ភ្នំពេញៈ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានប្រកាសយ៉ាងដាច់ណាត់ថា ប្រទេសកម្ពុជា ត្រូវតែមានសន្តិភាពជានិច្ច ទោះបីស្ថិតក្នុងកាលៈទេសៈណាក៏ដោយ។
សម្តេចតេជោ បានលើកឡើងលើបណ្តាញសង្គម នៅថ្ងៃទី២៩ ខែមករានេះ ដោយអមនឹងរូបថតជាច្រើនសន្លឹក ដែលមានទាំងថតរូបសខ្មៅ និយាយតាំងពីយូរមកហើយ និងរូបថតនៃការអភិវឌ្ឍនៅក្នុងរាជធានីភ្នំពេញ។
សម្តេច បានលើកឡើងយ៉ាងដូច្នេះថា «កម្ពុជា ត្រូវតែមានសន្តិភាពជានិច្ចរូប១សន្លឹកសខ្មៅ ដែលយើងបានឃើញ គឺជាទិដ្ឋភាពមួយផ្នែក នៃទីក្រុងភ្នំពេញ ដែលត្រូវបានបំផ្លាញ នឹងបោះបង់ចោលដោយសារសង្រ្គាម និងរបបប្រល័យពូជសាសន៍ ប៉ុល ពត កាលពីឆ្នាំ ១៩៧៥-១៩៧៩។
សម្តេចបន្តថា ក្រោយពីកម្ពុជា មានសន្តិភាពពេញលេញជាង២០ឆ្នាំមកនេះ ទីក្រុងភ្នំពេញ ត្រូវបានអភិវឌ្ឍឲ្យរីកលូតលាស់ទៅមុខឥតឈប់ឈរ។ យើងត្រូវរួមគ្នាថែរក្សា ការពារសន្តិភាពឲ្យខានតែបាន ដើម្បីកុំឲ្យប្រទេសជាតិវិលធ្លាក់ទៅក្នុងភ្នក់ភ្លើងនៃសង្រ្គាម និងការបំភ្លិចបំផ្លាញសាជាថ្មី។ សូមជូនពរបងប្អូនជនរួមជាតិ ជួបតែសេចក្តីសុខ និងសំណាងល្អគ្រប់ទីកន្លែង»។
សូមជម្រាបថា ការលើកឡើងរបស់ប្រមុខរាជរដ្ឋាភិបាលនេះ ខណៈដែលបណ្តាប្រទេសមួយចំនួននៅលើពិភពលោក បាន និងកំពុងដែលមានអសន្តិសុខ។ ជាក់ស្តែងនោះ ប្រទេសវេណេស៊ុយអេឡា បាន និងកំពុងតែកើតមានបាតុកម្ម បន្ទាប់ពីសហរដ្ឋអាមេរិក និងប្រទេសមួយចំនួនទៀត លូកដៃចូលក្នុងកិច្ចផ្ទៃក្នុងប្រទេសនេះ៕
