
អ្វីដែលធ្វើអោយអ្នកក្រុងកំពង់ចាមភ្ញាក់ផ្អើលនោះ គឺមុនមានការដោះលែងឧកញ៉ាស្រវឹងខួបនោះ គឺមានបញ្ជាពីមេប៉ូលិសខេត្តអោយអ្នកយាមដេញអ្នកសារព័ត៌មានចេញពីមុខស្នងការដ្ឋាននគរបាលមិនអោយចាំយកព័ត៌មានទេ។
សូមបញ្ជាក់ថា កាលពីវេលាម៉ោង៨យប់ថ្ងៃទី៥ មករា ឆ្នាំ២០១៩ មានការភ្ញាក់ផ្អើលមួយបានកើតឡើងនៅហាងខារ៉ាអូខេយីហោ “វីឡា” ស្ថិតនៅក្នុងសង្កាត់វាលវង់ ក្រុងកំពង់ចាម ដោយសារតែឧកញ៉ាឈ្មោះ វ៉ន ប៊ុនថៃ ហៅថៃ អតីតឈ្មួញរកស៊ីឈើដ៏ល្បីល្បាញនៅក្នុងស្រុកអូររាំងឪ បានប្រើអំពើហិង្សាលើស្ត្រីបម្រើខារ៉ាអូខេ ហើយត្រូវបានសមត្ថកិច្ចអាវុធហត្ថនិងនគរបាល បានចុះមកអន្តរាគមន៍នាំខ្លួនឧកញ៉ាទៅសួរនាំនៅស្នងការដ្ឋាននគរបាលខេត្តទាំងយប់ ក្នុងអាការៈស្រវឹងគ្មានគូប្រៀប។
សមត្ថកិច្ចដែលចុះទៅក្រៀកឧកញ៉ាថៃពីហាងខារ៉ាអូខេបានឲ្យដឹងថា ក្រោយពីមានហេតុការណ៍កើតឡើងនៅក្នុងបន្ទប់ហាងខារ៉ាអូខេលេខ ៦៦៦៦ ពេលដែលសមត្ថកិច្ចចុះទៅដល់ឃើញឧកញ៉ាថៃកំពុងតែស្ថិតនៅក្នុងបន្ទប់កើតហេតុ ហើយក៏ត្រូវបានកម្លាំងនគរបាល ការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលខេត្ត បានចុះមកនាំខ្លួនក្រៀកឱបពីក្រោយនាំដាក់តាមរថយន្តបញ្ជូនមកកាន់ស្នងការដ្ឋាននគរបាលខេត្ត ដើម្បីសួរនាំ។
ពេលកំពុងចលាចលនោះ ក៏មានក្រុមអ្នកសារព័ត៌មានច្រើននាក់ បានមកតាមប្រមាញ់រូបភាពជាក់ស្តែងរបស់លោកឧកញ៉ាថៃ ដែលស្រវឹងធ្លាក់ភ្នែកខាងលើផងដែរ។
ចំណែកម្ចាស់ហាងខារ៉ាអូខេ បាននិយាយថា ចាប់តាំងពីបើកហាងមកពុំធ្លាប់មានហេតុការណ៍ភ្ញាក់ផ្អើលបែបនេះទេ មិនដែលមានអ្នកថ្លើមធំមកអុកឡុកទេ គឺទើបកើតឡើងម្តងនេះ ដោយឧកញ៉ាថៃ បានបង្កហិង្សាលើអ្នកបម្រើជានារីភេទនៅក្នុងខារ៉ាអូខេ ហើយរហូតមកដល់ថ្ងៃទី៦ មករា ២០១៩ តាមដំណឹងឧកញ៉ារូបនោះ មិនត្រូវបានដោះលែងឱ្យមានសេរីភាពនៅឡើយទេ ដោយកម្លាំងនគរបាលឃុំខ្លួនទុករងចាំការសម្រេចរបស់ស្នងការដ្ឋាននគរបាលខេត្ត។
ពាក់ព័ន្ធករណីនេះនារីខារ៉ាអូខេម្នាក់បានបំភ្លឺថា យប់ថ្ងៃកើតហេតុទី៥ មករា ២០១៩ ឧកញ៉ាថៃបានចូលមកផឹកស៊ីក្លែមខារ៉ាអូខេយ៉ាងសប្បាយជាមួយអ្នកហែហមជាច្រើននាក់។ បន្ទាប់មក ដោយសារឧកញ៉ារូបនេះលូកលាន់ស្ទាបអង្អែលមកលើនារីបម្រើ ដោយប្រើដៃរវាមដូចដៃមឹក ។ នាងថា ដោយសារនាងចេះតែរើបម្រះពីដៃមឹករបស់គាត់ បានចាប់ទាញផ្តាច់ឡេវអាវ ធ្វើឱ្យនាងបានរត់ចុះទៅជាន់ក្រោមបាត់។ ចំណែករូបនាងវិញដែលនៅទីនោះដែរ ដោយសារឧកញ៉ារូបនេះខឹង ក៏បានចាប់ខោកក្បាល និងបោចសក់នាង អូសបញ្ច្រាស បណ្តាលឲ្យមានការឈឺចាប់រហូតដល់នាងស្រែកយំ ។
លោក ហួត វុទ្ធី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត មានប្រសាសន៍ឲ្យដឹងនៅព្រឹកថ្ងៃទី៦ មករាថា ករណីខាងលើនេះ រូបលោកកំពុងតែឲ្យកម្លាំងនគរបាលខេត្ត ចាត់ការតាមនីតិវិធីច្បាប់បញ្ជូនមកអយ្យការអមតុលាការ ដើម្បីចាត់វិធានការតាមនីតិវិធី ប៉ុន្តែមិនទាន់បានបញ្ជូនមកតុលាការផង គេឃុបឃិតដោះលែងបាត់ទៅហើយ៕
ផ្ដល់សិទ្ធិដោយ៖ campost.news
