header ads

Sponsor

ភ្នំពេញៈ នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៨ វេលាម៉ោង១០ព្រឹក កម្លាំងនគរបាលប្រចាំទីរួមផ្សារធំថ្មី នៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ បានឃាត់ខ្លួនជនសង្ស័យចំនួន១នាក់ពីបទ “លួច (លួចបន្លំយកខ្សែកកាឡៃ ប្តូរយកខ្សែកមាស) ប្រព្រឹត្តនៅចំណុចតូបលេខ.G4.061 ក្នុងទីរួមផ្សារធំថ្មី ផ្លូវលេខ៦៧ ភូមិទី៤ សង្កាត់ផ្សារថ្មីទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

សមត្ថកិច្ចប្រាប់ថា ជនសង្ស័យឈ្មោះ ពៅ ចន្តា ភេទស្រី អាយុ៥២ឆ្នាំ ជនជាតិខ្មែរកម្ពុជាក្រោម មុខរបរមិនពិតប្រាកដ ទីលំនៅផ្ទះជួល ម្តុំចាក់អង្រែលើ ផ្លូវលំ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

វត្ថុតាងចាប់យកបានមាន ខ្សែកលោហៈធាតុពណ៌លឿងប្រវែង០,៧៥ម៉ែត្រ ចំនួន០១ខ្សែ (ប្រគល់ជូនជនរងគ្រោះវិញ) ។ ខ្សែកលោហៈធាតុពណ៌លឿងប្រវែង០,៦៥ម៉ែត្រ ចំនួន០១ខ្សែ (ជារបស់ជនសង្ស័យ) ។

ជនរងគ្រោះ ឈ្មោះ ស្រេង នីរតនះ ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់មាស មានទីលំនៅផ្ទះលេខ២ ផR10បុរីប៉េងហួត បឹងស្ទោរ សង្កាត់និរោធន៍ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។

សមត្ថកិច្ចបន្តថា មុនពេលកើតហេតុ ជនរងគ្រោះ ឈ្មោះស្រេង នីរតនះ ភេទប្រុស អាយុ៣០ឆ្នាំ បានអង្គុយលក់គ្រឿងអលង្កា នៅក្នុងតូបលេខG4061 ទីរួមផ្សារធំថ្មី ពេលនោះស្រាប់តែមានជនសង្ស័យឈ្មោះ ពៅ ចន្តា ភេទស្រី អាយុ៥២ឆ្នាំ ជនជាតិខ្មែរក្រោម បានដើរមកប្រើល្បិចធ្វើជារកទិញខ្សែក ពេលនោះបានសុំជនរងគ្រោះ យកខ្សែកមាសចំនួន៣ខ្សែ ក្នុងមួយខ្សែទម្ងន់ពីរតំឡឹង មករើសមើលទៀត ឱកាសល្អ ជនសង្ស័យបានយកខ្សែកពណ៌ក្រហម (កាឡៃ) ម៉ូដដូចបន្លំដាក់ហុចទៅឲ្យជនរងគ្រោះវិញ រួចបានលួចយកខ្សែកមាសរបស់ជនរងគ្រោះកាន់លាក់ដើរគេចខ្លួន ពេលនោះជនរងគ្រោះមើលដឹងថា ខ្សែកកាឡៃបានស្រែកឆោឡោ ជនសង្ស័យបានបន្តរត់ ត្រូវបានកម្លាំងនគរបាលប្រចាំទីរួមផ្សារធំថ្មី ដេញចាប់ឃាត់ខ្លួនបានរួមជាមួយវត្ថុតាងខ្សែកមាស របស់ជនរងគ្រោះយកមកទីស្នាក់ការទីរួមផ្សារធំថ្មីសាកសួរ ។

បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួន នៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញ កសាងសំណុំចាត់ការតាមច្បាប់៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post