ភ្នំពេញៈ ជីវិតមនុស្សនៅលើដងផ្លូវពិតជាប្រឈមនឹងគ្រោះថ្នាក់ខ្លាំងណាស់ ស្ទើតែក្លាយជាទម្លាប់របស់អ្នកបើកបររថយន្តគ្រប់ប្រភេទ ដែលបង្កគ្រោះថ្នាក់តាមដងវិថីនានាក្នុងពេលរាត្រី ហើយព្យាយាមបើករត់បាត់ នេះបើប៉ះលើគ្រួសារអ្នកវិញ អ្នកមានអារម្មណ៍ក្តុកក្តួល និងតក់ស្លុតបែបណា? ខណៈដែលបុរសម្នាក់ ទើបតែរៀបការបាន២ខែប៉ុណ្ណោះ បានជួបគ្រោះថ្នាក់ចរាចរណ៌ បណ្ដាលឲ្យបោកក្បាលស្លាប់ភ្លាមៗ លើស្ពានលីយ៉ុងផាត់ គួរអោយអាណោចអធម័ បន្ទាប់ពីជិះម៉ូតូចេញពីធ្វើការ នៅម្ដុំកោះដាច់។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះ បានកើតឡើងកាលពីវេលាម៉ោងជាង៦ល្ងាច ថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៩ ស្ថិតនៅតាមបណ្ដោយផ្លូវមហាវិថីឈ្នះឈ្នះ ក្នុងភូមិព្រែកតារត្ន័ សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
ជនរងគ្រោះមានឈ្មោះ ម៉ៅ បញ្ញា ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរជាងឈើ ស្នាក់នៅភូមិឌួង សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ មានស្រុកកំណើតនៅខេត្តកំពង់ចាម។
បើតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យខេមប៉ុស្តិ៍ដឹងថា នៅមុនពេលកើត គេឃើញបុរសម្នាក់ ជិះម៉ូតូឌ្រីមសង់ មួយគ្រឿង ស៊េរីឆ្នាំ២០១០ ពណ័ខ្មៅ ពាក់ស្លាកលេខសៀមរាប 1M-4881 ធ្វើដំណើរចេញពីធ្វើការនៅកោះដាច់ គោលបំណងត្រលប់ទៅផ្ទះវិញ នៅភូមិឌួង សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ តាមបណ្ដោយផ្លូវមហាវិថីឈ្នះៗ ក្នុងទិសដៅពីកើតទៅលិច ខណៈមកជិះដល់ផ្ទះហើយ បែរជាជួបគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់ គឺមានរថយន្ត (មិនស្គាល់ម៉ាក) បើកមកបុក បណ្ដាលបោកក្បាលនឹងថ្នល់លើស្ពានបែកក្បាលស្លាប់ក្នុងថ្លុកឈាមតែម្ដង ភ្លាមៗនោះដែររថយន្តបង្ករបានបន្ថែមល្បឿនបើករត់ចេញពីកន្លែងកើតហេតុបាត់ស្រមោល។
បច្ចុប្បន្នក្រោយពេលកើតហេតុ សមត្ថកិច្ចបានមូលដ្ឋានបានទៅដល់ធ្វើការវាស់វែង និងប្រគល់សពជនរងគ្រោះ ទៅឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី។ ចំណែកឯម៉ូតូរបស់រងគ្រោះ ត្រូវសមត្ថកិច្ចយកទៅរក្សាទុករងចាំក្រុមគ្រួសារយកឯកសារមកផ្ទៀងផ្ទាត់និងប្រគល់ជូនវិញ៕







