header ads

Sponsor

ភ្នំពេញៈ រោង​ស្នាក់នៅ​សង្ក័សី​របស់​កម្មករជនជាតិ​ចិន​មួយ​ខ្នង​ នៅ​​ក្នុង​ការដ្ឋាន​សាងសង់​អគារ​ខុនដូ "STAR​ CITY" ត្រូវ​បាន​អគ្គិភ័យ​លេបត្របាក់​អស់​ទាំង​ស្រុង​ កាលពីវេលាម៉ោង​៨យប់​ ថ្ងៃពុធ ​ទី​២៣​ ខែ​មករា​ ឆ្នាំ​២០១៩ ​ត្រង់ចំណុច​ក្បែរ​ខាងលិចគល់​ស្ពាន​អាកាស​ផ្សារ​ដើម​ហ៊ុយ​ ស្ថិត​ក្នុង​ក្រុម​ទី១​ ភូមិ​ទ្រង់មាន់​ សង្កាត់​អូបែក​ក្អម​ ខណ្ឌ​សែនសុខ​ ក្រុងភ្នំពេញ​។

តាមប្រភពព័ត៌មាន​ពី​កម្មករ​សំណង់ ​ដែល​ធ្វើ​ការថែមម៉ោង​នៅ​ក្នុង​ការដ្ឋាន​ខាងលើ​​បាន​រៀប​រាប់​ប្រាប់​ឲ្យភ្នាក់ងារ ខេមប៉ុស្តិ៍​ ដឹង​ថា​ មុន​ពេល​កើត​ហេតុ​ គេបាន​លឺសំឡេ​ង​ផ្ទុះ​ ​ចេញ​មកពីក្នុង​បន្ទប់​មួយ​ នៅ​ក្នុងរោងកើ​តហេតុ​ខាងលើ​ ខណៈ​ដែលពុំមានកម្មករណាម្នាក់ ​ស្នាក់នៅខាងក្នុងនោះទេ​។ ហើយមួយស្ទុះក្រោយមក​ ក៏ស្រាប់​តែ​មាន​ផ្សែង​ហ៊ុយខ្មួលខ្មាញ់​លាយឡំ​នឹង​អណ្តាតភ្លើង​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ​ ចេញ​មក​ពី​បន្ទប់​នោះ​ ទើប​បង្ក​ឲ្យ​មាន​ការ​ភ្ញាក់​ផ្អើល​ដល់​កម្មករ ​ដែល​កំពុងធ្វើ​ការ​ និងកំពុងសម្រាក​នៅ​ក្នុង​ការដ្ឋាន​នាំគ្នា​ចូល​ទៅ​ជញ្ជូន​សម្ភារៈ​មួយ​ចំនួន ​ដែល​នៅ​ក្នុង​បន្ទប់​ជាប់បន្ទប់ដែលឆេះនោះយកចេញមក​ខាងក្រៅ​។

ប្រភពបន្តថា​ ភ្លាម​នោះ​ក៏មានកម្មករ​ផ្សេងទៀត​បាន​នាំគ្នា​យក​បំពង់​ពន្លត់​អគ្គិភ័យ​ទៅ​បាញ់​ពន្លត់​ អស់​ជា​ច្រើន​បំពង់​ ប៉ុន្តែ​ដោយមិន​អាច​គ្រប់គ្រង​ស្ថានការណ៍​បាន​ ក៏បាន​រាយការណ៍​ជូនសមត្ថកិច្ច​មូល​ដ្ឋាន ​និង​រថយន្ត​ពន្លត់​អគ្គិភ័យ​ឲ្យ​ចុះ​មក​ជួយ​ធ្វើ​ការ​អន្តរាគមន៍​។

បន្ទាប់​មកភ្លើ​ងក៏បាន​ឆាបឆេះ​រាលដាល​ដល់បន្ទប់​ផ្សេងទៀត​យ៉ាង​សន្ធោសន្ធៅ​ រួចមកក៏ឃើញ​មាន​រថយន្ត​ពន្លត់​អគ្គិភ័យ​បានចុះ​មកធ្វើការ​អន្តរាគមន៍​បាញ់​ជាបន្តបន្ទាប់​ចំនួន​១៥គ្រឿង​ តែដោយសារ​ផ្លូវចូល​ទៅ​រោង​កើតហេតុ​ មាន​សភាព​តូច​ចង្អៀត​ ធ្វើឲ្យពិបាក​ដល់​រថយន្ត​ពន្លត់អគ្គិភ័យ​ចូលទៅ​បាញ់ពន្លត់​ ទើបបណ្តាល​អោយ​ភ្លើង​កាន់តែឆេះរាល​ដាលពេញរោង​ស្នាក់នៅ​របស់​កម្មករ​ខាងលើទាំងស្រុងតែម្តង។

រហូតដល់ម៉ោង៩យប់​ថ្ងៃ​ដដែល​ ស្ថានភាព​ភ្លើង​ត្រូវ​បានគ្រប់គ្រង​បាញ់ពន្លត់​ រលត់​ជា​ស្ថាពរ​ ដោយប្រើ​ប្រាស់​ទឹកអស់ចំនួន១៥គ្រឿង​ ​ក្នុងនោះ​មានរថយន្ត​ពន្លត់​អគ្គីភ័យ​របស់​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​ ចំនួន​៧គ្រឿង​ រថយន្ត​ពន្លត់​អគ្គីភ័យ​របស់​ទីក្រុង​ជ្រោយ​ចង្វារ​ចំនួន​៥គ្រឿង​ រថយន្ត​ពន្លត់​អគ្គីភ័យ​របស់​ទីក្រុង​កោះពេជ្រ​ចំនួន​២គ្រឿង​ និង​រថយន្ត​ពន្លត់​អគ្គីភ័យ ​របស់​ក្រុមហ៊ុន​ស្រា​បៀរ​កម្ពុជា​ ចំនួន​១គ្រឿង​។

ក្នុងហេតុការណ៍អគ្គិភ័យខាងលើ​នេះ មន្ត្រីនគរបាលមួយរូប ក៏បានជួបគ្រោះថ្នាក់ ដោយ​ផ្ទុះធុងហ្គាសខ្ទាត​ចំស្មងជើង ខណៈកំពុងចូលអន្តរាគមន៍បាញ់ពន្លត់ក្បែរកន្លែង ហើយត្រូវបានបញ្ជូនទៅសង្គ្រោះ និងឲ្យក្រុមគ្រូពេទ្យដេររបួសជិត១០ថ្នេរ​ផងដែរ។

ក្រោយពីទទួលបាលដំណឹងនេះ ​អាជ្ញាធរខណ្ឌសែនសុខ​ ដឹកនាំដោយលោក​ ម៉ូវ​ ម៉ាណិត​ អភិបាលខណ្ឌ​ និងលោក​ សក់​ ច័ន្ទកញ្ញារិទ្ធ អភិបាលរង​ខណ្ឌ​ រួមទាំងលោក​វរសេនីយ៍ឯក​ ហួរ​ ម៉េងវ៉ាង​ អធិការខណ្ឌសែនសុខ​ ព្រមទាំងក្រុមការងារ បានអញ្ជើញទៅសាកសួរសុខទុក្ខ និងជួយឧបត្ថម្ភជាថវិកាមួយចំនួន ដើ​ម្បីជាការលើកទឹកចិត្ត និងសម្រួលដល់ការព្យាបាល ព្រមទាំងមានការយកចិត្តទុកដាក់បំផុត ពីសំណាក់ក្រុមគ្រូពេទ្យផងដែរ។

បើ​តាម​ប្រភពពី​សមត្ថកិច្ច​បានអោយដឹងថា​ នៅ​ក្នុង​ករណី​អគ្គិភ័យ​ខាងលើ​​នេះ​ គឺ​បណ្តាលឲ្យ​ឆាបឆេះ​រោងស្នាក់នៅរបស់កម្មករជនជាតិ​មួយខ្នង​ ​ប្រក់​សង្ក័សី ដែលមាន​ត្រាប់​អេប៉ុង​​ពីខាងក្នុង​ ​(មួយជាន់​ មាន១០បន្ទប់​)​ និងមានទំហំសរុប​១០ម៉ែត្រ​គុណ​និង២០ម៉ែត្រ​ រួមទាំងសម្ភារៈមួយចំនួនតូច​រងការខូចខាត​អស់ទាំង​ស្រុង​។ ​តាមការសន្និដ្ឋានជាជំហាន​ដំបូង ​សមត្ថកិច្ច​បានឲ្យ​ដឹងថា គឺ​បណ្ដាល​មកពី​ឆ្លង​ចរន្ត​អគ្គិសនី​ ឆាបឆេះចេញជាអណ្តាតភ្លើង៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post