដៃ, ការសន្យា, ការបង្ហាញអាថ៌កំបាំងណាមួយ, ការប្រគល់មូលនិធិ តម្លៃ ឬទ្រព្យសម្បត្តិអ្វីមួយ។

មាត្រា៣៧៣បានចែងកំណត់អោយផ្ដន្ទាទោសដាក់ពន្ធនាគារពី២ឆ្នាំទៅ៥ឆ្នាំ និងពិន័យជាប្រាក់ពី៤លានរៀលទៅ១០លានរៀល។

ជនត្រូវចោទ ហូវ ដាណេ និងពៅ ស៊ី​ណាត ត្រូវបានសមត្ថកិច្ចអាវុធហត្ថលើផ្ទៃប្រទេសបញ្ជូនមកអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ កាលពីវេលាម៉ោង១០ព្រឹកថ្ងៃទី៤ មករា ឆ្នាំ២០១៩ ដែលសំណុំរឿងនេះ ត្រូវបានចាត់បញ្ជូនអោយលោក សឿន មុនីរ័ត្ន ជាព្រះរាជអាជ្ញារងចាត់ការ។

ក្នុងនោះក្រោយពីសាកសួរជនសង្ស័យរួច និងពិនិត្យលើរបាយការណ៍​ស៊ើបអង្កេតបឋមរបស់នគរបាលយុត្តិធម៌រួចមក តំណាងអយ្យការបានសម្រេចចោទប្រកាន់លោកស្រី ហូវ ដាណា និង ពៅ ស៊ី​ណាត ចំនួន៣បទល្មើសខាងលើ ហើយបញ្ជូនជនត្រូវចោទ និងសំណុំរឿងទៅអោយចៅក្រមសម្រេចតាមច្បាប់៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post