
កាលពីចុងខែធ្នូ ឆ្នាំ២០១៨ កន្លងទៅ ក្រុមការងារ១០០រាត្រីដែលជាកូនសិស្សសពលោកបណ្ឌិត កែម ឡី បានបង្ហាញរបាយការណ៍មួយតាមរយៈវិដេអូឃ្លីប ដោយអះអាងថាកម្ពុជាបានបាត់ដីរាប់រយហិកតាទៅភាគីវៀតណាម នៅតំបន់ជំពុះទា ត្រង់ចន្លោះបង្គោលព្រំដែនលេខ ១៩៤ ដល់ ១៩៩ ស្ថិតក្នុងឃុំចន្ទ្រា ស្រុកចន្ទ្រា ខេត្តស្វាយរៀង។
បន្ទាប់ពីចេញរបាយការណ៍នេះ លោក សុខ ទូច ប្រធានរាជ្យបណ្ឌិតសភាកម្ពុជា បានព្រមានតាមរយៈបទសម្ភាសន៍ជាមួយវិទ្យុ VOD ថាកុំយកអារម្មណ៍ទៅប្រើដើម្បីឱ្យគេស្គាល់ ដើម្បីចង់ល្បី បើគ្មានបច្ចេកទស គ្មានវិជ្ជាជីវៈ ប្រយ័ត្នជាប់គុក។ ចំណែកឯ លោក វ៉ា គឹមហុង ប្រធានគណៈកម្មាធិការទទួលបន្ទុកកិច្ចការព្រំដែន ព្រមានថាប្រយ័ត្នជាប់គុកឬរត់ចោលស្រុក។
ក្រុមការងារ១០០រាត្រី អះអាងអាជ្ញាធរបញ្ជូនសមត្ថកិច្ចតាមដាន និងឃ្លមមើលគ្រប់សកម្មភាព ទាំងនៅតាមផ្លូវ ហាងកាហ្វេ ជាដើម។ សមាជិកក្រុមការងារ១០០រាត្រី លោក ស៊ិន ពិសិទ្ធ មានការសោកស្តាយនៅពេលដែលយុវជនឈឺឆ្អាលរឿងព្រំដែន ការពារប្រយោជន៍ជាតិ មិនទទួលបានការលើកទឹកចិត្ត តែបែរជាទទួលបានការគំរាមកំហែងទៅវិញ។

លោក មួង សូនី ប្រធានសមាគមសម្ព័ន្ធនិស្សិតបញ្ញវន្ត និងជាសមាជិកម្នាក់របស់ក្រុមការងារ១០០រាត្រី បានសរសេរក្នុងហ្វេសប៊ុកថា៖ មុនជាប់គុក ឬរត់ចោលស្រុក ខ្ញុំព្រះករុណាខ្ញុំសូមសួរទៅឯកឧត្តម សុខទូច និងឯកឧត្តមវ៉ា គឹមហុង ថាបង្គោលសម័យដែលបារាំងបោះក្នុងឆ្នាំ១៨៧០ ដល់ឆ្នាំ១៨៧៣ ចំនួន១២៤ដែលខណ្ឌរវាងកម្ពុជាក្រោម និងកម្ពុជានៅឯណា ហេតុអ្វីបង្គោលថ្មីដែលបោះគ្មានឃើញបង្គោលចាស់នៅក្បែរ?សូមឯកឧត្តមកំខឹង និងអាចឆ្លើយនិងសំនួរខ្ញុំបាទ។ សូមជួបតែសុភម្គល
ទោះជាយ៉ាងណាក៏ដោយ ក្រុមការងារ១០០រាត្រី ប្រកាសជំហរពុះពារបន្តបេសកម្មរបស់សពលោកបណ្ឌិត កែម ឡី ទោះបីជាមានការគំរាមកំហែងយ៉ាងណាក៏ដោយ។
សូមបញ្ជាក់ថា កម្ពុជា និងវៀតណាម មានព្រំដែនគោករួមគ្នាប្រវែង ១ ២៧០ គីឡូម៉ែត្រ។