header ads

Sponsor

ព្រៃវែងៈ អស់លោកអាតៃកុងឡានធំៗ ល្មមបញ្ឈប់ទៅ​ ចំពោះការបើកបរមិនគិតអាយុជីវិតគេបែបនេះ! មនុស្សប្រុសស្រី៦នាក់ បានស្លាប់យ៉ាងអាណោចអាធ័មជាទីបំផុត ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយ នៅលើផ្លូវជាតិលេខ១ ចន្លោះគីឡូម៉ែត្រលេខ៩១-៩២ ក្នុងភូមិជ្រលង ឃុំប្រាសាទ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង កាលពីវេលាម៉ោង១០៖៤៥នាទីយប់ ថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៩។

មន្ត្រីនគរបាលចរាចរណ៍ខេត្តព្រៃវែង បានឲ្យដឹងថា ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏សោកសៅនេះ បង្កឡើងដោយរថយន្តបែន១គ្រឿង ពាក់ស្លាកលេខ ខ.ម ៤-9457 បើកបរដោយជនមិនស្គាល់អត្តសញ្ញាណ បើកបរបញ្ជ្រាស់ទិសជាមួយរថយន្តរងគ្រោះ។ ពេលដល់ចំណុចកើតហេតុរថយន្តបែននេះ បានរេចង្កូតទៅបុករថយន្តជនរងគ្រោះ ម៉ាកហាយឡែនឌ័រ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AI-8096 ពេញទំហឹងធ្វើឲ្យផ្លោងធ្លាក់ផ្លូវតែម្ដង។

ប្រភពបន្តថា រថយន្តហាយឡែនឌ័រ បើកបរដោយលោក ប៉ែន សៅសុម៉េតធា ជាមន្ត្រីនរគបាលប៉ុស្តិ៍រដ្ឋបាលថ្កូវ នៃអធិការដ្ឋានស្រុកកំពង់ត្របែក។ គ្រោះថ្នាក់ដ៏រន្ធត់នេះ បណ្តាលឲ្យអ្នកនៅលើរថយន្តហាយឡែនឌ័រ៦នាក់ ស្លាប់ទាំងអស់ (ក្នុងនោះមានប្រុស៤នាក់ និងស្រី២នាក់)។

មន្ត្រីនគរបាលចរាចរណ៍ខេត្ត បានបន្តទៀតថា ជនរងគ្រោះស្លាប់បាត់បង់ជីវិតទាំង៦នាក់នោះរួមមាន៖ ទី១-ឈ្មោះ ប៉ែន សៅសុម៉េតធា (ប្រុស), ទី២-ឈ្មោះ ឃីម គា (ប្រុស), ទី៣-ឈ្មោះ ឌី វណ្ណៈ (ប្រុស), ទី៤-ឈ្មោះ ក្តាម (ប្រុស), ទី៥-ឈ្មោះ មោគ សុភាព (ស្រី), ទី៦-ឈ្មោះ ឡាយ ស្រីណិច (ស្រី)។

ក្រោយកើតហេតុ អ្នកបើកបររថយន្តបង្ក បានរត់គេចខ្លួនបាត់ពីកន្លែងកើតហេតុ ដោយឡែកសពជនរងគ្រោះ ត្រូវបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។ រីឯរថយន្តបង្កហេតុ ត្រូវសមត្ថកិច្ចយកទៅរក្សាទុករង់ចាំដោះស្រាយជាក្រោយ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post