
ភ្នំពេញៈ បន្ទាប់ពីរាជរដ្ឋាភិបាល ចេញ ស.ជ.ណ បង្កើតផ្សារលក់បន្លែ ផ្លែឈើ បោះដុំ លើផ្ទៃដី២០ហិកតា នៅបឹងតាមោក ធ្វើឲ្យអាជីវករផ្សារដើមគរ ដែលជាទីផ្សារលក់បន្លែផ្លែឈើដ៏ក្តៅគគុក កំពុងមានការព្រួយបារម្ភជាមួយដំណឹងលេចឮពីមាត់មួយទៅមាត់មួយថា ការបង្កើតផ្សារបោះដុំបន្លែផ្លែឈើថ្មីនេះ នឹងត្រូវធ្វើការរុះរើផ្សារដើមគរ យកទៅវិនិយោគលើវិស័យផ្សេងវិញ។
ជុំវិញការលេចឮពីព័ត៌មាននេះ ត្រូវបានលោក នួន ផារ័ត្ន អភិបាលរងរាជធានីភ្នំពេញ បដិសេធថា មិនមានការវិនិយោគផ្សារដើមគរឡើយ សូមឲ្យបងប្អូនអាជីវករ កុំមានការព្រួបារម្ភ។
ថ្លែងក្នុងសន្នីសិតសារព័ត៌មាន នៅព្រឹកថ្ងៃទី៤ ខែមករា ឆ្នាំ២០១៩នេះ នៅសាលារាជធានីភ្នំពេញ លោក នួន ផារ័ត្ន បានបញ្ជាក់ថា “ពាក់ព័ន្ធនឹងចំណុចនេះ រដ្ឋបាលរាជធានីភ្នំពេញ សូមជម្រាបជូនដល់បងប្អូនប្រជាពលរដ្ឋទូទៅ ក៏ដូចជាបងប្អូនអាជីវករនៅផ្សារដើមគរ ឲ្យបានជ្រាបថា រដ្ឋបាលរាជធានៅភ្នំពេញ មិនបានធ្វើការវិនិយោគ ឬក៏ធ្វើការរុះរើផ្សារដើមគរនោះទេ”។
លោកអភិបាលរង បន្តថា “អ្វីដែលយើងកំពុងធ្វើ ឬអ្វីដែលរដ្ឋបាលរាជធានីភ្នំពេញ កំពុងធ្វើការស្នើសុំទៅរាជរដ្ឋាភិបាល ដើម្បីរៀបចំនោះ គឺទាក់ទងទៅនឹងការសាងសង់ នូវផ្សារមួយនៅបឹងតាមោកនេះ គឺជាផ្សារលក់បោះដុំបន្លែ ផ្លែឈើ និងជាចំណតរថយន្ត។ មូលហេតុ ដែលយើងត្រូវរៀបចំ ដោយសារយើងត្រូវមានតម្រូវការចាំបាច់មួយចំនួន នៅក្នុងក្របខ័ណ្ឌរាជធានីភ្នំពេញ យើងត្រូវមានទីតាំងមួយសមស្រប សម្រាប់ការបោះដុំ បន្លែ និងផ្លែឈើគ្រប់ប្រភេទ សម្រាប់ផ្គត់ផ្គង់ប្រជាពលរដ្ឋនៅក្នុងរាជធានីភ្នំពេញ ក៏ដូចជារៀបចំធ្វើជាចំណតសមស្របមួយ”។
លោក នួន ផារ័ត្ន បានឲ្យដឹងទៀតថា “កន្លងមកនេះ ដោយសារតែយើងមិនទាន់មានទីតាំងធ្វើអាជីវកម្ម បោះដុំ បន្លែ និងផ្លែឈើនេះ គឺបងប្អូនប្រជាពលរដ្ឋមួយចំនួន បានធ្វើការលក់បោះដុំបន្លែ ផ្លែឈើនេះ ទៅតាមដងផ្លូវ និងប្រើប្រាស់ទ្រូងផ្លូវ និងចញ្ចើមផ្លូវសាធារណៈ ដែលបង្កឲ្យមានការកក់ស្ទះចរាចរណ៍ ក៏ដូចជា បញ្ហាបរិស្ថាន អនាម័យ និងបញ្ហាផ្សេងៗទៀតផងដែរ”។
លោកបានបញ្ជាក់បន្ថែមថា ការរៀបចំបង្កើតផ្សារលក់បន្លែ ផ្លែឈើ បោះដុំ នៅលើផ្ទៃដី២០ហិកតា នៅបឹងតាមោកនេះ ដើម្បីឲ្យអាជីវករដែលមិនមានទីតាំងត្រឹមត្រូវ ប្រកបអាជីវកម្មរបស់ខ្លួន ឲ្យមានរបៀបរៀបរយ។ ដោយឡែក សម្រាប់អាជីវករលក់ដូរនៅក្នុងផ្សារ អាចធ្វើការបន្តអាជីវកម្មរបស់ខ្លួនជាធម្មតា ដោយកុំមានការព្រួយបារម្ភ ចំពោះមតិលើកឡើងណាមួយ ដែលផ្ទុយពីគម្រោងអភិវឌ្ឍន៍របស់រដ្ឋបាលរាជធានីភ្នំពេញ។
លោកបានសង្កត់ធ្ងន់ថា “ការបង្កើតផ្សារថ្មីនេះ ចង់បង្កើតឲ្យមានទីតាំង ដែលប្រមូលផ្តុំនូវបន្លែផ្លែឈើនេះ ដើម្បីយើងអាចធ្វើការរៀបចំនៅតាមដងផ្លូវ និងទ្រូងផ្លូវរបស់យើងនេះ ឲ្យមានសណ្តាប់ធ្នាប់រៀបរយល្អ ដើម្បីសម្រួលចរាចរណ៍ ក៏ដូចជាដើម្បីធានាបាននូវបរិស្ថានស្អាតផងដែរ”៕







