
កំពង់ស្ពឺៈ យុវជនម្នាក់ ស្លាប់យ៉ាងអាណោចអាធ័ម ខណៈកំពុងជិះម៉ូតូ ស្រាប់តែមានរថយន្តធុនធំបែនដឹកដីមួយគ្រឿង បុកពីក្រោយ រួចកិនទាំងមនុស្ស និងម៉ូតូជាប់ក្រោមរថយន្តតែម្ដង។
គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ កើតឡើងកាលពីវេលាម៉ោង១០៖៣០នាទីព្រឹកថ្ងៃព្រហស្បតិ៍ ៤រោច ខែបុស្ស ឆ្នាំច សំរិទ្ធស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៩ លើផ្លូវក្រាលកៅស៊ូពីផ្សារគគ្រួស មកផ្សារដើមរការ ត្រង់ចំណុចភូមិក្រសាំងជីមែ ឃុំវាល ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។
សមត្ថកិច្ច បានឲ្យដឹងថា រថយន្តបង្កម៉ាកសាក់មែន ពណ៌ស ពាក់ស្លាកលេខភ្នំពេញ3A1270 (ប្រភេទដឹកដី) បើកបរពីជើងបត់ទៅទិសខាងលិច ដល់ចំណុចខាងលើ បានបុកពីក្រោយម៉ូតូ ម៉ាកវ៉េវអី ពណ៌ខ្មៅ ពាក់ស្លាកលេខកំពត 1I-6954 បើកបរដោយឈ្មោះ ប៊ី សុភា ភេទប្រុស អាយុ២១ឆ្នាំ រស់នៅភូមិស្រែក្តាន់ខាងកើត ឃុំទូកមាសខាងកើត ស្រុកបន្ទាយមាស ខេត្តកំពតបណ្ដាលឲ្យស្លាប់នៅកន្លែងហេតុ។ ក្រោយកើតហេតុ អ្នកបើកបររថយន្ត បានរត់គេចខ្លួនបាត់។
ក្រោយកើតហេតុ រថយន្តនិងម៉ូតូ ត្រូវបានសមត្ថកិច្ច យកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកគងពិសី។ ចំណែកសមត្ថកិច្ចបានទំនាក់ទំនងទៅក្រុមគ្រួសារមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕

