header ads

Sponsor

ភ្នំពេញៈ នាពេលថ្មីៗនេះ សហគមន៍អន្តរជាតិ ដែលជាមហាអំណាចលើពិភពលោក រួមមាន សហភាពអឺរ៉ុប (EU) និងសហរដ្ឋអាមេរិក បានទាមទារឲ្យរាជរដ្ឋាភិបាលកម្ពុជា បំពេញលក្ខខ័ណ្ឌសំខាន់ៗ បើមិនចង់ទទួលទណ្ឌកម្មនោះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានឆ្លើយតបវិញថា ប្រសិនបើដាក់ទណ្ឌកម្មកម្ពុជា ពិតមែននោះ គឺជាការវាយសម្លាប់អតីតគណបក្សសង្គ្រោះជាតិទៅវិញទេ ដូច្នេះសូមកុំមកគំរាម និងប្រដៅកម្ពុជា បន្ដទៀត ព្រោះកម្ពុជា អត់ពីពួកគេទៅក៏មិនស្លាប់ដែរ ដោយសេដ្ឋកិច្ឋកម្ពុជា នៅតែបន្តដើរទៅមុខជានិច្ច ហើយបើគ្មានដង្ហើមពួកគេ គឺកម្ពុជា ដកដង្ហើមដោយខ្លួនឯង មិនទៅខ្ចីនោះទេ។

គណបក្សសង្រ្គោះជាតិ ត្រូវបានរំលាយកាលពីចុងឆ្នាំ២០១៧ ដោយសារលោក កឹម សុខា ប្រធានអតីតគណបក្ស បានពាក់ព័ន្ធអំពើក្បត់ជាតិ ក្រោយពីការរំលាយមន្រ្តីគណបក្សនេះទាំង១១៨រូប បានសិទ្ធិធ្វើនយោបាយ៥ឆ្នាំ ហើយក៏មានមួយចំនួនជាប់បណ្តឹង និងរត់គេចខ្លួនទៅក្រៅប្រទេសផងដែរ។

នាយករដ្ឋមន្ដ្រី បានលើកឡើងបែបនេះ បន្ទាប់ពីលោក សម រង្ស៊ី ថ្លែងតាមរយៈបណ្ដាញសង្គមហ្វេសប៊ុកថា EU ទាមទារឲ្យរាជរដ្ឋាភិបាលកម្ពុជា ត្រូវបំពេញលក្ខខ័ណ្ឌ២ចំណុចសំខាន់ជាងគេ បើមិនចង់ទទួលទណ្ឌកម្មពាណិជ្ជកម្មពី EU រួមមាន ទី១-ផ្តល់សិទ្ធិធ្វើនយោបាយឡើងវិញ ឲ្យទៅមន្ត្រីគណបក្សសង្គ្រោះជាតិ ទាំង១១៨រូប និងទី២-សងតំណែងដែលយកពីសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ ជាប់ឆ្នោតមកពីគណបក្សសង្គ្រោះជាតិ ឲ្យទៅសាម៉ីខ្លួនវិញ។

EU ប្រកាសថា នឹងបន្តនីតិវិធីរបស់ខ្លួន ដើម្បីធ្វើការដកប្រព័ន្ធអនុគ្រោះពន្ធលើទំនិញគ្រប់មុខរបស់កម្ពុជា លើកលែងតែគ្រឿងសព្វាវុធ ហៅកាត់ថា (EBA) ក្រោយ EU បានដាក់សំណើមួយចំនួនមកកាន់រាជរដ្ឋាភិបាល ឲ្យកែប្រែស្ថានភាពនយោបាយនៅកម្ពុជា។ ក្នុងនោះ EU ទុករយៈពេល១២ខែ ឲ្យកម្ពុជា ក្នុងការតាមដាននីតិវិធីដកការអនុគ្រោះពន្ធពីកម្ពុជា ទៅសហភាពអឺរ៉ុប។

សម្រាប់អាមេរិកវិញ ត្រូវបានលោក Ted Cruz និងលោក Chris Coons សមាជិកព្រឹទ្ធសភាអាមេរិក ដាក់ស្នើសេចក្តីព្រាងច្បាប់ថ្មីមួយ កាលពីថ្ងៃទី៩ ខែមករា ដើមឆ្នាំនេះ ដែលមានឈ្មោះថា “ច្បាប់ពាណិជ្ជកម្មកម្ពុជាឆ្នាំ២០១៩‍” ដើម្បីតម្រូវឲ្យរដ្ឋបាលលោកប្រធានាធិបតី ដូណាល់ ត្រាំ ធ្វើការពិនិត្យមើលឡើងវិញ នូវប្រព័ន្ធអនុគ្រោះពន្ធទៅ (GSP) ដែលអាមេរិក បានផ្ដល់ឲ្យកម្ពុជា តាំងពីឆ្នាំ១៩៩៧។

សម្រាប់ករណីនេះ អតីតអ្នកនាំពាក្យគណបក្សសង្រ្គោះជាតិ លោក យ៉ែម បុញ្ញឬទ្ធិ បានលើកឡើងថា បើរាជដ្ឋាភិបាលកម្ពុជា នៅតែរក្សាបាននូវប្រព័ន្ធអនុគ្រោះពន្ធ (EBA) ពីសហភាពអឺរ៉ុប (EU) និងប្រព័ន្ធអនុគ្រោះពន្ធទៅ (GSP) ដែលផ្តល់ដោយអាមេរិក បានដដែលនោះ នឹងនាំឲ្យកម្ពុជា ចៀសផុតពីបញ្ហាប្រឈមនានាជាច្រើន។

ក្នុងពិធីបើកការដ្ឋានសាងសង់ផ្លូវក្រវាត់ក្រុងទី៣ កាត់តាមភ្នំពេញ និងខេត្តកណ្តាល (ផ្លូវជាតិ៤-ផ្លូវជាតិ១) នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៩ សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា មិនចាំបាច់មកគំរាមកម្ពុជាទៀតទេ។

សម្ដេចមានប្រសាសន៍ថា “ប៉ុន្ដែសូមកុំភ្លេចថា អ្នកក៏មិនចាំបាច់មកប្រដៅខ្ញុំទៀតទេ ដោយសារអ្នកបាន ជ្រុលដាក់ទណ្ឌកម្មខ្ញុំហើយ អ្នកក៏គ្មានសិទ្ធិ ដើម្បីនិយាយប្រដៅខ្ញុំរឿងសិទ្ធិមនុស្ស ឬប្រជាធិតេយ្យអីដែរ អត់ទេ ហើយខ្ញុំចង្អុលបង្ហាញថា បើសិនអ្នកឯងដាក់ទណ្ឌកម្មខ្ញុំ ស្មើនឹងវៃសម្លាប់បក្សប្រឆាំងនៅកម្ពុជា”

សម្ដេចបន្ដថា កុំមកប្រមាថ និងកុំព្រមានចំពោះកម្ពុជា ឲ្យសោះ មិនអាចយកឯករាជ្យ អធិបតេយ្យភាពកម្ពុជា ទៅដោះដូរជាមួយជំនួយអ្នកណាទេ។ បើកម្ពុជា មិនអាចអនុវត្តច្បាប់ខ្លួនឯងបាន ក៏មិនចាំបាច់ថា មានឈ្មោះរដ្ឋអធិបតេយ្យភាព ហើយមិនចាំបាច់ថា មានឈ្មោះជាសមាជិកអង្គការសហប្រជាជាតិដែរ។

ជាមួយគ្នា សម្ដេច ចំអកចំអនថា ល្បែងគំរាមដកអនុគ្រោះពន្ធ ល្មមឈប់ហើយ នៅលើពិភពលោក គេមិនចង់ឮទៀតនោះទេ។ សម្ដេច ធ្លាប់ដឹកនាំសេដ្ឋកិច្ចនៅក្នុងពេលគេហ៊ុំព័ទ្ធទាំងនយោបាយ សេដ្ឋកិច្ច ក៏ប៉ុន្ដែបានខិតខំចម្លងប្រជាជនតាំងពី៥លាននាក់ ទៅដល់១៦លាននាក់ នាពេលបច្ចុប្បន្ន។

ជាមួយគ្នានេះ នាយករដ្ឋមន្ដ្រីបន្តថា “ពិតហើយ យើងមិនចង់ធ្វើសត្រូវជាមួយអ្នកណាទាំងអស់ យើងចង់ពង្រឹងមិត្តភាពនៅលើពិភពលោក ក៏ប៉ុន្ដែសូមមិត្តភាពស្គាល់អ្នកឲ្យច្បាស់ កុំឲ្យប្រព្រឹត្តិនូវកំហុស ដែលយកប្រជាជន១៦លាននាក់ ទៅបម្រើឲ្យគោលដៅរបស់គេ ដើម្បីបំផ្លាចបំផ្លាញកម្ពុជា”

សម្ដេចតេជោ បន្ថែមថា ដូច្នេះពួកអ្នកមានទោសទាំងប៉ុន្មាន ក៏ត្រូវបន្ដទោសទៀតដែរ។ សម្ដេចផ្ដាំផ្ញើទៅក្រុមអតីតបក្សប្រឆាំង ដែលមានទោសបានរត់ទៅប្រទេសថៃផងដែរ។

សម្ដេចនាយករដ្ឋមន្រ្តី អះអាងថា “អាអ្នកដែលទៅអំពាវអំនាវ ឲ្យបរទេសកាត់ជំនួយ អ្នកឯងរង់ចាំមើល តើជោគវាសនាយ៉ាងម៉េច? ខ្ញុំនិយាយត្រង់ៗចឹង បានសេចក្ដីថា យើងក៏រង់ចាំជំហ៊ានគេដែរ ហើយកុំអាងអីហៅមីស៊ីល ធ្លាប់ហៅមីស៊ីលបាញ់ចូលផ្ទះខ្ញុំ បាញ់ចូលប្រទេស វាអាក្រក់ប៉ុណ្ណឹង រឿងអីយើងអត់អោនឲ្យវា”

យោងតាមបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុកលោក យ៉ែម បុញ្ញឬទ្ធិ នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៩នេះ បានឲ្យដឹងថា ផលចំណេញដែលកម្ពុជា ទទួលបានគឺប្រព័ន្ធអនុគ្រោះពន្ធ EBA ពីសហភាពអឺរ៉ុប និង GSP ពីអាមេរិក ដែលជាចំណែកមួយយ៉ាងសំខាន់ ក្នុងការជួយពង្រឹងសមត្ថភាពប្រកួតប្រជែងរបស់កម្ពុជា។

លោកបន្តថា “យើងគួរនាំគ្នាគិតថា បើរក្សាបាននូវប្រព័ន្ធអនុគ្រោះពន្ធនេះ វានឹងអាចនាំឲ្យចៀសផុតពីបញ្ហានានា ដែលអាចកើតមានជាយថាហេតុ នាំឲ្យមានឱកាសរៀបចំផែនការមេសំខាន់ៗ សម្រាប់ប្រជាជាតិយើង ជាមួយភាពប្រាកដនិយម-ចក្ខុវិស័យវែងឆ្ងាយ និងអាចចំណេញពេល១០-២០ឆ្នាំ យ៉ាងតិចក្នុងវិស័យពាណិជ្ជកម្ម សេដ្ឋកិច្ច”

អតីតអ្នកនាំពាក្យសង្កត់ធ្ងន់ថា កម្ពុជា នឹងអាចរក្សាបាន ប្រសិនបើមានសុច្ឆន្ទៈក្នុងការអនុវត្តលទ្ធិប្រជាធិបតេយ្យពិតប្រាកដ ហើយផលចំណេញបានដល់ប្រជាជាតិទាំងមូល ដោយការទុកចិត្តគ្នារវាងខ្មែរ និងខ្មែរ ការដោះលែងលោក កឹម សុខា និងការគោរពផ្ដល់តម្លៃគ្នាទៅវិញទៅមក ហើយលុបបំបាត់វប្បធម៌លាបពណ៌ មួលបង្កាច់ជេរប្រមាថ ដែលនាំឲ្យមានការបែកបាក់ដល់សង្គមជាតិ។

សូមរំឭកថា ក្រោយពីប្រទេសលោកខាងលិច ជាពិសេសសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប ដែលមាននិន្នាការប្រឆាំងរាជរដ្ឋាភិបាលទីក្រុងភ្នំពេញ បណ្ដាក់គ្នាគ្រោងដាក់គំនាបផ្នែកសេដ្ឋកិច្ចលើប្រទេសកម្ពុជានោះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានដាក់ចេញវិធានការធ្វើកំណែទម្រង់ស្ថាប័នពាក់ព័ន្ធ នៅតាមច្រកព្រំដែន ដែលជាកន្លែងនាំចេញនាំចូលដ៏សំខាន់ ដើម្បីសម្រួលការលំបាករបស់ពាណិជ្ជករ ធ្វើយ៉ាងណាធានាឲ្យសេដ្ឋកិច្ចកម្ពុជា រស់ដោយឯករាជ្យ មិនពឹងផ្អែកលើការអនុគ្រោះពន្ធពីអន្តរជាតិ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post