
កំពង់ធំៈ សិស្សសាលាម្នាក់ បានស្លាប់នៅនិងកន្លែង និងម្នាក់ទៀត រងរបួសធ្ងន់ ខណៈពួកគេទាំងជិះម៉ូតូឌុបគ្នា ត្រូវរថយន្តក្រុងក្រុមហ៊ុនកាពីតូល វេលាម៉ោងជាង៨យប់ ថ្ងៃសុក្រ ៥រោច ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៩ លើកំណាត់ផ្លូវជាតិលេខ៦ ភូមិលាបទង ឃុំកំពង់ចិនត្បូង ស្រុកស្ទោង ខេត្តកំពង់ធំ។
សមត្ថកិច្ច បានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងរវាងរថយន្តម៉ាកហ៊ីនយ៉ាន់ដាយ ពណ៌ក្រហម ពាក់ស្លាកលេខភ្នំពេញ 3E-3607 (ដឹកអ្នកដំណើររបស់ក្រុមហ៊ុនកាពីតូល) អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ(គេចខ្លួនបាត់) បានបុកជាមួយម៉ូតូម៉ាកហុងដាវេវអាល់ហ្វា ពណ៌ខ្មៅ ស្លាកកលេខកំពង់ធំ 1J-7519 បើកបរដោយឈ្មោះ រ៉ាន់ ចាន់រ៉ា ភេទប្រុស អាយុ១៨ឆ្នាំ សិស្ស រស់នៅភូមិល្វាឃុំសំព្រោច ស្រុកស្ទោង ខេត្តកំពង់ធំ(របួសធ្ងន់)(មិនពាក់មួកសុវត្ថិភាព) និងអ្នករួមដំណើរឈ្មោះ តិប វិច្ឆកា ភេប្រុស អាយុ១៧ឆ្នាំ សិស្ស រស់នៅភូមិមឈាយ ឃុំសំព្រោច ខេត្តកំពង់ធំ (ស្លាប់នៅកន្លែងកើតហេតុ)(មិនពាក់មួកសុវត្ថិភាព) ។
សមត្ថកិច្ចបញ្ជាក់ថា មូលហេតុបឋមបង្កឡើងដោយអ្នកបើកបររថយន្តបើកបរមិនប្រកាន់ស្តាំ មានល្បឿនលឿន រួមផ្សំនឹងអ្នកបើកបរម៉ូតូ បើកជែងក្នុងស្ថានភាពគ្រោះថ្នាក់។
ក្រោយកើតហេតុ រថយន្ត និងម៉ូតូត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកស្ទោង ដើម្បីចាត់វិធានការតាមច្បាប់។ ចំណែកសាកសពជនរងគ្រោះ សមត្ថកិច្ចបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕





