header ads

Sponsor

កំពតៈ បញ្ហាដីធ្លីនៅខេត្តកំពត ជារឿងដ៏រសើប និងបានក្លាយជាជំងឺរ៉ាំរៃមួយ ដែលបន្សល់ទុកតៗគ្នា ពីមួយជំនាន់អភិបាលខេត្តមួយ ទៅមួយ ប៉ុន្តែនៅក្នុងអាណត្តិនេះ លោក ជាវ តាយ បានប្តេជ្ញាចិត្តនឹងដោះស្រាយ បញ្ហាដីធ្លីនេះឲ្យអស់ ព្រោះលោកថា មិនអាចទទួលយកបានទេ ដែលទុកឲ្យបញ្ហាក្លាយជាបំណុល ព្រោះដោះស្រាយមិនបាននោះ ។ លោកបានស្នើសុំដល់ អាជ្ញាធរមូលដ្ឋាន ឃុំ សង្គាត់ ក្រុង ស្រុកត្រូវសហការរួមដៃគ្នាដោះស្រាយ ដោយតម្លាភាព និងដោយយុតិធម៌។

មានប្រសាសន៍នៅក្នុងកិច្ចប្រជុំគណៈកម្មាធិការគ្រប់គ្រងដីរដ្ឋថ្នាក់ខេត្ត នៅព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៩ លោក ជាវ តាយអភិបាលខេត្តកំពតបានលើកឡើងថា កន្លងមករដ្ឋបាលខេត្តបានដោះស្រាយ បញ្ហាដីធ្លីបានមួយចំនួនធំ ដោយផ្អែកលើយុទ្ធដំណោះស្រាយ ឈ្នះ ឈ្នះ ប៉ុន្តែបញ្ហាចាស់ខ្លះចាក់គ្រិះជ្រៅ ពេក ធ្វើឲ្យរដ្ឋបាលខេត្ត និងជំនាញត្រូវប្រើពេលស្វែងរក គល់ និងឫសកែវ នៃបញ្ហា ដើម្បីដោះស្រាយបានត្រឹមត្រូវ ប្រកបដោយតម្លាភាព និង យុត្តិធម៌។

លោកបានបន្តថា នៅក្នុងឆ្នាំ២០១៩នេះ ដោយអនុលោមតាមការណែនាំរបស់សម្តេចតេជោ ឲ្យរដ្ឋបាលខេត្តនិមួយដោះស្រាយបញ្ហាដីធ្លីឲ្យបានចប់ រដ្ឋបាលខេត្តកំពត បានប្តេជ្ញាចិត្ត ថាមិនបណ្តោយ ឲ្យបញ្ហាដីធ្លីចេះតែកើតឡើង ហើយក្រាស់ទៅៗបានឡើយ ។

លោក បានបញ្ជាក់ថា ការដោះស្រាយ ឬ ធ្វើការងារអ្វីមួយ មន្ត្រីត្រូវដោះស្រាយជារួម មានមន្ត្រីពាក់ព័ន្ធគ្រប់ផ្នែកចូលរួម អមដោយលិខិតបង្គាប់ការ ហើយមន្ត្រីថ្នាក់ក្រោម ណាខ្លះ ជាអ្នកចូលរួម ហើយបើដោះមិនបានទៀត លើកយកមកដាក់ក្នុងកិច្ចប្រជុំចង្អៀតដើម្បី គណៈកម្មាធិការគ្រប់គ្រង់ ដីរដ្ឋថ្នាក់ខេត្ត រកវិធីទៅតាមស្ថានភាពជាក់ស្តែង។

នៅក្នុងឱកាសនោះដែរ លោកក៏បានអំពាវនាវ ដល់ ស្ថាប័ន អង្គភាព មន្ទីរជុំវិញខេត្ត ត្រូវកំណត់ និងចុះបញ្ជីឲ្យបានច្បាស់លាស់ ថាដីដែលជាកម្មសិទ្ធិរបស់រដ្ឋមានសល់កន្លែងណាខ្លះ ដែលអាចយកមកប្រើប្រាស់ និងត្រៀមទុកជូនប្រជាពលរដ្ឋដែលគ្មានទីលំនៅ ឬ ក្នុងករណីចាំបាច់ណាមួយ ព្រោះបច្ចុប្បន្នដីខេត្តកំពត កាន់តែឡើងថ្លៃគ្រប់កន្លែង ជនឱកាសនិយម ឬជនមានលុយ មានអំណាចមួយចំនួន អាចបង្កជាបញ្ហាដើម្បីផលប្រយោជន៍ ធ្វើឲ្យបញ្ហាដីធ្លីចេះតែកើនឡើងមិនឈប់។

ចំណែកមន្ត្រីសូរិយោដី ត្រូវបង្កើនការយកចិត្តទុកដាក់បន្ថែមទៀត និងត្រូវរាយការណ៍ តាមសភាពជាក់ស្តែងប្រសិនបើកន្លែងណាមួយមិនអាចវាស់វែងបាន កុំឲ្យអ្នកដោះចាំតែដោះ ហើយអ្នកបង្កបញ្ហានៅតែគឃ្លើនដូចគ្រាកន្លងមក ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post