header ads

Sponsor

ភ្នំពេញៈ ស្ត្រីម្នាក់ បានបាត់បង់ជីវិតភ្លាមៗនៅហ្នឹងកន្លែង ខណៈដែលស្ត្រីម្នាក់ទៀត រងរបួសស្រាល​ បន្ទាប់ពីជិះម៉ូតូឌុបគ្នា ពេល​បត់ឆ្លងផ្លូវ ហើយ​ត្រូវរថយន្តសាំយ៉ុង (មិនស្គាល់ស្លាកលេខ) បើកបុកពេញទំហឹង​ ខ្ទាត​ប៉ើងជិត១០០ម៉ែត្រ​ រួចបើករត់បាត់ស្រមោល បង្កឲ្យមានការភ្ញាក់ផ្អើលបងប្អូនប្រជាពលរដ្ឋក៏ដូចជាសមត្ថកិច្ចចុះអន្តរាគមន៍ភ្លាមៗ។

គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះ បានកើតមានឡើងនៅវេលាម៉ោង៩៖៣០នាទីយប់​ថ្ងៃព្រហស្បតិ៍​ ទី១៧ ខែមករា ឆ្នាំ២០១៩ នៅតាមបណ្តោយផ្លូវ៦០ម៉ែត្រ កែងផ្លូវ៣០ម៉ែត្រ ត្រង់ចំណុចមុខក្រុមហ៊ុន​លក់រថយន្ត​ Mecerdez ភូមិទួលរកា​១ ស្ថិតក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

សពស្ត្រីរងគ្រោះឈ្មោះ ស៊ឹម​ សុម៉ារ៉ា អាយុជិត៥០ឆ្នាំ​ រស់នៅក្នុងភូមិព្រែកតាគង់ (ច្រកចូលប៊ុនធឿនមាត់បឹង) ស្ថិតក្នុងសង្កាត់ចាក់អង្រែលើ​ ខណ្ឌមានជ័យ​ រាជធានីភ្នំពេញ​។

ប្រភពពីស្ត្រី ដែលរងរបួសស្រាលឈ្មោះ សារ៉េម អាយុជាង​៣០ឆ្នាំ​ ស្នាក់នៅជាមួយស្រ្តីរងគ្រោះដល់ជីវិតបានរៀបរាប់​ប្រាប់ឲ្យភ្នាក់ងារ​ ខេមប៉ុស្តិ៍​​ ឲ្យ​ដឹងថា មុនពេលកើតហេតុ រូបគាត់បានជិះម៉ូតូគុបមួយគ្រឿង ស្លាកលេខភ្នំពេញ 1AR-4903 បានឌុបស្ត្រីរងគ្រោះដែលស្លាប់ ធ្វើដំណើរតាមបណ្តោយផ្លូវ៦០ម៉ែត្រ ក្នុងទិសដៅពីជើងទៅត្បូង លុះដល់ចំណុចផ្លូវកែង៣០ម៉ែត្រ មុខក្រុមហ៊ុន​លក់រថយន្ត​ Mecerdez ជាកន្លែងកើតហេតុនោះ គាត់ស៊ីញ៉ូបត់ឆ្វេងឆ្លងទៅផ្លូវ៣០ម៉ែត្រ​ ស្រាប់តែមានរថយន្តសាំយ៉ុង​ពណ៌ស​ មួយគ្រឿង (មិនចាំស្លាកលេខ) បានបើកបរក្នុងទិសដៅពីត្បូងមកជើងវិញ ក្នុងល្បឿនយ៉ាងលឿន​ បានបុកចំពេញទំហឹង បណ្ដាលអោយពួកគាត់ទាំង២នាក់ ផ្លោងខ្ទាតធ្លាក់ពីលើម៉ូតូ ជិត១០០ម៉ែត្រ​ ចំណែកឯស្ត្រីដែលជិះពីក្រោយ បានខ្ទាតផ្លោងបោកនឹងថ្នល់ បណ្តាលឲ្យ​បាត់បង់ជីវិតភ្លាមៗនៅកន្លែងកើតហេតុតែម្តង។ ភ្លាមនោះរថយន្តបង្កបានបន្តដំណើរបើករត់គេចខ្លួនបាត់ស្រមោល ក្នុងទិសដៅពីត្បូងមកជើង​ តាមបណ្ដោយផ្លូវ៦០ម៉ែត្រ បង្កឲ្យមានការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋនៅកន្លែងកើតហេតុរាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋានចុះអន្តរាគមន៍ភ្លាមៗផងដែរ។

ក្រោយពេលកម្លាំងល្បាតប៉ុស្តិ៍ចាក់អង្រែក្រោម បានចុះមកដល់កន្លែងកើតហេតុ​ រួចរាយការណ៍ប្រាប់សមត្ថកិច្ចផ្នែកវាស់វែង​ នៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ចុះមកពិនិត្យមើលជាក់ស្ដែង​ និងយកម៉ូតូរបស់ជនរងគ្រោះទៅរក្សាទុកនៅអធិការដ្ឋានខណ្ឌមានជ័យ ដើម្បីរងចាំស្រាវជ្រាវរករថយន្តបង្កយកមកដោះស្រាយតាមផ្លូវច្បាប់។ ចំណែកសពស្ត្រីរងគ្រោះត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុសាកសួរក្រុមគ្រួសារ​ និងប្រគល់ឲ្យរថយន្តគិលានសង្គ្រោះដឹកយកទៅធ្វើបុណ្យនៅគេហដ្ឋានស្ថិតក្នុងសង្កាត់ចាក់អង្រែលើ​ ខណ្ឌមានជ័យ រាជធានីភ្នំពេញ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post