
កណ្ដាលៈ បុរស២នាក់ បានរងរបួសធ្ងន់ ដោយគាបជាប់ក្នុងកាប៊ីនរថយន្ត ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តកាមរីឆ្លាមមួយគ្រឿង បើកទៅបុកបញ្ឆិតពីមុខរថយន្តកុងតឺន័រមួយគ្រឿងទៀតពេញទំហឹង បណ្ដាលឲ្យរថយន្តឆ្លាមរួញជាប់កាប៊ីនមុខ ខ្ទេចផ្នែកខាងមុខស្ទើរទាំងស្រុង ចំណែករថយន្តកុងតឺន័របានផ្ទុះកង់ក្រោយខាងឆ្វេងចំនួន៣ និងដាច់កង់ចេញពីរថយន្តអស់១ ខ្ទាតនៅក្បែរកន្លែងកើតហេតុ រីឯទូកុងតឺន័រផ្ទុកខ្លាញ់ត្រី រលំធ្លាក់ទៅចំកន្លែងលក់ទឹកអំពៅ ហូរហៀរខ្លាញ់ត្រីពេញផ្លូវ។
គ្រោះថ្នាក់ចរាចរណ៍ដ៏សាហាវនេះ បានកើតមានឡើងកាលពីវេលាម៉ោង២៖៤០នាទីទៀបភ្លឺ ឈានចូលថ្ងៃសុក្រ ទី៤ ខែមករា ឆ្នាំ២០១៩នេះ នៅលើកំណាត់ផ្លូវជាតិលេខ១ ត្រង់ចំណុចមុខផ្សារគគីរ ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល។
អ្នកបើកបររថយន្ត ដែលគាបជាប់ក្នុងកាប៊ីនឈ្មោះ យ៉ង ម៉ាច ភេទប្រុស អាយុជាង៣៥ឆ្នាំ មុខរបរធ្វើការនៅកំពង់ផែ មានទីលំនៅឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្ដាល។ រីឯអ្នករួមដំណើរ មិនទាន់ស្គាល់អត្តសញ្ញាណទេ។ ចំណែកអ្នកបើកបររថយន្តកុងតឺន័រ ក៏មិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយ ហើយត្រូវបានសមត្ថកិច្ចឃាត់ខ្លួន។
អ្នកឃើញហេតុការណ៍ផ្ទាល់បានប្រាប់ភ្នាក់ងារ ខេមប៉ុស្តិ៍ ដឹងថា មុនពេលកើតហេតុ គេឃើញរថយន្តកាមរីឆ្លាមមួយគ្រឿង ពណ៌ស្ករ ពាក់ស្លាកលេខភ្នំពេញ 2K-7730 បើកបរក្នុងទិសដៅមកលិចមកកើត ក្នុងល្បឿនយ៉ាងលឿន លុះដល់ចំណុចកើតហេតុមុខផ្សារគគីរ ដែលជាចំណុចផ្លូវកោង ស្រាប់តែមានរថយន្តកុងតឺន័រមួយគ្រឿង ក្បាលពណ៌ស សណ្ដោងកន្ទុយដឹកទូកុងតឺន័រ បើកក្នុងទិសដៅបញ្ច្រាសគ្នា ពេលនោះស្រាប់តែរថយន្តកាមរីឆ្លាម បានបើកទៅបុកចំបញ្ឆិតពីមុខរថយន្តកុងតឺន័រ រួចខ្ទាតទៅបុកពាក់កណ្ដាលរថយន្តកុងតឺន័រទៀត បណ្ដាលឲ្យរថយន្តឆ្លាមរួញជាប់កាប៊ីន ខ្ទេចផ្នែកខាងមុខស្ទើរទាំងស្រុង និងបណ្ដាលឲ្យបុរស២នាក់ (ម្នាក់ជាអ្នកបើក និងម្នាក់ជាអ្នករួមដំណើរ) រងរបួសធ្ងន់បោកនឹងកញ្ចក់ ឈាមហូរជោកខ្លួន ហើយគាបជាប់ក្នុងកាប៊ីនរថយន្ត ចំណែករថយន្តកុងតឺន័រ បានផ្ទុះកង់ក្រោយខាងឆ្វេងចំនួន៣ និងដាច់កង់ចេញពីរថយន្តអស់១ ខ្ទាតនៅក្បែរកន្លែងកើតហេតុ រីឯទូកុងតឺន័រផ្ទុកខ្លាញ់ត្រី បានរលំធ្លាក់សង្កត់លើតូបលក់ទឹកអំពៅ ហូរហៀរខ្លាញ់ត្រីពេញផ្លូវ ពេលនោះរថយន្តកុងតឺន័រ មិនទាន់អស់ល្បឿន បានបន្តទៅមុខប្រហែលជាង១០០ម៉ែត្រទៀតទើបឈប់ ហើយក៏ត្រូវប្រជាពលរដ្ឋឃាត់ខ្លួនតៃកុងរថយន្តកុងតឺន័របានភ្លាមៗ រួចទាក់ទងប្រគល់ឲ្យសមត្ថកិច្ចនៅកន្លែងនោះផងដែរ។
ចំណែកបុរសពីរនាក់ ដែលជាប់ក្នុងកាប៊ីនរថយន្តកាមរីឆ្លាមនោះ ត្រូវបានកម្លាំងប្រជាពលរដ្ឋសហការជាមួយនឹងកម្លាំងសមត្ថកិច្ចនាំគ្នាជួយគាស់យកចេញមកខាងក្រៅបានម្នាក់ ហើយក៏បានទាក់ទងទៅកាន់រថយន្តសង្គ្រោះមន្ទីរពេទ្យបង្អែកស្រុកកៀនស្វាយមកដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យកាល់ម៉ែត។ ចំណែកអ្នកបើកបរម្នាក់ទៀតនៅជាប់ក្នុងកាប៊ីនរថយន្ត ត្រូវបានប្រជាពលរដ្ឋ ក៏ដូចជាសមត្ថកិច្ចនាំគ្នាជួយគាស់យកជាង២ម៉ោងនៅមិនទាន់យកចេញបាន រហូតមានក្រុមគ្រូពេទ្យបង្អែកស្រុកកៀនស្វាយ ចុះមកដល់កន្លែងកើតហេតុ ជួយដាក់សេរ៉ូមកម្លាំងឲ្យអ្នករបួស និងបន្តការជួយគាស់យកអ្នកគាបជាប់ក្នុងកាប៊ីនដដែល។ ឃើញស្ថានភាពកាន់តែលំបាកយកមនុស្សចេញមកក្រៅ ទើបក្រុមអ្នកយកព័ត៌មានបានទាក់ទងហៅក្រុមសង្គ្រោះ៧១១ នៃកងពលតូចលេខ៧០ ចេញរថយន្តកាត់ដែក និងរថយន្តសង្គ្រោះបន្ទាន់ មកជួយអន្តរាគមន៍ផង ព្រោះជាង២ម៉ោងហើយ នៅមិនទាន់យកមនុស្សចេញបានទេ។
បន្ទាប់ពីទទួលដំណឹងភ្លាម មេបញ្ជាការរងកងពលតូចលេខ៧០ បានបញ្ជាឲ្យក្រុមសង្គ្រោះ៧១១ ចេញរថយន្តកាត់ដែកពីបន្ទាយកងពលតូចលេខ៧០ នៅតាមផ្លូវជាតិលេខ៣ ខណ្ឌពោធិ៍សែនជ័យ ឲ្យទៅចំណុចកើតហេតុមុខផ្សារគគីរ ស្រុកកៀនស្វាយ ដើម្បីជួយសង្គ្រោះកាត់ដែកយកមនុស្សចេញ តែខណៈពេលមកដល់ហួសវិទ្យាល័យព្រែកឯង ជិតដល់កន្លែងកលតហេតុហើយ ស្រាប់តែជនរងគ្រោះត្រូវបានប្រជាពលរដ្ឋ និងសមត្ថកិច្ចជួយទាញយកចេញមកក្រៅបាន ទើបក្រុមសង្គ្រោះត្រឡប់ទៅបន្ទាយវិញ។
ក្រោយកើតហេតុកម្លាំងសមត្ថកិច្ចវាស់វែងនៃស្រុកកៀនស្វាយ បានចុះមកដល់កន្លែងកើតហេតុ ដើម្បីធ្វើការវាស់វែងយករថយន្តទាំងពីរគ្រឿង ទៅរក្សាទុករង់ចាំធ្វើការដោះស្រាយទៅតាមផ្លូវច្បាប់ផងដែរ។
ជាមួយគ្នានេះលោកឧត្តមសេនីយ៍ទោ សូយ ណារិទ្ធ មេបញ្ជាការរងកងពលតូចថ្មើរជើងលេខ៧០ បានមានប្រសាសន៍ប្រាប់ភ្នាក់ងារ ខេមប៉ុស្តិ៍ ដឹងថា បើសិនជាបានជួបហេតុការណ៍គ្រោះថ្នាក់ និងគាបជាប់មនុស្សបែបនេះ សូមប្រញាប់ទាក់ទងទៅកាន់ពួកគាត់ឲ្យបានលឿនជាងនេះ ពួកគាត់នឹងចេញអន្តរាគមន៍ជួយសង្គ្រោះ ២៤ម៉ោង តាមរយៈលេខប្រចាំបញ្ជា (២៤ម៉ោង) តាមរយៈលេខ 016700700 ។
សូមបញ្ជាក់ថា ជារៀងរាល់ថ្ងៃ កងអនុសេនាធំចល័ត សង្គ្រោះបន្ទាន់៧១១ ឬហៅកាត់ថា (ក្រុមសង្រ្គោះបន្ទាន់៧១១ - RRC 711) បានដាក់កម្លាំងឈរជេីង ប្រចាំការ (២៤ម៉ោងលើ២៤ម៉ោង) ចំនួន ៣គោលដៅដូចជា ៖ គោលដៅទី១ : នៅភូមិព្រៃព្រីងត្បូង សង្កាត់ចោមចៅទី៣ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។ គោលដៅទី២ : នៅ DN ក្នុងបរិវេណអគ្គបញ្ជាការកងទ័ព ភ្នំពេញ និងលេខប្រចាំបញ្ជា 016700700 ។ គោលដៅទី៣ : គឺនៅសាលាមិត្តភាពកម្ពុជាជប៉ុន ភូមិ៣ សង្កាត់លេខ១ ក្រុងកំពង់សោម ខេត្តព្រះសីហនុ។ បងប្អូនប្រជាពលរដ្ឋអាចទាក់ទងហៅឡានសង្រ្គោះបន្ទាន់បានតាមរយៈលេខទូរស័ព្ទ 096 925 4440 / 088 777 1115 ។
ឧត្តមសេនីយ៍ទោ សូយ ណារិទ្ធ បានបញ្ជាក់ទៀតថា រាល់ការចេញជួយសង្គ្រោះ (ទាំងសង្គ្រោះបន្ទាន់ ទាំងអគ្គិភ័យ) គឺមិនគិតថ្លៃសេវាកម្មអ្វីទាំងអស់៕

















