
ភ្នំពេញៈ រថយន្តមិនចាំម៉ាកមួយគ្រឿង បើកបុកម៉ូតូជិះឌុបគ្នា២នាក់ បណ្ដាលឲ្យបុរសម្នាក់ស្លាប់ ម្នាក់ទៀតរងរបួសធ្ងន់ នៅលើកំណាត់ផ្លូវជាតិលេខ១ ក្នុងភូមិទួលអំពិល សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ កាលពីវេលាម៉ោង១២:០៥នាទីរំលងអធ្រាត្រឈាន ចូលថ្ងៃចន្ទ ទី៧ ខែមករា ឆ្នាំ២០១៩។
ជនរងគ្រោះ ដែលស្លាប់ និងអ្នករបួស មិនត្រូវបានស្គាល់អត្តសញ្ញាណទ្បើយ។
តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋម្នាក់ បានប្រាប់ឲ្យដឹងថា ដំបូងឡើយគេឃើញម៉ូតូឌ្រីមសង់ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1AG-4430 ជិះគ្នា២នាក់ តាមបណ្ដោយផ្លូវជាតិលេខ១ ទិសដៅពីលិចទៅកើតក្នុងល្បឿនយ៉ាងលឿន ខណៈមកដល់ចំណុចកើតហេតុខាងលើ ក៏រេចង្កូតមកឆ្វេងដៃបុកជាមួយនឹងរថយន្តមិនស្គាល់ម៉ាកមួយគ្រឿង ដែលបើកតាមបណ្តោយផ្លូវជាតិលេខ១ ទិសដៅពីកើតទៅលិច បញ្រ្ចាសទិសគ្នា បណ្ដាលឲ្យបុរសម្នាក់ជាអ្នកបើក បែកក្បាលស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ និងម្នាក់ទៀត ដែលជិះពីក្រោយរងរបួសធ្ងន់ ត្រូវបានរថយន្តសង្គ្រោះដឹកយកទៅសង្គ្រោះភ្លាមៗផងដែរ។ ចំណែកម៉ូតូរបស់ជនរងគ្រោះរងការខូចខាតផ្នែកខាងមុខឡើងរួញ និងដាច់-ក ម៉ូតូ ឯរថយន្តបានបើករត់បាត់ស្រមោល។
ក្រោយកើតហេតុសមត្ថកិច្ច មូលដ្ឋានចុះមកដល់កន្លែងកើតហេតុ ហើយក៏បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញផ្នែកវាស់វែងចរាចរណ៏ ខណ្ឌច្បារអំពៅ មកវាស់វែងយកម៉ូតូទៅរក្សាទុក និងអោយរថយន្តដឹកសព (អត់មានឈ្មោះ) ដឹកយកទៅតម្កល់ទុកនៅវត្តទឹកថ្លា ដើម្បីរង់ចាំស្រាវជ្រាវរកសាច់ញាតិមកទទួលយកធ្វើបុណ្យតាមប្រពៃណី។
លុះមកដល់វេលាម៉ោង៩ព្រឹកថ្ងៃទី៧ មករា ឆ្នាំ២០១៩នេះ នៅវត្តតាំងកសាងខាងត្បូង ស្ថិតក្នុងភូមិចំការឪឡឹក២ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានការភ្ញាក់ផ្អើលមួយ បន្ទាប់ពីប្រទះឃើញរថយន្តដឹកសពមួយគ្រឿង (មិនមានស្លាកសម្គាល់) បានដឹកសពបុរសម្នាក់ មកចតទុកចោល និងមិនឃើញតៃកុងរថយន្តដឹកសពនោះទេ ទើបអ្នកដែលប្រទះឃើញប្រញាប់រាយការណ៍ប្រាប់សមត្ថកិច្ចចុះមកត្រួតពិនិត្យមើលតែម្ដង៕
