
ភ្នំពេញៈ ស្ត្រីជនជាតិចិនម្នាក់ ហៅកង់បី Pass App ឡើងជិះចេញបាន៥០ម៉ែត្រ ស្រាប់តែមានបុរសជនជាតិចិនម្នាក់ បើករថយន្តមកស្ទាក់ពីមុខ ហើយឈ្លោះប្រកែកគ្នា រួចបុរសជនជាតិចិននោះ ឡើងបើករថយន្តបំបុកកង់បី Pass App ដោយមិនដឹងមូលហេតុ បង្កការភ្ញាក់ផ្អើលដល់អ្នកជិតខាង រាយការណ៍ប្រាប់សមត្ថកិច្ចឲ្យជួយអន្តរាគមន៍ទាំងយប់។
ហេតុការណ៍នេះ បង្កឲ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៤៖០៥នាទីទៀបភ្លឺឈានចូលថ្ងៃអង្គារ៍ ទី១៥ ខែមករា ឆ្នាំ២០១៩ នៅត្រង់ចំណុចខាងត្បូងវិទ្យាល័យបាក់ទូក លើផ្លូវ១៦៤ កែងផ្លូវ១៦៩ ស្ថិតក្នុងសង្កាត់អូរឫស្សីទី២ ខណ្ឌ៧មករា រាជធានីភ្នំពេញ។
បើតាមសម្ដីបុរសម្ចាស់រ៉ឺម៉ក បានរៀបរាប់ប្រាប់ភ្នាក់ងារ “ខេមប៉ុស្តិ៍” ឲ្យដឹងថា មុនពេលកើតហេតុ រូបគាត់កំពុងបើករ៉ឺម៉កកង់បី Pass App តែម្នាក់ឯង លុះមកដល់ចំណុចផ្លូវ១៦៩ កែងផ្លូវ១៦៤ ស្រាប់តែមានស្ត្រីជនជាតិចិនម្នាក់ ស្រែកហៅគាត់ឲ្យឈប់ រួចប្រាប់ថា ទៅ Naga ហើយក៏ឆ្លើយ OK ទើបស្ត្រីរូបនោះ ឡើងមកអង្គុយលើកង់បីរបស់គាត់ រួចគាត់ក៏បើកចេញទៅតាមបណ្ដោយផ្លូវ១៦៤ ទិសដៅលិចទៅកើត បានប្រហែលជាង៥០ម៉ែត្រ ស្រាប់តែឃើញមានបុរសជនជាតិចិនម្នាក់ បើករថយន្ត TOYOTA PRIUS ពណ៌សមួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ 2AV-9454 ក្នុងល្បឿនយ៉ាងលឿនតាមពីក្រោយ រួចកាច់ចង្កូតមកស្ទាក់ពីមុខរ៉ឺម៉កកង់បី Pass App របស់គាត់ ដោយមិនដឹងមូលហេតុ រួចចុះមកស្រែកដាក់ស្ត្រីជនជាតិចិននោះ នាងក្រវីក្បាល ហើយក៏ឈ្លោះប្រកែកគ្នាតែម្ដង។
ម្ចាស់រ៉ឺម៉ក បន្តថា បន្ទាប់មកបុរសជនជាតិចិននោះ បានឡើងបើករថយន្តថយក្រោយបានប៉ុន្មានម៉ែត្រ ក៏ទៅប៉ះជាមួយខឿនចិញ្ចើមខាងក្រោយ រួចជាន់ហ្គែលបើកមកមុខវិញ សំដៅមកបំបុករ៉ឺម៉កកង់បី Pass App របស់គាត់លាន់ប្រ៉ាវ រួចចុះមកស្រែកឡូឡា ជាមួយស្ត្រីជនជាតិចិនម្នាក់ ដែលកំពុងអង្គុយលើកង់បី ទើបធ្វើឲ្យនាងស្រែកតបវិញ (ដោយមិនដឹងនិយាយអ្វីខ្លះនោះទេ) ក៏បង្កការភ្ញាក់ផ្អើលដល់អ្នកជិតខាងរាយការណ៍ប្រាប់ឲ្យសមត្ថកិច្ចប៉ុស្តិ៍អូរឫស្សីទី២ ចុះអន្តរាគមន៍ផងដែរ។
លុះពេលសមត្ថកិច្ចមកដល់កន្លែងកើតហេតុ បានទាក់ទងទៅសមត្ថកិច្ចផ្នែកវាស់វែង នៃអធិការនគរបាលខណ្ឌ៧មករា ចុះមកធ្វើការវាស់វែង រថយន្ត និងរ៉ឺម៉ក រួចអោយភាគីទាំងសងខាងដោះស្រាយគ្នាមួយជំហានទៀតសិន ហើយបុរសជនជាតិចិននោះ បានតេទូរស័ព្ទទៅមិត្តភក្តិ មួយសន្ទុះក្រោយមក មានបុរសជនជាតិចិន២នាក់ទៀត ជិះម៉ូតូកូនទា ឌុបគ្នាមកកន្លែងកើតហេតុ រួចតេទូរស័ព្ទទៅអ្នកបកប្រែឲ្យនិយាយជាមួយសមត្ថកិច្ច រួចសមត្ថកិច្ចរៀបរាប់ប្រាប់ពីរឿងហេតុអោយបានដឹង រួចហុចទូរស័ព្ទអោយជនជាតិចិននោះនិយាយវិញ ក្រោយពីបិទទូរស័ព្ទជនជាតិចិននោះ បានដកលុយ៧០ដុល្លារ ទៅអោយម្ចាស់រ៉ឺម៉កកង់បី ទុកជួសជុលការខូចខាតបន្តិចបន្តួចនោះ។ ដោយសារតែមិនចង់វែងឆ្ងាយ ម្ចាស់កង់បីក៏ព្រមទទួលទុក ដើម្បីបញ្ចប់រឿង នៅចំពោះមុខក្រុមអ្នកសារព័ត៌មាន និងសមត្ថកិច្ចផងដែរ។
ក្រោយសងរួច ស្ត្រីជនជាតិចិននោះ មិនចង់ត្រឡប់ទៅជាមួយជនជាតិចិនទាំង៣នាក់នោះទេ ហើយបានអង្គុយនៅលើកង់បី ឈ្លោះប្រកែកគ្នាជិត២០នាទីទៀត ទើបធ្វើឲ្យបុរសជនជាតិចិនជាអ្នកបើករថយន្ត បានឡើងជិះម៉ូតូកូនទាចេញទៅបាត់ ហើយមិនដឹងថា មូលហេតុអ្វីនោះទេ ព្រោះសុទ្ធតែជនជាតិចិន និងមិនមានអ្នកណាចេះបកប្រែ តែមួយសន្ទុះក្រោយមក នាងព្រមឡើងរថយន្ត រួចបើកចេញបាត់ទៅតែម្ដង៕









