
ភ្នំពេញៈ កម្លាំងនគរបាលប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន បានចុះបង្ក្រាបទីតាំងម៉ាស្សាកោសជប់យីហោម៉ាស្សាកោសជប់មួយកន្លែង ស្ថិតនៅតាមបណ្ដោយផ្លូវ៣៧១ ភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ឃាត់ម្ចាស់មេការប្រុសស្រី២នាក់ និងនារីបម្រើការងារ២នាក់ ជាអនីតិជន ពាក់ព័ន្ធករណីលួចបង្កប់សេវាបម្រើផ្លូវភេទ។
ប្រតិបត្ដិការចុះបង្ក្រាបនេះ មានការសម្របសម្រួលដោយលោក ស្រី ស្រឺវណ្ណី ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ សហការជាមួយកម្លាំងនគរបាលប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន និងកម្លាំងសមត្ថកិច្ចមូលដ្ឋាន។
សមត្ថកិច្ច បានប្រាប់ឱ្យដឹងថា មុនឈានដល់ការចុះបង្ក្រាបទីតាំង ម៉ាស្សាខាងលើនេះទទួលបានពាក្យបណ្ដឹងរបស់ម្ដាយនារីបម្រើការនៅក្នុងទីតាំងម៉ាស្សាម្នាក់ ដែលមានអាយុ១៧ឆ្នាំ ត្រូវបានចាញ់ល្បួងរបស់គេឱ្យមកធ្វើការក្នុងហាងម៉ាស្សា រួចក៏ល្បួងឱ្យបម្រើសេវាផ្លូវភេទជាមួយភ្ញៀវ ហើយនារីនោះ ក៏បានទូរស័ព្ទទៅប្រាប់ម្ដាយ ក៏ទៅដាក់ពាក្យបណ្ដឹងនៅការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន បើកការស្រាវជ្រាវរហូតឈានដល់ការចុះបង្ក្រាបទីតាំងខាងលើ ឃាត់ខ្លួនបានមនុស្ស៤នាក់ ក្នុងនោះមានមេការ និងស្ត្រីរងគ្រោះចំនួន២នាក់ ព្រមទាំងដកហូតវត្ថុតាំងមានស្រោមប្រើប្រាស់រួចហើយមួយចំនួន និងមិនទាន់ប្រើប្រាស់មួយចំនួន។
ក្រោយបញ្ចប់ការចុះបង្ក្រាប សមត្ថកិច្ចបាននាំខ្លួនម្ចាស់ទីតាំងប្រុសស្រី២នាក់ និងនារីបម្រើការជាអនីតិជន២នាក់ទៅកាន់ការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន ដើម្បីសួរនាំបន្ដនីតិវិធី ៕





