
កំពង់ឆ្នាំងៈ ជនសង្ស័យ ត្រូវបានសមត្ថកិច្ចនគរបាលស្រុកកំពង់លែង ធ្វើការឃាត់ខ្លួនបាន ក្រោយធ្វើសកម្មភាពប្លន់បានបន្តិច នៅផ្ទះវេលុយមួយកន្លែង ស្ថិតនៅក្នុងភូមិកំពង់បឹង ឃុំកំពង់ហៅ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង កាលពីវេលាម៉ោង៨៖៤០នាទីយប់ថ្ងៃទី៦ ខែមករា ឆ្នាំ២០១៩។
ប្រភពពីសមត្ថកិច្ច ដែលស្ថិតក្នុងការបង្ក្រាប បានឲ្យដឹងថា ជនសង្ស័យឈ្មោះ ផាន់ សុខភ័ស្រ្ត (ហៅជា) ភេទប្រុស អាយុ២០ឆ្នាំ ស្រុកកំណើត ភូមិទំនប់ ឃុំត្រងិល ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង បច្ចុប្បន្នរស់នៅ ភូមិខ្សាម សង្កាត់ខ្សាម ក្រុងកំពុងឆ្នាំង ខេត្តកំពង់ឆ្នាំង ត្រូវជាកូនបង្កើតឈ្មោះ ពេជ្រ ចិន្តា រស់នៅភូមិឃុំខាងលើ ម្តាយចិញ្ចឹមឈ្មោះ ផាន់ តុម អាយុ៦០ឆ្នាំ មុខរបរ ធ្វើស្រែចំការ។
អធិការនគរបាលស្រុកកំពង់លែងលោកវរសេនីយ៍ឯក ប៉ាល់ ជឿន បានអោយដឹងតាមរយៈទូស័ព្ទថា មុនពេលកើតហេតុជនល្មើសបានចូលទៅផ្ទះវេរលុយ ដោយដកកាំបិតភ្ជង់ស្រ្តីជាម្ចាស់វេរលុយឲ្យនៅស្ងៀម ហើយទាយថតតុ រួចស្រវ៉ាបានលុយដាក់ចូលថង់ខ្មៅមួយបានប្រមាណ ៧លានរៀល រួចជិះម៉ូតូម៉ាកកូរ៉េសេ១០០ ជិះរត់ទៅទិសខាងទៅកើត តាមបណ្តោយផ្លូវខេត្តលេខ៥០ C ឆ្ពោះទៅកំពង់ធំ តែអកុសល ជួនមានបងប្អូនប្រជាពលរដ្ឋឃើញស្រែកថា ចោរៗ ដេញតាមពីក្រោយ ធ្វើឲ្យជនល្មើសភ័យផ្តួលម៉ូតូ បោះកាំបិតចោល រួចរត់ចូលទៅពួនសម្ងំនៅក្រោមផ្ទះអ៊ុំស្រី ផាន់ តុម ត្រូវជាម្តាយចិញ្ចឹមរបស់ជនល្មើស នៅភូមិទំនប់ ឃុំត្រងិល ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។
លោកអធិការបន្តថា ដោយមានការចូលរួមសហការណ៍ពីអាជ្ញាធសមត្ថកិច្ចកម្លាំងប្រដាប់អាវុធយោធាកងរាជអាវុធហត្ថស្រុក និងប្រជាការពារផងនោះ ធ្វើការឡោមពទ្ធ័រហូតដល់ម៉ោងប្រមាណ១០យប់ថ្ងៃដដែល ទើបចាប់ឃាត់ខ្លួនជនល្មើសបាន និងដកហូតដាវមួយ ទូរសព្ទ័ដៃមួយ ម៉ូតូជនល្មើសជិះធ្វើសកម្មភាព និងលុយបានមកវិញចំនួន៦លាន៣០ម៉ឺនរៀលផងដែរ។
បច្ចុប្បន្នជនល្មើសត្រូវបានសមត្ថកិច្ចឃាត់ខ្លួនកំពុងធ្វើការសាកសួរស្រាវជ្រាវបន្តរកមុខសញ្ញារួមគំនិត ដើម្បីកសាងសំណុំរឿងបញ្ជូនទៅស្នងការនគរបាលខេត្តកំពង់ឆ្នាំង ចាត់ការអនុវត្តទៅតាមនីតិវិធីច្បាប់៕


