បន្ទាយមានជ័យៈ បន្ទាប់ពីមានការផ្សព្វផ្សាយពីការលក់ដូរផ្សារភ្នំលៀបចាស់ ដែលបង្កការប៉ះពាល់សណ្តាប់ធ្នាប់សាធារណៈ និងគ្រោះថ្នាក់ចរាចរណ៍ដល់អ្នកធ្វើដំណើរ ក្រុមការងាររបស់ទីចាត់ការអន្តរវិស័យនៃសាលាខេត្តបន្ទាយមានជ័យ បានចុះអង្កេតវាយតម្លៃ ដើម្បីដាក់ជូនអភិបាលខេត្តពិនិត្យសម្រេច។ ការចុះអង្កេតលើផ្សារភ្នំលៀបចាស់ ដែលស្ថិតក្នុងឃុំភ្នំលៀបស្រុកព្រះនេត្រព្រះនេះ ធ្វើឡើងនៅព្រឹកថ្ងៃទី៣ ខែមករា ឆ្នាំ២០១៩ ក្រោមការដឹកនាំរបស់លោក ឈុន ប៊ុនថា នាយកទីចាត់ការអន្តរវិស័យនៃរដ្ឋបាលសាលាខេត្តបន្ទាយមានជ័យ និងអមដំណើរដោយលោក អ៊ិន ផាត ប្រធានការិយាល័យកិច្ចការសុរិយោដី និងភូមិបាល។
ក្រោយពីបានជួបពិភាក្សាការងារម្ចាស់ផ្សារភ្នំលៀបចាស់ លោក ម៉ៅ វន្ត័ បាននិយាយថា ផ្សារក្រមួននេះ លក់មកជាង២០ហើយលើដីរបស់ខ្លួនទំហំ១៤ម៉ែត្រគុណនឹង២៧ម៉ែត្រ មានតូបលក់ដូរប្រមាណជិត៤០តូប។ ហើយតូបលក់ដូរទាំងនេះ ជាតូបលក់បន្លែ ត្រី សាច់ និងអាហារ ផ្លែឈើ។ សម្រាប់ឈ្នួល គឺលោកយកត្រឹមតែ២០០០០ម៉ឺនរៀលប៉ុណ្ណោះក្នុងមួយខែ។ ចំពោះអនាម័យបរិស្ថានលោកមិនបានរៀបចំអ្វីទេ ដោយត្រូវអោយអ្នកលក់ និងក្រុមគ្រួសារជាអ្នកសម្អាត។
ជួបជាមួយលោក អ៊ិន ផាត ប្រធានការិយាល័យកិច្ចការសុរិយោដី និងភូមិបាល បានលើកឡើងថា ផ្សារភ្នំលៀបមួយនេះ គឺមិនមានសណ្តាប់ធ្នាប់ បរិស្ថាន អនាម័យ ត្រឹមត្រូវនោះទេ។លក់រំលោភបំពានដីចំណីផ្លូវដល់ទៅ៣០ម៉ែត្រ ផ្សារសង់រំលោភដីរដ្ឋ មិនមានច្បាប់អនុញ្ញាត លក់-ចត បង្កការកកស្ទះ និងហានិភ័យខ្ពស់។
លោកបន្តថា ការលក់ដូររបស់បងប្អូនប្រជាពលរដ្ឋ និងការអះអាងរបស់ម្ចាស់លោក ម៉ៅ វន្ត័ ថា ត្រឹមតែជាតូបលក់ដូរ គឺមិនត្រូវទេ តែលក់តាមផ្ទះថា ជាតូបនោះ ទើបត្រឹមត្រូវ តែការប្រមូលផ្តុំលក់ និងមានបង់ថ្លៃអាជីវកម្មដូចការអះអាងខាងលើ គឺជាផ្សារយ៉ាងពិតប្រាកដ ហើយដើម្បីទទួលបានសិទ្ធិបន្តអាជីវកម្មលក់ដូរ លុះត្រាតែអនុវត្តអោយច្បាប់ទម្លាប់ត្រឹមត្រូវជៀសវាងខាតបង់ចំណូលរដ្ឋ។
ទោះបីជាក្រុមការងារលើកឡើងពីចំណុចមិនសមស្របជាច្រើននៃផ្សារភ្នំលៀបចាស់នេះយ៉ាងណាក៏ដោយ អ្វីដែលផ្សារមួយនេះមិនគួរអោយកើតមាននោះ គឺអាជ្ញាធរស្រុកលោក ឃូរ ពៅ និងអាជ្ញាធរឃុំ លោក ឯម នុយ នៅពីក្រោយការរំលោភយកដីរដ្ឋទៅប្រកបអាជីវកម្មដោយខុសច្បាប់។ គេនៅរង់ចាំមើលថា តើរដ្ឋបាលខេត្តលោក សួន បវរ មានចំណាត់ការបែបណាចំពោះអាជ្ញាធរស្រុក និងឃុំ ដែលចូលរួមបំពានដីរដ្ឋទាំងងងឹតងងល់តាមរយៈចេញច្បាប់សង់ដំបូលតូបរំលោភដីរដ្ឋដល់ទៅ៣០ម៉ែត្រ៕