header ads

Sponsor


មណ្ឌលគិរីៈ នាព្រឹកថ្ងៃពុធ ១០រោច ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៩ លោក រ័ត្ន វិរៈ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន តំណាងដ៏ខ្ពង់ខ្ពស់លោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានដឹកនាំកិច្ចប្រជុំអំពីវឌ្ឍនភាព និងពិនិត្យស្ថានភាព នៃការផ្ទុះអាវុធដោយខ្មាន់កាំភ្លើងក្នុងករណីបង្រ្កាបបទល្មើសសត្វព្រៃ ដែលបានបណ្ដាលឲ្យមន្រ្តីឧទ្យានុរក្ស ដែនជម្រកសត្វព្រៃស្រែពកចំនួន០១រូប រងរបួសធ្ងន់ត្រូវបានបញ្ជូនទៅសម្រាកព្យាបាលរបួសភ្លាមៗនៅមន្ទីរពេទ្យក្នុងរាជធានីភ្នំពេញ ។

ហេតុការណ៍ចុះបង្រ្កាបបទល្មើសសត្វព្រៃ ហើយត្រូវក្រុមខ្មាន់កាំភ្លើងបាញ់រះបណ្ដាលឲ្យរងរបួសមន្រ្តីឧទ្យានុរក្សចំនួន០១រូបខាងលើនេះ កើតឡើងកាលពីវេលាម៉ោង៣ទៀបភ្លឺ ឈានចូលថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៩ នៅត្រង់ចំណុចផ្លូវបំបែក ត្រពាំងកកោះ ស្ថិតក្នុងភូមិស្រែហ៊ុយ ឃុំស្រែហ៊ុយ ស្រុកកោះញែក ខេត្តមណ្ឌលគិរី ក្នុងដែនជម្រកសត្វព្រៃស្រែពក ។

លោក រ័ត្ន វិរៈ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានមានប្រសាសន៍ថា ក្នុងនាមក្រសួងបរិស្ថាន ដែលមានលោក សាយ សំអាល់ ជារដ្ឋមន្រ្តី បានចាត់តាំងគណៈប្រតិភូរបស់ក្រសួងបរិស្ថាន ដើម្បីជួយរៀបចំ និងរង់ចាំទទួលជនរងគ្រោះឲ្យមកសម្រាកព្យាបាលរបួសនៅមន្ទីរពេទ្យក្នុងរាជធានីភ្នំពេញ បន្ទាប់ពីមានហេតុការណ៍ចុះបង្រ្កាបបទល្មើសសត្វព្រៃដោយក្រុមការងារអនុវត្តច្បាប់របស់ដែនជម្រកសត្វព្រៃស្រែពក នៃមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី ត្រូវបានក្រុមខ្មាន់កាំភ្លើងដែលមានគ្នាប្រមាណជា៦នាក់ បំពាក់ដោយអាវុធអាកាបានបាញ់រះមកលើក្រុមអនុវត្តច្បាប់ ហើយបានបណ្ដាលឲ្យមន្រ្តីឧទ្យានុរក្សចំនួន០១រូបរងរបួសធ្ងន់ ។

លោក រ័ត្ន វិរៈ បានមានប្រសាសន៍សង្កត់ធ្ងន់ថា ការលះបង់របស់បងប្អូនដែលជាអ្នកអភិរក្ស ក្នុងនោះរួមមាន មន្រ្តីនគរបាល យោធា សត្តរក្ស និងមន្រ្តីឧទ្យានុរក្ស ដែលឋិតនៅក្រោមដំបូលតែមួយ គឺគ្រួសារតែមួយនៃប្រជាជាតិខ្មែរ ដោយបានលះបង់នូវការជួបជុំគ្រួសារផ្ទាល់ខ្លួនដើម្បីមកចូលរួមចំណែកអនុវត្តច្បាប់ ក្នុងបុព្វហេតុការពារ និងអភិរក្សធនធានធម្មជាតិ ។

លោកក៏បានកោតសរសើរនូវវីរភាពរបស់បងប្អូនឧទ្យានុរក្ស និងមន្រ្តីរួមសហការទាំងអស់ដែលបានខិតខំប្រឹងប្រែងបំពេញការងារការពារ និងអភិរក្សធនធានធម្មជាតិ និងសត្វព្រៃ ដើម្បីទុកបន្តឲ្យកូនចៅជំនាន់ក្រោយបានឃើញ និងបានស្គាល់ ។ លោកបន្តថា ចំពោះជនប្រព្រឹត្តនិងបក្ខពួក កម្លាំងជំនាញព្រហ្មទណ្ឌនឹងតាមកំណត់មុខសញ្ញា ដើម្បីយកមកផ្តន្ទាទោសទៅតាមផ្លូវច្បាប់ឲ្យខាងតែបាន ។

ជាចុងក្រោយ លោក រ័ត្ន វិរៈ ក៏បានជំរុញ និងលើកទឹកចិត្តដល់បងប្អូនមន្រ្តីឧទ្យានុរក្ស និងមន្រ្តីរួមសហការទាំងអស់ ត្រូវរួមសាមគ្គីភាពគ្នា និងបន្តកិច្ចខិតខំប្រឹងប្រែងការពារធនធានធម្មជាតិ និងជម្នះនូវរាល់ឧបសគ្គដែលបានកើតឡើង ជាពិសេសត្រូវតាំងចិត្តនិងស្មារតីឲ្យបានម៉ឺងម៉ាត់ចំពោះព្រឹត្តិការណ៍នេះ ។

សូមបញ្ជាក់ថា ខ្មាន់កាំភ្លើងដែលបាញ់ប្រហារ​ខាងលើនេះ ជំនាញនៅមិនទាន់រកមុខឃើញនៅឡើយទេ រហូតមកដល់ពេលនេះ បានត្រឹមតែនិយាយថា តាមកំណត់មុខសញ្ញាតែប៉ុណ្ណោះ ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post