
ភ្នំពេញៈ ស្ត្រីជាថៅកែហាងម៉ាស្សាមួយ បានរងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ ខណៈនៅផ្ទះម្នាក់ឯង ហើយត្រូវបុរសម្នាក់ ជិះម៉ូតូកញ្ចាស់មួយគ្រឿង ចូលមកម៉ាស្សា លុះកំពុងម៉ាស្សាស្រួលខ្លួនពេក បុរសរូបនោះបានចាប់បង្ខំគាត់រួមរក្ស តែគាត់មិនព្រម ទើបគំរាមមិនឲ្យស្រែក រួចធ្វើសកម្មភាពចាប់រំលោភទាំងបង្ខំប្រតាយប្រតប់ រហូតបានសម្រេចតែម្ដង ហើយខ្លាចគាត់ស្រែក ទើបវាយបណ្តាលឲ្យខៀវភ្នែក និងមុតបំពង់កធ្ងន់ធ្ងរហូរឈាមស្រោចខ្លួន បង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់សមត្ថកិច្ចប៉ុស្តិ៍ស្ទឹងមានជ័យ៣ ចុះមកភ្លាមៗផងដែរ។
ហេតុការណ៍នេះ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១និង៤០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី៣ ខែមករា ឆ្នាំ២០១៩ នៅហាងម៉ាស្សាកោសជប់មួយកន្លែង យីហោ "99" ស្ថិតនៅតាមផ្លូវបតុង ក្នុងភូមិដំណាក់ធំ៥ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ជនរងគ្រោះឈ្មោះ ផ.ស.វ ភេទស្រី អាយុ៥១ឆ្នាំ មុខរបរបើកហាងម៉ាស្សាកោសជប់ ស្នាក់នៅកន្លែងកើតហេតុ។
តាមសម្តីជនរងគ្រោះបានឲ្យអ្នកយកព័ត៌មានដឹងថា មុនពេលកើតហេតុ រូបគាត់បាននៅផ្ទះម៉ាស្សាម្នាក់ឯង និងបើកទទួលភ្ញៀវធម្មតា ស្រាប់តែមានបុរសម្នាក់ ជិះម៉ូតូកញ្ចាស់មួយគ្រឿង ម៉ាកគុបជ្រុង គ្មានស្លាកលេខ ចូលមក រួចអោយគាត់ម៉ាស្សាធ្វើសរសៃអោយ រួចគាត់បានម៉ាស្សាអោយស្រួលខ្លួនពេក បែរជាបុរសខាងលើមានអាការៈយ៉ាងម៉េចមិនដឹងទេ ក៏ងើបមកបបួលគាត់រួមភេទតែម្ដង តែគាត់ប្រកែកមិនព្រមទេ។
ស្ត្រីរងគ្រោះបានបន្តថា បន្ទាប់មក ជនសង្ស័យក៏ធ្វើសកម្មភាពចាប់បង្ខំគាត់ រួមទាំងគំរាមមិនឲ្យគាត់ស្រែក ចាប់ច្របាច់កគាត់ ទោះជាគាត់ខំប្រឹងរើបម្រើសយ៉ាងណា ក៏មិនរួច រហូតទាល់តែរំលោភបានសម្រេច ហើយភ្លាមៗនោះគាត់បានព្យាយាមរត់ចេញមកក្រៅ ដើម្បីឲ្យអ្នកជិតខាងជួយ ទើបជនសង្ស័យស្ទុះមកចាប់គាត់វាយចំភ្នែក បណ្តាលឲ្យខៀវភ្នែក និងមុតបំពង់ក ចេញឈាមហូរស្រោចខ្លួន រួចជនសង្ស័យបានរត់គេចចេញទៅបាត់ ដោយបន្សល់ម៉ូតូចោលនៅកន្លែងកើតហេតុ បង្កការភ្ញាក់ផ្អើលឡើងដល់សមត្ថកិច្ចប៉ុស្តិ៍នគរបាលស្ទឹងមានជ័យ៣ ចុះមកដល់កន្លែងកើតហេតុផងដែរ។
ក្រោយកើតហេតុជនរងគ្រោះត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ចំណែកឯសមត្ថកិច្ចប៉ុស្តិ៍នគរបាលស្ទឹងមានជ័យ៣ ក៏បានចុះមកធ្វើការពិនិត្យ និងសាកសួរនៅចំណុចកើតហេតុផងដែរ៕





