
ភ្នំពេញៈ នារីវ័យក្មេងម្នាក់ មានផ្ទៃពោះ៥ខែ បានលោតទឹកសម្លាប់ខ្លួន ពីលើស្ពានជ្រោយចង្វារថ្មី តែមិនស្លាប់ ដោយសារចេះហែលទឹក បង្ករភ្ញាក់ផ្អើលកាលវេលាម៉ោង១០៖៣០នាទីយប់ ថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៩ នៅចំណុចលើស្ពានជ្រោយចង្វារថ្មី ក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
នារីវ័យក្មេងម្នាក់ មានផ្ទៃពោះ៥ខែទៅហើយ ដោយមានវិប្បត្តក្នុងគ្រួសារ បានសម្រេចចិត្តដើរមកលោតទឹកធ្វើអត្តឃាតពីលើស្ពានជ្រោយចង្វារ ហើយក៏លោតបានសម្រេចទៅហើយ តែមិនស្លាប់ដោយសារចេះហែលទឹក ត្រូវបានបងប្អូនខ្មែរឥស្លាមចេញទូកទៅជួយទាន់។
ប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញនារីវ័យក្មេងម្នាក់ បានដើរតាំងពីសង្កាត់ស្រះចក ក្នុងទិសដៅពីលិចទៅកើត សម្ដៅឡើងស្ពានជ្រោយចង្វារ ខណៈមកដល់ពាក់កណ្ដាលស្ពាន ក៏បានឡើងលើបង្កាន់ដៃស្ពានហក់លោតចូលទៅក្នុងទឹក ដោយសារនារីនោះចេះហែលទឹកបានមកតោងនឹងបង្គោលស្ពានជាប់។
ភ្លាមៗនោះបងប្អូនខ្មែរឥស្លាមចេញទូកជួយអន្តរាគមន៍ទាន់ពេលវេលា តែដោយសារនារីវ័យនោះហែលទឹកអស់កម្លាំងផងនោះ ក៏បានសន្លប់បាត់បង់ស្មារតី ភ្លាមៗត្រូវសមត្ថកិច្ចទាក់ទងរថយន្តសាមុយមន្ទីរពេទ្យកាល់ម៉ែតមកយកជនរងគ្រោះទៅសង្គ្រោះ៕





