
ភ្នំពេញៈ រថយន្តសេរីទំនើបមួយគ្រឿង ត្រូវអគ្គិភ័យឆាបឆេះខូចខាតស្ទើរទាំងស្រុង ខណៈដែលម្ចាស់ចតទុកចោលក្នុងផ្ទះវិឡាលេខ១៩ ផ្លូវបេ៧ ក្នុងបូរី ប៉េង ហួត ភូមិបឹងស្នោរ សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពញ។ ហេតុការណ៍នេះ បង្កការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង១២រសៀល ថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៩នេះ។
បើតាមសម្តីម្ចាស់រថយន្ត បានឲ្យដឹងថា មុនពេលកើតហេតុ គឺរថយន្តរបស់ខ្លួន ម៉ាកមែកសឺដេស ដែលរងការឆាប់ឆេះនេះ គឺចតទុកចោលនៅក្នុងផ្ទះជាច្រើនថ្ងៃមកហើយ ដោយមិនបានជិះចេញទៅណាទេ ស្រាប់តែថ្ងៃនេះមិនដឹងថាឆ្លងចរន្តអ្វី ឬក៏មូលហេតុអីទេ ក៏ឆេះឡើងយ៉ាងសន្ធោសន្ធៅតែម្តង។
ប្រភពដែលបន្តថា ភ្លាមៗនោះគាត់បានយកបំពងពន្លត់អគ្គិភ័យបាញ់ពន្លត់អណ្តាតភ្លើងដែល ប៉ុន្តែមិនរលត់ក៏ស្រែកឆោឡោផ្អើលដល់កម្លាំងសន្តិសុខដែលយាមនៅក្នុងបូរីនាំគ្នាយកបំពងពន្លត់អគ្គិភ័យជាច្រើនជួយបាញ់អន្តរាគមន៍ រហូតឲ្យរលត់សូន្យសុងទៅវិញ ដោយមិនបានរៀលដាលឆាបឆេះដល់លំនៅដ្ឋាន និងសម្ភារៈផ្សេងឡើយ ប៉ុន្តែ រថយន្តដែលឆាបឆេះនោះ គឺរងការខូចខាតស្ទើរទាំងស្រុងទៅហើយ។
ជុំវិញនឹងករណីខាងលើនេះ សមត្ថកិច្ច ក៏ដូចជាម្ចាស់រថយន្ត នៅតែង្ងីឆ្ងល់ថា មិនដឹងបណ្តាលមកពីមូលហេតុអ្វី បានរថយន្តចតទុកស្ងៀមត្រូវភ្លើងឆេះដែល ប៉ុន្តែមជ្ឈដ្ឋានជុំវិញសន្និភាពថាអាចបណ្តាលមកឆ្លងចរន្តខ្សែភ្លើងក្នុងរថយន្ត ទើបបង្កឡើងជាអគ្គិភ័យបែបនេះទៅ៕

