
ភ្នំពេញៈ គ្រោះថ្នាក់ចរាចរណ៍មួយ បានកើតមានឡើង បណ្ដាលឲ្យបុរសម្នាក់ បានរងរបួសដៃធ្ងន់ធ្ងរ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ក្រោយពេលជិះម៉ូតូ PCX វ៉ាជែងក្នុងល្បឿនលឿន ជ្រុលចូលគន្លងផ្លូវម្ខាងទៀត ទៅបុកជាមួយរថយន្ត Mercedes និងម៉ូតូកង់បី Pass App ក្នុងទិសដៅបញ្ច្រាសគ្នាពេញទំហឹង បង្កឲ្យខូចខាតទាំងសងខាង។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៩៖៣០នាទីយប់ ថ្ងៃសៅរ៍ ទី២៦ ខែមករា ឆ្នាំ២០១៩នេះ នៅតាមបណ្តោយផ្លូវម៉ៅសេទុង ទល់មុខសណ្ឋាគារ "ឡា ផារ៉ានដា ភ្នំពេញ" ជិតស្តុបផ្សារដើមគ សង្កាត់ទួលស្វាយព្រៃទី២ ខណ្ឌចំការមន រាជធានីភ្នំពេញ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានប្រាប់អោយដឹងថា ៖ នៅមុនកើតហេតុ គេបានឃើញ បុរសម្នាក់ ជិះម៉ូតូមួយគ្រឿង ម៉ាក PCX ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 1HB-0383 ធ្វើដំណើរតាមបណ្តោយផ្លូវម៉ៅសេទុង ក្នុងទិសដៅពីលិចទៅកើត ក្នុងល្បឿនលឿន ហើយវ៉ាជែងចូលមកគន្លងផ្លូវម្ខាងទៀត ចាប់ហ្វ្រាំងមិនទាន់ ក៏ទៅបុកជាមួយរថយន្តស៊េរីទំនើបមួយគ្រឿង ម៉ាក Mercedes ពណ៍ស ពាក់ស្លាកលេខភ្នំពេញ2AL-8228 បើកបរដោយស្ត្រីជនជាតិចិនម្នាក់ នឹងម៉ូតូកងបី Pass App មួយគ្រឿងទៀត ក្នុងទិសដៅបញ្ច្រាសគ្នាពេញទំហឹង បណ្តាលអោយរងរបួសដៃនិងជើងធ្ងន់ធ្ងរ ។
បច្ចុប្បន្នក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកមកកន្លែងកើតហេតុ រួចរាយការប្រាប់ខាងសមត្ថកិច្ចជំនាញ ចុះមកវាស់វែង រួចយកមធ្យោបាយយានយន្ត ទាំង៣គ្រឿង ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោក នៃស្នងការនគរបាលរាជធានីភ្នំពេញ ដើម្បីរងចាំធ្វើការដោះស្រាយគ្នាពេលក្រោយ ។ ចំណែកអ្នករបួសត្រូវបានបញ្ជូនទៅមន្ទីរពេទ្យផងដែរ៕




