
បន្ទាយមានជ័យៈ ផ្ទះយ៉ាងហោចណាស់ចំនួន៥ល្វែង ត្រូវបានក្លាយជាចំណីអគ្គិសភ័យ ក្នុងថ្ងៃសែនដកជើងធូប របស់បងប្អូន ដែលមានឈាមជ័រចិន ។
ហេតុការណ៍ដ៌៏ភ្ញាក់ផ្អើលនេះ កើតឡើងនៅវេលាម៉ោង១២និង៣០នាទី ថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៩ នៅចំណុចក្បែរផ្សារត្រី ស្ថិតក្នុងភូមិបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។
សមត្ថកិច្ចបានឲ្យដឹងថា ផ្ទះទាំង៥ខ្នងដែលរងការឆេះមានម្ចាស់ផ្ទះ ឈ្មោះ សៀក យ៉េន ភេទប្រុស, ឈ្មោះ ស ប៊ុនអៀង ភេទ ប្រុស, ឈ្មោះងី សាក់ ភេទ ប្រុស, ឈ្មោះ សាន យ៉ូន ភេទ ប្រុស និងឈ្មោះ ថាប់ សំអឿន ភេទ ប្រុស ហើយផ្ទះទាំង៥ល្វែងនេះ ជាផ្ទះដែលលក់ដូរ អីវ៉ានចាប់ហួយ ក្រណាត់ និងខោអាវជជុះ ។
តាមសម្តីសមត្ថកិច្ចដដែលនេះដែរ បានឲ្យទៀតថា មូលហេតុដែលបង្កឲ្យកើតមានអគ្គិសភ័យនេះ គឺផ្តើមចេញពីការដុតទៀនធូប ក្នុងឱកាសសែនដកជើងធូប ។
សូមបញ្ជាក់ផងដែរថា អគ្គិសភ័យដ៏កំណាចដែលឆេះផ្ទះបងប្អូនអាជីវករទាំង៥គ្រួសារខាងលើ ក្រោមកិច្ចសហការរបស់កងកម្លាំងសមត្ថកិច្ចដោយប្រើប្រាស់ រថយន្តសង្គ្រោះពន្លត់សរុប ១៤ គ្រឿង ប្រើទឹកអស់២៨ឡានដោយក្នុងនោះរថយន្តមកពីស្នងការដ្ឋាន ០២ គ្រឿង ក្រុង ប៉ោយប៉ែត ០១ គ្រឿង ស្រុកអូរជ្រៅ០១គ្រឿង ស្រុក ម៉ាឡៃ ០១គ្រឿង កាស៊ីណូ ចំនួន ០៥ គ្រឿង សង្កាត់ផ្សារកណ្តាល ០២គ្រឿង និងរថយន្តដឹកប្រជាពលរដ្ឋ ចំនួន ០២ គ្រឿង ក្នុងនោះបានបណ្តាលឲ្យមនុស្សចំនួន៤នាក់រងរបួសស្រាល។
អគ្គិសភ័យនេះ បានរលត់ទៅវិញទាំងស្រុងនៅម៉ោង៤និង៣០នាទីរសៀលថ្ងៃដដែល តែទំហំនៃការខូចខាត គេនៅមិនទាន់បានសរុបនៅឡើយទេ៕



















