
កំពង់ស្ពឺៈ ប្រជាពលរដ្ឋ៨គ្រួសារ រស់នៅភូមិដើមផ្ដៀក ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ កំពុងស្រក់ទឹកភ្នែក លើកដៃសំពះទៅដល់លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ ជួយអន្តរាគមន៍ រឿងដីធ្លីរបស់ពួកគាត់ផង ព្រោះមានអ្នកមានលុយ ប្រើអំណាចទន្ទ្រានដីធ្លីពួកគាត់ ខណៈដែលដីនេះ ពួកគាត់មករស់នៅតាំងពីឆ្នាំ១៩៩៧ និងមានឯកសារលិខិតកាន់កាប់ដីធ្លីនៅឆ្នាំ២០០៨។
ជុំវិញអ្នកមានលុយ ប្រើអំណាចទន្ទ្រានដីធ្លីខាងលើនេះ ប្រជាពលបានបញ្ចេញប្រតិកម្មខ្លាំងៗ ទៅលើអាជ្ញាធរឃុំត្រែងត្រយឹងថា ប្រហែលជាត្រូវថ្នាំសណ្ដំហើយមើលទៅ បានជាបណ្តែតបណ្ដោយឲ្យមានជនខិលខូច ធ្វើអ្វីៗគ្មានញញើតនរណាទាំងអស់។
ដូច្នេះហើយ ទើបប្រជាពលរដ្ឋ សូមសំណូមពរទៅលោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ ជួយដល់ពួកគាត់ផង ពីព្រោះពួកគាត់គ្មានមុខរបរអ្វី ក្រៅពីដាំដំឡូង ដាំល្ពៅ បើគ្មានដីទេ តើឲ្យគាត់រស់យ៉ាងណា៕



