
ភ្នំពេញៈ នារីរូបស្រស់សោភា និងជាតារាសម្ដែងវ័យក្មេងម្នាក់ រួមទាំងប្រជាពលរដ្ឋជាច្រើនទៀត បាននាំគ្នាជួយសម្រាលកូនឲ្យស្ត្រីអនាថា វ័យជាង៣០ឆ្នាំម្នាក់ តាមចិញ្ចើមផ្លូវ ហើយការជួយនោះ ពុំមានឧបករណ៍ឆ្មបត្រឹមត្រូវនោះទេ គ្រាន់តែជាការជួយសង្គ្រោះបឋមប៉ុណ្ណោះ ។
ហេតុការណ៍នេះ បង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង១២យប់រំលងអធ្រាត្រឈានចូលថ្ងៃអាទិត្យ ទី១៣ ខែមករា ឆ្នាំ២០១៩ ស្ថិតនៅតាមបណ្តោយផ្លូវ៣១៥ កែងផ្លូវ៥១៦ ជាប់ផ្សារTK ក្នុងសង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
តាមប្រភពពីសន្តិសុខម្នាក់ ដែលយាមនៅក្បែរកន្លែងកើតហេតុ បានឲ្យដឹងថា ស្ត្រីអនាថា ដែលបានសម្រាលកូននៅតាមដងផ្លូវនោះ មិនស្គាល់អត្តសញ្ញាណនោះទេ មានវ័យប្រមាណជាង៣០ឆ្នាំ។
សន្តិសុខ បានបន្តទៀតថា មុនកើតហេតុរូបគាត់បានឃើញស្ត្រីខាងលើនេះ ធ្វើដំណើរដោយថ្មើរជើងតាមបណ្តោយផ្លូវ៥១៦ ទិសដៅពីកើតទៅលិចមកឈប់អង្គុយនៅចំណុចកើតហេតុខាលើ ហើយបានត្អូញត្អែថា រូបគាត់ឈឺពោះណាស់ ខណៈនោះក៏មានប្រជាពលរដ្ឋ ដែលធ្វើដំណើរតាមដងផ្លូវឃើញហេតុការណ៍ បាននាំមកជួយសសង្គ្រោះជាបឋមសិន រួចបានសម្រាលកូនស្រីមួយដ៏ស្រស់ស្អាតម្នាក់ផងដែរ បន្ទាប់មកប្រជាពលរដ្ឋបានទំនាក់ទំនងទៅសមត្ថកិច្ចមូលដ្ឋានក៏ដូចរថយន្តសង្គ្រោះបន្ទាន់ផងដែរ។
ខណៈដែលកំពុងរង់ចាំរថយន្តសង្គ្រោះនោះ ស្រាប់តែមាននារីវ័យក្មេងរូបស្រស់ដូចតារាម្នាក់បានបើករថយន្ត LEXUS RX330 ស៊េរីទំនើបមួយគ្រឿងមកដល់កន្លែងកើតហេតុ រួចចុះមកជួយសង្គ្រោះ ដោយមិនខ្លាចរអើមនោះទេ ធ្វើប្រជាពលរដ្ឋ ក៏ដូចជាមហាជនជាច្រើន ដែលបានមកឈប់មើលមានការកោតសរសើរទៅលើនារីវ័យរូបស្រស់នោះផងដែរ។ ក្រោយមកទើបគេស្គាល់ថា នារីស្រស់ប្រិមប្រីយ ដែលមានចិត្តធម៌ម្នាក់នោះឈ្មោះ លីលី ជាតារាសម្តែងខ្សែភាយន្តសោះ។
ក្រោយពីជួយសម្រួលលក្ខណៈបឋមហើយ គេឃើញរថយន្តសង្គ្រោះមួយគ្រឿងរបស់គ្លីនិក រស្មី បានមកជួយដឹកនារីរងគ្រោះយកទៅសង្គ្រោះនៅឯមន្ទីរពេទ្យកាលម៉ែត ខណៈរថយន្តសង្គ្រោះគ្លីនិករស្មី ពុំមិនមានឧបករណ៍សង្គ្រោះគ្រប់គ្រាន់៕















