
ភ្នំពេញៈ ដោយមានការសម្របសម្រួលពីលោក កែវ សុធា ព្រះរាជអាជ្ញា អមសាលាដំបូងរាជធានីភ្នំពេញ និងបន្ទាប់ពីទទួលបានចម្លើយសារភាពរបស់ជនសង្ស័យ២នាក់ ជាមុខសញ្ញាលួចរថយន្ត កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌមានជ័យ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌចំការមន និងកម្លាំងការិយាល័យបទល្មើសព្រហ្មទណ្ឌ នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចុះធ្វើការឆែកឆេរ នៅចំណុចផ្ទះជួលផ្ទះគ្មានលេខ ផ្លូវលេខ៤៨BT ភូមិក្បាលទំនប់១ សង្កាត់បឹងទំពុន២ ខណ្ឌមានជ័យ ដោយបានរកឃើញរថយន្តម៉ាក Lexus LX 570 ពណ៌ស ចំនួន១គ្រឿង។
ហើយការឆ្លើយសារភាពរបស់ជនសង្ស័យ២នាក់ ជាមុខសញ្ញាលួចរថយន្ត បន្ទាប់ពីត្រូវបានកម្លាំងអាវុធហត្ថខណ្ឌសែនសុខ និងកម្លាំងអាវុធហត្ថខណ្ឌចំការមន សហការជាមួយកម្លាំងការិយាល័យបទល្មើសព្រហ្មទណ្ឌ នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ ធ្វើការស្រាវជ្រាវឃាត់ខ្លួនជន នៅចំណុចក្លិបប្ល៊ូឡាញ ក្នុងសង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ រួចបញ្ជូនទៅធ្វើការសាកសួរយករកចម្លើយ ពាក់ពន្ធ័ករណីលួចរថយន្ត និងទ្រព្យសម្បត្តិ នៅផ្ទះលេខ២៨ ផ្លូវបេតុង ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ជនសង្ស័យទាំង២នាក់ ទី១-ឈ្មោះ រដ្ឋា មាន ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះជួលភូមិទួលពង្រ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ភ្នំពេញ (មានសារធាតុញៀន) និងជនសង្ស័យទី២-ឈ្មោះ ពូន សុគន្ធ ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករ ស្នាក់នៅផ្ទះគ្មានលេខ ស្រុកស្អាង ខេត្តកណ្ដាល (មានសារធាតុញៀន)។ ចំណែកជនរងគ្រោះមានឈ្មោះ ស៊ូ លីន ភេទប្រុស អាយុ៦១ឆ្នាំ ជនជាតិខ្មែរ មុខរបរ មន្ត្រីអាកាសចរណ៍ស៊ីវិល ស្នាក់នៅផ្ទះលេខ២៨ ផ្លូវបេតុង ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។
សម្ភារៈបាត់បង់៖ រថយន្ត១គ្រឿង ម៉ាកឡិចស៊ីស LX570 ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AF-2557, ទូរស័ព្ទដៃ៣គ្រឿង, នាឡិកា១គ្រឿង, ខ្សែកពេជ្រ១ខ្សែ, កាបូបមានលុយ២០០០ដុល្លារចំនួន១ និងសម្ភារៈមួយចំនួន។
មន្ត្រីអាវុធហត្ថមួយរូប បានបញ្ជាក់ប្រាប់ភ្នាក់ងារ CAM POST ពីដំណើររឿងហេតុថា ដំបូងឡើយនៅមុនពេលកើតហេតុ កាលពីព្រលប់ថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៩ ជនរងគ្រោះបាននាំគ្នាអង្គុយផឹកស្រានៅចំណុចខាងលើ រហូតដល់ម៉ោង៣និង០០នាទីទាបភ្លឺ ឈានចូលថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៩ ជនរងគ្រោះ និងមិត្តភក្តិបានបែកផ្លូវគ្នា រួចជនរងគ្រោះបានចូលទៅដេកក្នុងផ្ទះ តែមិនបានចាក់សោទ្វារផ្ទះទេ លុះមកដល់ម៉ោង៦និង០០នាទីព្រឹក ថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៩ ជនរងគ្រោះបានក្រោកពីដេកមិនឃើញឡានរបស់ខ្លួនទុកនៅខាងមុខផ្ទះ ក៏មានការផ្អើលឆោឡោឡើងថាបាត់រថយន្ត ទើបទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលភ្នំពេញថ្មី។
មន្ត្រីអាវុធហត្ថបន្តថា បន្ទាប់ពីទទួលបានដំណឹងពាក់ព័ន្ធចោរលួចរថយន្តខាងលើ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌសែនសុខ និងអាវុធហត្ថខណ្ឌចំការមន សហការជាមួយកម្លាំងការិយាល័យបទល្មើសព្រហ្មទណ្ឌ នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ ធ្វើការស្រាវជ្រាវ រហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ ជាមុខសញ្ញាលួចរថយន្តនោះបាន នៅចំណុចក្លឹបប្ល៊ូឡាញ ស្ថិតក្នុងសង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ នៅវេលាម៉ោង២៖៤៥នាទីរសៀល ថ្ងៃសៅរ៍ ទី២៨ ខែមករា ឆ្នាំ២០១៩ ពាក់ពន្ធ័ករណីលួចរថយន្ត និងទ្រព្យសម្បត្តិ នៅផ្ទះលេខ២៨ ផ្លូវបេតុង ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រួចបញ្ជូនទៅធ្វើការសាកសួរភ្លាមៗ។
បន្ទាប់ពីទទួលបានចម្លើយសាររបស់ជនសង្ស័យទាំង២នាក់នោះ ដោយមានការសម្របសម្រួលពីលោក កែវ សុធា ព្រះរាជអាជ្ញា អមសាលាដំបូងរាជធានីភ្នំពេញ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌមានជ័យ សហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌចំការមន និងសហការជាមួយកម្លាំងការិយាល័យបទល្មើសព្រហ្មទណ្ឌ នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចុះធ្វើការឆែកឆេរ នៅចំណុចផ្ទះជួលផ្ទះគ្មានលេខ ផ្លូវលេខ៤៨BT ភូមិក្បាលទំនប់១ សង្កាត់បឹងទំពុន២ ខណ្ឌមានជ័យ នៅវេលាម៉ោង៣៖៣០នាទី ថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៩ ដោយជាក់ស្ដែងបានរកឃើញរថយន្តម៉ាក Lexus LX 570 ពណ៌ស ចំនួន១គ្រឿង។
បច្ចុប្បន្ន ជនសង្ស័យទាំង២នាក់ រួមទាំងវត្ថុតាងដែលដកហូត បានប្រគល់ឲ្យការិយាល័យបទល្មើសព្រហ្មទណ្ឌ នៃកងរាជអាវុធហត្ថ រាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធី៕










