header ads

Sponsor

ភ្នំពេញៈ ថ្លែងនៅចំពោះមុខបេក្ខជន បេក្ខនារី ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក និងជាប្រធានអនុគណៈកម្មការប្រឡងជ្រើសរើសនាយទាហាន នៃកងយោធពលខេមរភូមិន្ទឆ្នាំ២០១៩ បានអះអាងថា ការប្រឡងជ្រើសរើសនាយទាហាន នៅពេលព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៩នេះ គឺជ្រើសរើសអ្នកដែលមានសមត្ថភាពពិតប្រាកដ ដោយគ្មានអ្នកមានអំណាច ឬអ្នកធំណាម្នាក់ ចេញមកអន្តរាគមន៍ឲ្យជាប់ជាដាច់ខាត ចំពោះបេក្ខជនមានខ្សែធំ។

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត លើកឡើងបែបនេះ បន្ទាប់ពីពលរដ្ឋខ្មែរមួយចំនួន តែងតែងនិយាយថា ការប្រឡងនាយទាហាន មានការយកថវិកាដើម្បីឲ្យបេក្ខជន និងបេក្ខនារី ប្រឡងជាប់ ជាពិសេសអ្នកដែលមានខ្សែរយៈ គឺជាប់ជាស្វ័យប្រវត្តិជាដើម។

ក្នុងពិធីចាប់ផ្ដើមបើកដំណើរការប្រឡងជ្រើសរើសក្របខណ្ឌមន្ដ្រីយោធា នៅមណ្ឌលប្រឡងរាជធានីភ្នំពេញ និងតាមបណ្ដា យោធភូមិភាគនីមួយៗ ទូទាំងប្រទេស នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០១៨ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ការជ្រើសរើសនាយទាហានរបស់យើងប្រព្រឹត្តិទៅដោយរលូន ត្រឹមត្រូវ មានតម្លាភាព និងយុត្តិធម៌។ បានន័យថាម៉េចបានន័យថា អ្នកដែលបានជោគជ័យ ក្រោយពីកិច្ចប្រឡង មានទាំងចំណេះដឹងទូទៅ ទាំងភាសា និងកីឡា គឺអ្នកទទួលបានជោគជ័យ និងបានជ្រើសរើសយកធ្វើជាទាហាន គឺដោយសមត្ថភាពផ្ទាល់ខ្លួនរបស់យើង

ដើម្បីឲ្យការប្រឡងទទួលបានជោគជ័យ ឧត្តមសេនីយ៍ឯក សំណូមពរបេក្ខជន ត្រូវខិតខំបញ្ចេញសមត្ថភាពរបស់ខ្លួន កុំធ្វើសកម្មភាពណាមួយ ដែលប៉ះពាល់ទៅដល់ការប្រឡង។

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បន្ថែមថា ការជ្រើសរើសនាយទាហានឆ្នាំ២០១៩ កើនឡើងបើប្រៀបធៀបទៅនឹងឆ្នាំ២០១៨ ដែលចំនួនកើននេះ ដោយសារការប្រឡង ពីបណ្ដាលឆ្នាំមុនៗ មានភាពសុក្រឹត យុត្តិធម៌ ត្រឹមត្រូវ និងតម្លាភាព។

នាឱកាសនោះ ឧត្តមសេនីយ៍ឯក ប៊ុត សុភាព នាយកសាលានាយទាហានសកម្ម និងជាអនុប្រធានប្រចាំការនៃអនុគណៈកម្មការប្រឡង និងជាប្រធានមណ្ឌលប្រឡងនៅភ្នំពេញ បានឲ្យដឹងដែរថា ពីមួយឆ្នាំទៅមួយឆ្នាំកំណើននៃចំនួនប្រឡងចូលបំរើកងទ័ព ច្រើនលើសលុប។ ឧត្តមសេនីយ៍ឯក យល់ថា ដោយសារ ៖ ទី១-កត្តាសន្ដិភាព , ទី២-កត្តាសេដ្ឋកិច្ច និងប្រាក់បៀវត្សកើនឡើងជារៀងរាល់ឆ្នាំ ,ទី៣- បេក្ខជន មានសិទ្ធិរើសមុខជំនាញរៀនបន្ថែម និងទី៤-មានផលប្រយោជន៍ ចេញទៅសិក្សានៅក្រៅប្រទេសផងដែរ។

លោកបន្តថា ការគិតរបស់ប្រជាពលរដ្ឋខ្មែរ គឺជាសេរីភាព ក៏ប៉ុន្ដែអ្វីដែលគណៈកម្មាធិការបានធ្វើ បាននឹងកំពុងធ្វើនេះ គឺមានភាពសុក្រិត ច្បាស់លាស់ ត្រឹមត្រូវបំផុត។ កន្លងមានពាក្យថា ការប្រឡងចូលកងយោពលខេមរភូមិន្ទ នាយទាហាននៃកងយោធពលខេមរភូមិន្ទ គឺប្រឡងតាមខ្សែ និងឲ្យលុយ ខ្ញុំសូមប្រកាសថា គ្មានទាល់តែសោះ។ ខ្ញុំធានា១០០ភាគរយ ហើយបេក្ខជន បេក្ខនារីឲ្យលុយទៅបុគ្គលណាម្នាក់ គឺអ្នកនោះ គឺចាញ់បោកគេហើយ ។

សូមរំលឹកថា បេក្ខជនប្រឡងនៅទូទាំងប្រទេសមានចំនួន៨៣៣២នាក់ ប្រុសចំនួន៥០៨២នាក់ ។ ចំណែកមណ្ឌលប្រឡងនៅទូទាំងប្រទេសចំនួន៦មណ្ឌល រួមមាន៖ ទី១-មណ្ឌលប្រឡងរាជធានីភ្នំពេញ , ទី២-មណ្ឌលប្រឡងយោធភូមិភាគទី១ (ខេត្តស្ទឹងត្រែង) , ទី៣-មណ្ឌលប្រឡងយោធភូមិភាគទី២ (ខេត្តកំពង់ចាម) , ទី៤-មណ្ឌលប្រឡងយោធភូមិភាគទី៣ (ខេត្តកំពត) , ទី៥-មណ្ឌលប្រឡងយោធភូមិភាគទី៤ (ខេត្ដសៀមរាប) និងទី៦-មណ្ឌលប្រឡងយោធភូមិភាគទី៥ (ខេត្តបាត់ដំបង)៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post