header ads

Sponsor

ភ្នំពេញៈ តាមការកំណត់របស់ចៅក្រម នៅវេលាម៉ោង៨៖១៧នាទីព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៩នេះ លោក គង់ គាំ អតីតឧត្តមទីប្រឹក្សាអតីតគណបក្សសង្គ្រោះជាតិ បានចូលទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីធ្វើការបំភ្លឺ ជុំវិញសំណុំរឿងលោក កឹម សុខា ហើយខណៈចូលមកដល់តុលាការ លោកបានថ្លែងប្រាប់អ្នកសារព័ត៌មានថា លោកមកនេះ តាមការកោះហៅរបស់ចៅក្រម សាលាដំបូងរាជធានីភ្នំពេញ លោក គី ឬទ្ធី ហើយចំពោះបញ្ហាអ្វីខ្លះ ដែលត្រូវបំភ្លឺនៅតុលាការ​ លោកមិនទាន់ដឹងទេ រង់ចាំជួបចៅក្រមសិន។

សូមបញ្ជាក់ថា ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ លោក គី ឫទ្ធី កាលពីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៨ បានចេញដីកាកោះហៅលោក គង់ គាំ ឲ្យចូលឆ្លើយបំភ្លឺក្នុងនាមជាសាក្សី នៅព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៩ វេលាម៉ោង៨៖៣០នាទី។

លោក កឹម សុខា ត្រូវបានសមត្ថកិច្ចចាប់ខ្លួននៅពាក់កណ្តាលអធ្រាត្រ ឈានចូលថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២0១៧។ ក្រោយឃាត់ខ្លួនសមត្ថកិច្ចបានបញ្ជូនលោក កឹម សុខា ទៅឃុំបណ្តោះអាសន្ននៅពន្ធនាគារត្រពាំងផ្លុង ខេត្តត្បូងឃ្មុំ ហើយត្រូវបានធ្វើការចោទប្រកាន់ពីបទសន្ទិដ្ឋិភាពជាមួយបរទេស តាមបញ្ញត្តិមាត្រា ៤៤៣ នៃក្រមព្រហ្មទណ្ឌ។

បើតាមក្រមព្រហ្មទណ្ឌ បទសន្ទិដ្ឋិភាពជាមួយបរទេស គឺជាអំពើត្រូវរ៉ូវគ្នាដោយសម្ងាត់ជាមួយរដ្ឋបរទេស ឬភ្នាក់ងារបរទេស ដើម្បីបង្កើតឲ្យមានអំពើប្រទូស្តរ៉ាយ ឬឲ្យមានអំពើឈ្លានពានប្រឆាំងនឹងព្រះរាជាណាចក្រកម្ពុជា។ បទល្មើសនេះ ត្រូវជាប់ពន្ធនាគារពី១៥ដល់៣០ឆ្នាំ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post