
ភ្នំពេញៈ ជីវិតមនុស្សនៅលើដងផ្លូវពិតជាប្រឈមនឹងគ្រោះថ្នាក់ខ្លាំងណាស់ ស្ទើរតែក្លាយជាទម្លាប់របស់អ្នកលោកអ្នកបើកបររថយន្តគ្រប់ប្រភេទ ដែលបង្កគ្រោះថ្នាក់តាមដងវិថីនានា ក្នុងពេលរាត្រី ហើយព្យាយាមបើករត់បាត់នេះ បើប៉ះលើគ្រួសារអ្នកវិញ អ្នកមានអារម្មណ៍ក្តុកក្តួល និងតក់ស្លុតបែបណា? ពិតជារន្ធត់ណាស់ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយ ដែលបង្កឡើងដោយរថយន្តកុងតឺន័រមួយគ្រឿងបានបើកបុកម៉ូតូ ស្កុបពីពេញទំហឹងបណ្តាលឲ្យម្ចាស់ម៉ូតូ ពីរនាក់ប្ដីប្រពន្ធខ្ទាត ចូលទៅក្រោមកង់រថយន្តកិន ស្លាប់ភ្លាមនៅនឹងកន្លែងតែម្តង ។
ហេតុការណ៍គ្រោះថ្នាក់ដ៏រន្ធត់នេះបានកើតឡើងនៅវេលាម៉ោងប្រមាណ៧យប់ ថ្ងៃព្រហស្បតិ៍្ត ទី៣ ខែមករា ឆ្នាំ២០១៩ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៣ ក្នុងភូមិព្រៃស្ពឺ សង្កាត់ចោមចៅ២ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។
ប្រភពនៅកន្លែងកើតហេតុបានឲ្យដឹងថា ជនរងគ្រោះទាំងពីរនាក់ មានទីលំនៅភូមិតាំងដូង ស្រុកបាទី ខេត្តតាកែវ ខណៈបុរសជាប្តីមានឈ្មោះ ភក្តី អាយុ៣៥ឆ្នាំ មុខរបរជាងកាត់សក់ រីឯប្រពន្ធមានឈ្មោះ និមល អាយុ២៧ឆ្នាំ។ ចំណែកអ្នកបើករថយន្តកុងតឺន័រ (មិនស្គាល់អត្តសញ្ញាណនោះទេ) បានរត់គេចខ្លួនបាត់ស្រមោល បន្សល់ទុកតែរថយន្តចោលនៅកន្លែងកើតហេតុប៉ុណ្ណោះ។
សាក្សីដែលឃើញហេតុការណ៍ផ្ទាល់បានប្រាប់ភ្នាក់ងារខេមប៉ុស្តិ៍ថា នៅមុនកើតហេតុរថយន្តកុងតឺន័រ មួយគ្រឿង ក្បាលពណ៌ស ពាក់ស្លាកលេខភ្នំពេញ 3E-3983 ធ្វើដំណើរទីសដៅពីត្បូងទៅជើងក្នុងល្បឿនលឿនលុះមកដល់ចំណុចកើតហេតុខាងលើបានរេចង្កូត ទៅបុកម៉ូតូមួយគ្រឿងម៉ាក Honda Scoopy ពណ៌ឈាមជ្រូក ពាក់ស្លាកលេខភ្នំពេញ 1GV-9397 ជិះដោយប្តីប្រពន្ធពីរនាក់ បញ្ច្រាស់ទិសដៅគ្នាពីជើងទៅត្បូងបុកពេញទំហឹង បណ្តាលឲ្យជនរងគ្រោះពីរនាក់ប្តីប្រពន្ធ ដួលចូលក្រោមកង់រថយន្ត កិនបែកក្បាលធ្លាយខួរស្លាប់យ៉ាងអាណោចអាធម៌នៅហ្នឹងកន្លែង។ ឃេីញសភាពដូច្នេះតៃកុងរថយន្តកុងតឺន័រ បានបើករថយន្តបន្តទៅមុខបានប្រមាណជ៤០ម៉ែត្រទៀត ក៏ប្លុងរថយន្តទុកចោល រួចរត់គេចខ្លួនបាត់ស្រមោល។
បច្ចុប្បន្នក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានទាក់ទងជំនាញចុះវាស់វែងយករថយន្តបង្ក និងម៉ូតូរងគ្រោះទៅការិយ៉ាល័យ ចរាចរណ៍ផ្លូវគោកស្នងការាជធានីភ្នំពេញរង់ចាំឲ្យក្រុមហ៊ុន ចូលខ្លនមកដោះស្រាយតាមផ្លូវច្បាប់ ។ ចំណែកសពប្ដី និងប្រពន្ធក្រោយពីធ្វើកំណត់ហេតុរួចសមត្ថកិច្ច ប្រគល់ឲ្យក្រុមគ្រួសារយកទៅស្រុកកំណើតដើម្បីធ្វើបុណ្យតាមប្រពៃណី។
មហាជនទូទៅបានសម្ដែងការមានការមិនពេញចិត្តយ៉ាងខ្លាំង ចំពោះទង្វើរបស់អ្នកបើកបររថយន្តធុនធំមួយចំនួន ដែលតែងតែបង្កគ្រោះថ្នាក់ហើយបើករត់គេចចេញពីកន្លែងកើតហេតុនេះ រហូតពេលខ្លះមានអ្នកដេញតាមឃាត់បានម្ដងៗ ធ្វើអោយពួកគាត់ស្ទើរតែទប់កំហឹងមិនបាននោះ បើសមត្ថកិច្ចទៅមិនទាន់ពេលទេ អ្នកដែលបើកបុកគេរត់នេះ គឺជាក់ស្ដែងមហាជនពិបាកទប់កំហឹងណាស់ ៕












