header ads

Sponsor

ភ្នំពេញៈ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន បានអះអាងថា នយោបាយរបស់មេបក្សប្រឆាំង សម រង្ស៊ី ស្ថិតក្នុងកណ្តាប់ដៃសម្តេចតេជោ ហ៊ុន សែន  ទោះបីជាខំក្អែងក្អាងយ៉ាងណាក្តី។

ការលើកឡើងរបស់អ្នកនាំពាក្យបក្សកាន់អំណាចនេះ បន្ទាប់ពីលោក សម រង្ស៊ី ដែលកំពុងរស់នៅក្រៅប្រទេស បានខិតខំស្វែងរកអន្តរាគមន៍ពីអន្តរជាតិ ដើម្បីដាក់គំនាបលើរាជរដ្ឋាភិបាល កម្ពុជាក្នុងការចង់ឲ្យមានការដោះលែងលោក កឹម សុខា និងមន្ត្រីចំនួន១១៨នាក់ ដែលជាប់ បម្រាមក្នុងការធ្វើនយោបាយរយៈពេល៥ឆ្នាំ។

លោក សុខ ឥសាន បានឲ្យដឹងតាមប្រព័ន្ធតេឡេក្រាមយ៉ាងដូច្នេះថា ជីវិតនយោបាយរបស់ទណ្ឌិត សម រង្ស៊ី ស្ថិតនៅក្នុងកណ្តាប់ដៃសម្តេចតេជោ ហ៊ុន សែន ទោះបីទណ្ឌិត សម រង្ស៊ី បាននិងកំពុងបញ្ចេញសំដីក្អេងក្អាងយ៉ាងណាក៏ដោយ ក៏វាគ្រាន់ជាសំដីក្អាត់ក្នុងក្អមតែប៉ុណ្ណោះ។

លោកបន្តថា សំដីរបស់ទណ្ឌិត សម រង្ស៊ី គ្រាន់តែបង្ហាញថា ទណ្ឌិតរូបនេះ កំពុងស្ថិតនៅដំណាក់កាលចុងក្រោយនៃជីវិតនយោបាយរបស់ខ្លួន ដោយសារតែមកពីនយោបាយភូតកុហក់ និងបោកប្រាស់ផ្ទួនៗជាងម្ភៃឆ្នាំ ធ្វើឲ្យបាត់បង់ជំនឿអស់ពីគ្រប់មជ្ឈដ្ឋាន ដែលធ្វើឲ្យទណ្ឌិត សម រង្ស៊ី ត្រូវឯកោគ្មានអ្វីជាបង្អែកទៀត។

លោកបញ្ជាក់ថា «មនុស្សឯកោ គឺជាមនុស្សតែលតោលគ្មានទីពឹង និងគ្មាន​ខ្លឹមសារ។ ដោយ​សារនយោបាយឯកោខ្លួនឯងយ៉ាងដូច្នេះហើយ ទើបទណ្ឌិត សម រង្ស៊ី គ្មានជម្រើសអ្វី ក្រៅពីឱនក្បាលមកលន់តួសុំសេចក្តីអនុគ្រោះពីសម្តេចតេជោ ហ៊ុន សែន ដូចដែលធ្លាប់បានធ្វើពីអតីត កាលឡើយ។ តែលើកនេះ ទណ្ឌិត សម រង្ស៊ី មិនមានសំណាងបានរួចខ្លួនដូចលើកមុន ជាដាច់ខាត»

ការលើកឡើងរបស់អ្នកនាំពាក្យគណបក្សកាន់អំណាចនេះ ខណៈដែលលោក សម រង្ស៊ី បានប្រកាសធ្វើមហាបាតុកម្ម ប្រឆាំងនឹងសម្តេច ហ៊ុន សែន នៅសហរដ្ឋអាមេរិក នៅថ្ងៃទី៧ មករា ផងដែរ។

លោក សម រង្ស៊ី បានលើកឡើងលើបណ្តាញសង្គមថា ការធ្វើឲ្យលទ្ធិប្រជាធិបតេយ្យរស់ឡើងវិញ នៅកម្ពុជា ត្រូវចាប់ផ្តើមពីការដោះលែងលោក កឹម សុខា ជាមុនសិន ស្របតាមដំណោះ ស្រាយរួម ៥ ចំណុច ដែលអន្តរជាតិតម្រូវឲ្យសម្តេចតេជោ ហ៊ុន សែន អនុវត្តទាំងស្រុង បើគាត់មិនចង់ទទួលទណ្ឌកម្មដ៏មហាគ្រោះថ្នាក់សម្រាប់របបគាត់។

លោកថា ៥ ចំណុច ឬ៥ជំហាន ក្នុងដំណោះស្រាយរួមនោះ មានដូចតទៅ ៖

១- ដោះលែងលោក កឹម សុខា ជាបន្ទាន់ និងដោយឥតលក្ខខណ្ឌ។

២- ទម្លាក់ចោល នូវរាល់ការចោទប្រកាន់ មកលើមន្ត្រី និង សកម្មជនគណបក្សសង្គ្រោះជាតិ ទាំងអស់។

៣- បើកផ្លូវឲ្យគណបក្សសង្គ្រោះជាតិ ដំណើរការឡើងវិញ។

៤- សងមកឲ្យគណបក្សសង្គ្រោះជាតិវិញ នូវតំណែងក្រុមប្រឹក្សាឃុំ-សង្កាត់ ដែលបានមកពីការបោះឆ្នោត។

៥- បោះឆ្នោតព្រឹទ្ធសភា និងរដ្ឋសភា ឡើងវិញ ដោយមានការចូលរួមពីគណបក្សសង្គ្រោះជាតិ និងមានការត្រួតពិនិត្យពីអន្តរជាតិ។

ជាមួយគ្នានោះដែរ លោក សម រង្ស៊ី ក៏អំពាវនាវទៅមន្ត្រីគណបក្សសង្គ្រោះជាតិទាំង១១៨ រូប កុំទៅសុំសិទ្ធិពីលោក​ ហ៊ុន សែន ដើម្បីធ្វើនយោបាយវិញឲ្យសោះ ពីព្រោះការដែលម្នាក់ៗ ទៅសុំសិទ្ធិបែបនេះ មិនមែនជាដំណោះស្រាយរួម ដើម្បីធ្វើឲ្យលទ្ធិប្រជាធិបតេយ្យរស់ឡើងវិ ញនោះទេ។ ការដែលគេជំរុញឲ្យយើងម្នាក់ៗ ធ្វើបែបនេះ គឺជាល្បិចកលរបស់លោក​ ហ៊ុន សែន ដើម្បីសម្លាប់គណបក្សសង្គ្រោះជាតិ និងបំផ្លាញលទ្ធិប្រជាធិបតេយ្យជាស្ថាពរ នៅប្រទេសកម្ពុជា។ សូមកុំចាញ់បោក ហ៊ុន សែន ហើយសូមរក្សាភាពថ្លៃថ្នូររបស់យើងម្នាក់ៗ។

ចំពោះការលើកឡើងនេះលោក សុខ ឥសាន បានកើកឡើងថា សកម្មភាពធ្វើបាតុកម្មប្រឆាំងថ្ងៃ៧ មករា នៅក្រៅប្រទេស គិតចាប់ពីថ្ងៃ៧ មករា១៩៧៩ មកដល់ពេល នេះមានរយៈពេល៤០ឆ្នាំហើយ ។ ឯសកម្មភាពធ្វើបាតុកម្មប្រឆាំងនឹងថ្ងៃ៧ មករា ក៏បានប្រព្រឹត្តទៅប្រមាណ៤០ដងដែរហើយ ។

ដូច្នេះ មិនមែនជារឿងចម្លែកអីទេ ចំពោះសកម្មភាពប្រឆាំងថ្ងៃ៧ មករានោះ តែទោះបីពួកអគតិខិតខំធ្វើយ៉ាងណាក៏ឥតប្រយោជន៍ដែរ កត្តាកំណត់មិនមែនស្ថិតនៅលើជនអគតិមួយចំនួននៅក្រៅប្រទេសទេ តែវាអាស្រ័យលើប្រជាជនកម្ពុជា ក្នុងស្រុកទេជាអ្នកកំណត់។

ហេតុនេះ សូមអញ្ជើញពួកជនអគតិនៅក្រៅប្រទេសខិតខំបន្តទៅទៀតទៅទាំងប្រឆាំងនឹងឧត្តមគតិខ្លួនឯង និងញាតិមិត្តខ្លួនឯង ដែលបានរួចរស់ជីវិតដោយសារថ្ងៃ៧ មករា ៧៩នោះ។ គណបក្សប្រជាជនកម្ពុជានៅតែរឹងមាំដដែល។ នាវាកម្ពុជានៅតែធ្វើដំណើររីកចម្រើនទៅមុខជានិច្ច៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post