header ads

Sponsor

ភ្នំពេញៈ អគ្គិ​ភ័យ​ដ៏សន្ធោរសន្ធៅ​មួយ ​បាន​ឆាបឆេះ​ផ្ទះ​វីឡា​ភ្លោះ​មួយ​ខ្នង​ ខណៈ​ដែល​ម្ចាស់ផ្ទះ​បាននាំគ្នាចេញ​ទៅ​ញ៉ាំអី​នៅខាងក្រៅ​ លុះត្រឡប់មកវិញ ភ្លើ​ងឆេះអស់ស្ទើ​រទាំងស្រុង​ទៅហើយ​។

ហេតុការណ៍អគ្គិភ័យនេះ ​បានកើតឡើង​កាលពី​វេលាម៉ោង​១០​យប់​ ថ្ងៃ​ទី​២៣​ ខែមករា​ ឆ្នាំ​២០១៩ ត្រង់ចំណុច​ផ្ទះ​វីឡា​លេខ​១១​ ស្ថិតតាមផ្លូវ​លេខ​១៩​ ក្នុងបុរីពិភព​ថ្មី​ ក្បែរ​ផ្សារ​ទំនើប​អ៊ីអន​ ទី២​ ស្ថិតក្នុងសង្កាត់​ភ្នំពេញ​ថ្មី​ ខណ្ឌសែនសុខ​ រាជធានីភ្នំពេញ​។

តាមប្រភពព័ត៌មាន​ពីកន្លែងកើតហេតុ បាន​ឲ្យ​ដឹង​ថា ​មុន​ពេល​កើត​ហេតុ​ គេឃើញ​មាន​ផ្សែង​ហុយ​ចេញ​​​ជាន់ផ្ទាល់ដី​ ខណៈ​ដែល​ម្ចាស់​ផ្ទះ​មិននៅ​ ដោយ​ចាក់សោចោល​ចេញទៅ​ខាងក្រៅ។ បន្ទាប់​មក​ក៏រាលដាលចេញ​ជា​អណ្តាតភ្លើង​ឆាបឆេះ​ រួចក៏បង្ក​ឲ្យមាន​ការភ្ញាក់​ផ្អើល​ដល់​ប្រជាពលរដ្ឋ ​ដែល​រស់នៅក្បែរខាង​ និងសន្តិសុខ​ដែល​យាមនៅ​ក្នុង​បុរី​ខាងលើ​​ ​នាំ​គ្នា​ទាញ​ទុយោ​ទឹកបាញ់​ និងយកបំពង់​ពន្លត់​អគ្គិភ័យ​ទៅ​បាញ់​ពន្លត់​ដែរ។ ប៉ុន្តែ​ដោយ​ទ្វារ​ផ្ទះ​ខាងលើ​ជាប់សោ​ ទើ​បមិន​ចូលទៅបាញ់ដល់ខាងក្នុងបាន​ ទើប​បណ្តាលឲ្យ​​ភ្លើ​ង​កាន់តែ​ឆាបឆេះ​ខ្លាំងទៅៗ​។ រហូត​ប្រជាពលរដ្ឋ​នាំសម្រេច​ចិត្ត​ទម្លាយ​ទ្វារ​ផ្ទះ​ខាងលើ​ រួចក៏បាន​រាយការណ៍​ជូនសមត្ថកិច្ច​មូល​ដ្ឋាន ​និង​រថយន្ត​ពន្លត់​អគ្គិភ័យ​ឲ្យ​មកជួយ​អន្តរាគមន៍​តែម្ដង។

ក្រោយ​មក​ក៏​មាន​រថយន្ត​ពន្លត់​អគ្គិភ័យ​របស់​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ​បានមកដល់កន្លែងកើ​តហេតុ​ និងបានធ្វើ​ការ​បាញ់ពន្លត់​ជាបន្តបន្ទាប់​ រហូត​បាញ់ទឹកពន្លត់​អស់ទឹកចំនួន​១៦គ្រឿង​ ទើ​បរលត់ទៅវិញ​ជាស្ថាពរ​ នៅម៉ោង១១៖៥០នាទី​យប់​ថ្ងៃ​ដដែល​។

តាមសម្តី​បុរស​ម្នាក់​ឈ្មោះ​ គួន​ ហេង​ ដែល​ជា​អ្នកជួលផ្ទះ​ខាងលើ​ បាន​រៀប​រាប់​ប្រាប់​អោយភ្នាក់ងារ ខេមប៉ុស្តិ៍​ ដឹង​ថា​ ផ្ទះ​ខាងលើនេះ​ គឺគាត់​បានមក​ជួល​ស្នាក់នៅជាមួយក្រុមគ្រួសារ​របស់គាត់​ ដែល​មានគ្នាសរុប​ចំនួន៧នាក់​ អស់រយៈពេលជិតបីខែមក​ហើ​យ។ ដោយកន្លងមក​ផ្ទះ​ខាងលើ​នេះ តែងតែ​មានការ​លោត​ឌីហ្សង់ទ័រជា​ញឹកញាប់​ ហើ​យគាត់ក៏បាន​ជូនដំណឹង​នេះ​ទៅផ្ទះម្ចាស់​ផ្ទះ​ជាច្រើ​ន​ដង​មកហើ​យ​ដែរ។ តែនៅមុនពេលកើ​តហេតុ​ គាត់និងក្រុមគ្រួសាររបស់គាត់​ ​បាន​ចាក់សោ​ទ្វារផ្ទះចោល​ រួចបាន​នាំគ្នាចេញ​ទៅ​ញ៉ាំអី​នៅខាងក្រៅ​ លុះរហូតដល់វេលាកើ​តហេតុ​ ស្រាប់តែម្ចាស់ផ្ទះ​បាន​ហៅទូរស័ព្ទ​មក​ប្រាប់គាត់ថា​ ភ្លើងកំពុងផ្ទះ​ហើ​យ ភ្លាមនោះគាត់ និងក្រុមគ្រួសារ​ក៏​ប្រញាប់ប្រញាល់​ត្រឡ​ប់មកវិញ​ តែពេលមកដល់ គ្រប់យ៉ាងនៅក្នុង​ផ្ទះ​របស់​គាត់ គឺត្រូវបាន​ភ្លើងឆាបឆេះបំផ្លាញ​អស់ស្ទើ​រទាំងស្រុង​ទៅហើ​យ​ តែពិតជាសំណាងល្អណាស់​ នៅពេលដែលសមត្ថកិច្ចប្រាប់ថា ​"សម្ភារៈមួយចំនួនតូច​ និងទូដែក​មួយគ្រឿង​ទៀតមិនត្រូវបាន​ភ្លើ​ងឆាបឆេះនោះទេ" ហើ​យ​នៅក្នុងទូដែកនោះ​ គាត់បានទុកទ្រព្យសម្បត្តិ​ គ្រឿងអលង្ការ​ និងរបស់មានតម្លៃ​មួយចំនួន និងប្រាក់សុទ្ធ​រាប់​ម៉ឺន​ដុល្លារ​ ​នៅក្នុងនោះផងដែរ"។

បើ​តាម​ប្រភពពី​សមត្ថកិច្ច ​បានឲ្យ​ដឹងថា ​នៅ​ក្នុង​ករណី​អគ្គិ​ភ័យ​ខាងលើ​​នេះ​ ​មិនបណ្តាលឲ្យ​មាន​អ្នក​រង​របួស​ ឬឆេះរាលដាលដល់ផ្ទះអ្នកជិតខាង​នោះទេ​ គឺខូចខាតតែផ្ទះកើ​តហេតុ​ដែលមានចំនួនបីជាន់​ និងសម្ភារៈ​ជាច្រើ​នទៀត ​ដែលនៅក្នុងផ្ទះ​ ត្រូវបាន​ភ្លើ​ង​ឆេះខូចអស់ស្ទើរទាំងស្រុង​ នៅសល់តែ​សម្ភារៈមួយចំនួនតូច រួមទាំងទូដែក​មួយគ្រឿង​ ដែលមាន​របស់របរមានតម្លៃ​រួមជាមួយប្រាក់សុទ្ធ​រាប់​ម៉ឺន​ដុល្លារ​នោះ​ មិនត្រូវបាន​ភ្លើ​ងឆាបឆេះ​។ ករណី​ខាងលើ​សមត្ថកិច្ច​សន្និដ្ឋាន​ថា ​បណ្ដាល​មក​ពី​ឆ្លង​ចរន្ត​អគ្គិសនី៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post