header ads

Sponsor

កំពតៈ ការប្រឡងជ្រើសរើសនាយទាហាននៃកងយោធពលខេមរភូមិន្ទ វគ្គនាយទាហានសកម្មជំនាន់ទី២៣ វគ្គនាយទាហានទ័ពជើងគោកជំនាន់ទី១១, វគ្គនាយទាហានបន្តវេនជំនាន់ទី១២ និងវគ្គនាយទាហានជំនាញបច្ចេកទេសយោធា ឆ្នាំ២០១៩ បាននឹងកំពុងប្រព្រឹត្តទៅរយៈពេល៣ថ្ងៃ គឺចាប់ពីថ្ងៃទី១៣ដល់១៥ ខែមករា ឆ្នាំ២០១៩។ សម្រាប់មណ្ឌលភូមិភាគទី៣ កំពតនេះ មានបេក្ខជន ជាសិស្ស និស្សិត បានចូលរួមប្រឡងចំនួនសរុប ៨២១នាក់ ក្នុងនោះមានស្រីចំនួន២៩៩នាក់។

នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៩ នៅសាលាវិទ្យាល័យមិត្តភាពកម្ពុជា-ជប៉ុនក្រុងកំពត អង្គភាពយោធភូមិភាគទី៣ និងតំបន់សឹករងកំពតបានបើកការប្រឡងប្រជែងចំណេះដឹងទូទៅ និងកាយសម្បទាដើម្បីជ្រើសរើស សិក្ខាកាមវគ្គនាយទាហានឆ្នាំ២០១៩ ក្នុងមណ្ឌលភូមិភាគទី៣ ក្រោមអធិបតីភាពឧត្តមសេនីយ៍ឯក យឿង សុខុន មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការយោធភូមិភាគទី៣ និងលោក ជឹង ផល្លា អភិបាលរងខេត្តអភិបាលរងខេត្ត។

បើតាមរបាយការណ៍បានឲ្យដឹងថា មុខវិជ្ជាត្រូវប្រលងរួមមាន ទី១-ចំណេះដឹងទូទៅរយៈពេល២ម៉ោង, ទី២-ភាសាបរទេស រយៈពេល២ម៉ោង និងទី៣-វិញ្ញាសារកាយសម្បទាផ្នែកកីឡាមាន៣ប្រភេទ គឺចោលដុំដែក លោតចម្ងាយ និងរត់ចម្ងាយ(សម្រាប់នារី៤០០ម៉ែត្រ និងយុវជនចម្ងាយ៨០០ម៉ែត្រ)។

ថ្លែងនៅក្នុងឱកាសនោះ លោក​ យឿង សុខុន ការប្រឡងប្រជែងជ្រើសរើសនាយទាហាននៅពេលនេះ គឺផ្ទុយស្រឡះពីសម័យប្រទេសជាតិមានសង្គ្រាម ដែលការនោះ ការជ្រើសរើសកងទ័ពពុំចាំបាច់ឆ្លងកាត់ការប្រឡងប្រជែងទេ មិនតែប៉ុណ្ណោះ ពេលខ្លះរហូតដល់មានការចាប់បង្ខំឲ្យចូលបម្រើការងារទ័ពថែមទៀតផង។ ប៉ុន្តែការប្រឡងជ្រើសរើសនាយទាហ៊ាននាពេលនេះគឺផ្អែកទៅលើគោលដៅធំតាមវិធានការនៃវិធីសាស្រ្តរបស់ក្រសួងការពារជាតិដើម្បីចម្រាញ់យកអ្នកមានសមត្ថភាពពិតប្រាកដ ហើយការប្រលងប្រកបដោយតម្លាភាព ប្រសិទ្ធភាព យុត្តិធម៌ និងគ្មានការអន្តរាគមន៍ ឬសូកប៉ាន់ឡើយ។

លោក​បានផ្ដាំផ្ញើដល់បេក្ខជនចូលរួមប្រឡងទាំងអស់ ត្រូវខិតខំបញ្ចេញនូវសមត្ថភាពចំណេះដឹងរបស់ខ្លួន ដើម្បីឈានចាប់យកជំនាញក្នុងវគ្គនាយទាហានឆ្នាំ២០១៩បន្ត សំដៅអោយក្លាយខ្លួនជាសក្ដានុពលដែលជាធនធានប្រកបដោយសមត្ថភាពនៅក្នុងកងយោធិពលខេមរភូមិន្ទដើម្បីបម្រើការពារជាតិមាតុភូមិរបស់យើង៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post