header ads

Sponsor

កំពង់ចាមៈ លោក ហ៊ុន ម៉ាណែត បានថ្លែងថា សម្តេចតេជោ ហ៊ុន សែន លោកចេញទៅក្រៅប្រទេស ខិតខំគៀងគរឲ្យវិនិយោគិនមកវិនិយោគនៅស្រុកខ្មែរ ដើម្បីបង្កើតឱកាសការងារជូនកូនចៅប្រជាពលរដ្ឋ ធ្វើឲ្យជីវភាពប្រជាពលរដ្ឋសម្បូរសប្បាយ និងធ្វើឲ្យប្រទេសជាតិរីកចម្រើនសម្បូរសប្បាយរុងរឿង។ ផ្ទុយពីអ្នកនយោបាយខ្លះដែលទៅអង្វបរទេសឲ្យដាក់ទណ្ឌកម្មសេដ្ឋកិច្ចមកលើប្រទេសរបស់ខ្លួន និងមិនឲ្យវិនិយោគិនមកវិនិយោគនៅក្នុងប្រទេសរបស់ខ្លួន។

លោក ហ៊ុន ម៉ាណែត លើកឡើងបែបនេះ ក្នុងពិធីបើកការដ្ឋានស្ថាបនាផ្លូវចាក់កៅស៊ូ-បេតុង ២ខ្សែ ប្រវែង១២.៩០០ម៉ែត្រ ពីផ្លូវជាតិលេខ៧ ភូមិមៀន ដល់ភូមិកំពង់សំលាញ់ ឃុំមៀន ស្រុកព្រៃឈរ, ដល់ផ្លូវជាតិលេខ៧០ នៅភូមិអូរកណ្តាល ឃុំព្រែកក្របៅ ស្រុកកងមាស ខេត្តកំពង់ចាម ថ្ងៃទី២០ ខែមករា ឆ្នាំ២០១៩។

លោក ហ៊ុន ម៉ាណែត បន្តថា ផលប្រយោជន៍ដែលយើងកសាងផ្លូវដោយកងវិស្វកម្មនៅថ្ងៃនេះ គឺជាការសម្រួលចរាចរណ៍ ការធ្វើដំណើរប្រចាំថ្ងៃ ការភ្ជាប់និស្ស័យស្រុកកងមាស មកស្រុកព្រៃឈរ ការបង្កើនជីវភាព និងការភ្ជាប់ទំនាក់ទំនង។ លើសពីនេះ ផ្លូវមួយខ្សែនេះ នឹងក្រាលកៅស៊ូបន្ថែមទៀត នៅពេលអនាគត។

លោក ហ៊ុន ម៉ាណែត ក៏សូមអរគុណចំពោះអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ក្រុមការងារ ជនបង្គោលយុវជន ទទួលបន្ទុកស្រុកព្រៃឈរ និងស្រុកកងមាស ដែលបានជួយជ្រោមជ្រែង និងមានការគាំទ្រពីក្រសួងអភិវឌ្ឍជនបង និងមានការចូលរួមប្តេជ្ញាចិត្តកសាងពីនាយកដ្ឋានវិស្វកម្ម នៃក្រសួង ការពារជាតិ ដើម្បីផលប្រយោជន៍រួមរបស់ប្រជាជន។ សមិទ្ធផលដែលកើតឡើងដោយការរួមគ្នានេះ គឺនៅក្នុងដំណាក់កាលប្រទេសមានសុខសន្តិភាព នៅលើដីសមរភូមិចាស់ដែលឥឡូវជាទឹកនៃសន្តិភាពកសាងដោយកម្លាំងកងទ័ព និងមានការចូលរួមពីអាជ្ញាធរលំដាប់ថ្នាក់ ក៏ដូចជាប្រជាពលរដ្ឋនៅទីនេះ។

លោក ហ៊ុន ម៉ាណែត បានលើកឡើងទៀតថា រាជរដ្ឋាភិបាលមានទឹកចិត្ត មានគោលនយោបាយកសាងផ្លូវជូនប្រជាពលរដ្ឋ ប៉ុន្តែរាជរដ្ឋាភិបាលមិនចង់ប៉ះពាល់ផ្ទះ ប៉ះពាល់ផ្លូវប្រជាពលរដ្ឋ បើគ្មានការចូលរួមពីប្រជាពលរដ្ឋនោះទេ។ ដូច្នេះបើគ្មានការគាំទ្រចូលរួមពីប្រជាពលរដ្ឋ ព្រះតេជគុណព្រះសង្ឃគ្រប់ព្រះអង្គ យើងក៏មិនអាចធ្វើបានដែរ។ អញ្ចឹងសូមអរគុណណាស់ចំពោះការចូលរួម ការយោគយល់ ការគាំទ្រ របស់បងប្អូនប្រជាពលរដ្ឋនៅក្នុងការកសាងសមិទ្ធផល និងការផ្ដល់សេវាផ្សេងៗរបស់រាជរដ្ឋាភិបាលជូនប្រជាពលរដ្ឋ។

លោកបន្តទៀតថា ប្រមុខរាជរដ្ឋាភិបាលបានចាត់ឲ្យមន្ត្រីតំណាងលោក ចុះជួបជាមួយប្រជាពលរដ្ឋគ្រប់ទីកន្លែង ខិតខំកសាងនៅក្នុងប្រទេសផង និងចេញទៅធ្វើការនៅក្រៅប្រទេសផងដើម្បីសេចក្តីសុខ សេចក្តីសប្បាយរបស់ប្រជាពលរដ្ឋ ជាការតបស្នងសងគុណចំពោះប្រជាពលរដ្ឋដែលបានបោះឆ្នោតគាំទ្រសម្ដេចតេជោ ផ្ដល់ឱកាសឱ្យសម្ដេចបានបម្រើ ប្រជាជន មិនមែនធ្វើចៅហ្វាយប្រជាពលរដ្ឋនោះទេ គឺសម្ដេចបានតស៊ូបម្រើប្រជាជន បម្រើប្រទេសជាតិតាំងពីក្មេង។ នេះហើយគឺជាការប្ដេជ្ញាចិត្តរបស់លោកតាំងពីក្មេង គឺយកជីវិតជាដើមទុនដើម្បីបម្រើប្រទេសជាតិ។

លោក ហ៊ុន ម៉ាណែត បានបន្ថែមថា រាជរដ្ឋាភិបាលខិតខំអង្គុយគិតធ្វើយ៉ាងណាខិតខំកសាងសមិទ្ធផល លើកស្ទួយកម្រិតជីវភាពប្រជាពលរដ្ឋមន្ត្រីរាជការ ផ្ដល់សេវាសាធារណៈឲ្យកាន់តែល្អថែមទៀត ។ សូមលោកតាលោក យាយ បងប្អូនប្រជាពលរដ្ឋជឿទុកចិត្តចុះ គឺថារាជរដ្ឋាភិបាលដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន នឹងជួយប្រជាពលរដ្ឋបន្តទៀតដើម្បីជាការតបស្នងសងគុណដែលប្រជាពលរដ្ឋបានជឿទុកចិត្ត គាំទ្រចំពោះការដឹកនាំរបស់សម្តេចតេជោនិងរាជរដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ដើម្បីយើងរួមគ្នាកសាងភូមិស្រុកយើងជាបន្តទៅទៀត ព្រោះគ្មាននរណាធ្វើជំនួសយើងទេមានតែខ្មែរទេ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post