
កំពង់ស្ពឺៈ រថយន្ត៣គ្រឿង មានទាំងឡិចស៊ីស និងរថយន្តបែន បានបោលបុកគ្នាយ៉ាងពេញទំហឹង បណ្ដាលឲ្យខូចខាតយ៉ាងដំណំទាំង៣គ្រឿង នៅលើកំណាត់ផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ៣៣ និង៣៤ ចំណុចភូមិធ្លក ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ កាលពីវេលាម៉ោង៦៖៣០នាទីព្រឹក ថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៩។ គ្រោះថ្នាក់នេះ បង្កឡើងដោយរថយន្ត ហ៊ីណូ ប្រភេទបែន ពណ៌ត្រួយចេក ពាក់ផ្លាកលេខ ចង្កូតស្តាំ PP.2630 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ(ចុះរត់គេចខ្លួនបាត់)។
អ្នកឃើញហេតុការណ៍ដំបូង បានឲ្យដឹងថា គេឃើញរថយន្តបែនខាងលើ បើកបរទិសដៅពីលិចទៅកើត លុះមកដល់ចំណុចខាងលើបានបុកជាមួយរថយន្ត១គ្រឿងម៉ាក Lexus RX330 ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ AJ-1339 បើកបរដោយឈ្មោះ ជា សុភ័ក្ត្រ ភេទប្រុស អាយុ២៦ឆ្នាំ រស់នៅផ្ទះលេខ១៣៥ ភូមិតាព្រហ្ម សង្កាត់ព្រែកឯង ខណ្ឌមានជ័យ រាជធានីភ្នំពេញ បើកបរបញ្រ្ចាសទិសគ្នា។
ប្រភពបន្តថា ស្របពេលជាមួយគ្នានោះ ក៏មានរថយន្ត១គ្រឿងទៀតម៉ាក ហ៊ីយ៉ាន់ដាយ (ប្រភេទបែន) ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3D-1489 (អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ ព្រោះរត់គេចខ្លួនបាត់) បើកបរពីទិសខាងលិចទៅកើតស្របគ្នា ជាមួយរថយន្ត Lexus បានមកដល់ចំណុចកើតហេតុខាងលើ ដោយគេចគ្រោះថ្នាក់ ក៏ផ្ទេកខ្លួនក្រឡាប់ដោយខ្លួនឯងតែម្ដង(បាត់ម្ចាស់ការ)។
បើតាមសមត្ថកិច្ចហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើ បណ្តាលឲ្យអ្នកបើករថយន្ត ឡិចស៊ីស រងរបួសស្រាល ហើយបានបញ្ជូនទៅព្យាបាលរបួសនៅពេទ្យសម្ភពថ្នល់ទទឹង។ ចំណែករថយន្តខូចខាតផ្នែកមុខស្ទើរទាំងស្រុង ខណៈរថយន្តប្រភេទបែនទាំង២គ្រឿង ខូចខាតកម្រិតស្រាល។
បច្ចុប្បន្នមធ្យោបាយបង្ក (រថយន្តបែន) សរុបទាំង៣គ្រឿង យកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកសំរោងទង បណ្ដោះអាសន្ន ដើម្បីកសាងសំណុំរឿងបញ្ជូនទៅជំនាញការិយាល័យចរាចរណ៍ខេត្ដ ចាត់ការតាមនីតិវិធីច្បាប់៕












