
កណ្ដាលៈ ស្ត្រីអាយុ៥៦ឆ្នាំម្នាក់ ត្រូវចោរដៃឆៅ ប្លន់សម្លាប់យកទ្រព្យសម្បត្តិ អស់ជិត៤ម៉ឺនដុល្លារ។ ហេតុការណ៍នេះ បានបង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងកាលពីវេលាម៉ោង៥ល្ងាចថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៩ ស្ថិតនៅភូមិបឹង ឃុំរកា ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។
ស្ត្រីរងគ្រោះឈ្មោះ ឈុន ទូ អាយុ៥៦ឆ្នាំ មុខរបរ មេផ្ទះ មានស្រុកកំណើតស្ថិតនៅឃុំស្រៃអំបិល ស្រុកបុទុមសាគរ ខេត្តកោះកុង។ បច្ចុប្បន្នស្នាក់នៅភូមិបឹង ឃុំរកា ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។
សម្ភាដែលបាត់បង់រួមមាន៖ លុយដុល្លារចំនួន ៣០០០០ដុល្លារ, លុយខ្មែរចំនួន២លានរៀល, ខ្សែកមាស ២តម្លឹង, ចិញ្ចៀនមាស ៥ជី, ខ្សែដៃមាស ៥ជី។
តាមសម្ដីរបស់ក្រុមគ្រួសារ បានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ ប្ដីរបស់គាត់បានត្រឡប់មកពីធ្វើការវិញ ស្រាប់តែអត់ឃើញប្រពន្ធរបស់គាត់ ភ្លាមៗនោះគាត់បានហៅពីរទៅបីដងតែអត់តបវិញសោះ ហើយទ្វារផ្ទះបើកចំហទៀត។ គាត់(ប្ដី) ក៏មិនចាំអារម្មណ៍ដែរ ហើយគាត់បានចូលទៅក្នុងផ្ទះ ដើម្បីទុកសម្ភារៈមួយចំនួន រួចក៏ដើរចេញមកវិញ ដើម្បីទៅកាត់សក់ តែពេលទៅដល់ផ្ទះជាង ជាងថារវល់ ភ្លាមៗនោះគាត់បានធ្វើដំណើរត្រឡប់មកផ្ទះវិញ គាត់បានស្រែកហៅប្រពន្ធម្ដងទៀត តែនៅតែមិនឃើញ ក៏បានដើររកជុំវិញផ្ទះនៅតែអត់ឃើញ ហើយទ្វារផ្ទះនៅតែចំហដដែល។
ក្រុមគ្រួសារ បានបន្តថា មួយសន្ទុះក្រោយមកគាត់បានដើរចូលទៅក្នុងផ្ទះ ហើយបើកទ្វារបន្ទប់ដើរចូល ស្រាប់តែឃើញប្រពន្ធរបស់គាត់បានដេកស្លាប់នៅពីមុខទូលុយយ៉ាងអាណោចអាធ័ម ភ្លាមៗនោះគាត់បានស្រែកឆោឡោឲ្យអ្នកជិតខាងជួយប្រពន្ធគាត់ផង ព្រោះប្រពន្ធរបស់គាត់បានបាត់បង់បាត់ទៅហើយ ចំណែកឯទូដាក់លុយ និងគ្រឿងអលង្ការមួយចំនួន ត្រូវបានបាត់បង់គ្មានសល់ឡើយ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់កន្លែងកើតហេតុរួចបានធ្វើការទាក់ទងទៅសមត្ថកិច្ចជំនាញ ដើម្បីចុះមកធ្វើកោសល្យវិច័យនឹងប្រគល់សាកសពទៅឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។ ចំណែកជនសង្ស័យសមត្ថកិច្ចកំពុងតែធ្វើការស្រាវជ្រាវនិងតាមចាប់ខ្លួនយកមកផ្ដន្ទាទោសទៅតាមផ្លូវច្បាប់៕




