header ads

Sponsor

ភ្នំពេញៈ មន្ត្រីជាន់ខ្ពស់អតីតគណបក្សសង្គ្រោះជាតិ បានអះអាងថា លោក សម រង្ស៊ី បាន និងកំពុងធ្វើនយោបាយបែបសត្វត្រដេវិច ដោយដើរបន្លាចខ្លួនឯង និងអ្នកដទៃឲ្យខ្លាច តែមិនទទួលជោគជ័យនោះទេ។

ការលើកឡើងរបស់អតីតមន្ត្រីជាន់ខ្ពស់បក្សប្រឆាំងនេះ ខណៈលោក សម រង្ស៊ី មានសុទិដ្ឋនិយមថា អន្តរជាតិ នឹងជួយលោកក្នុងការដាក់គំនាបផ្នែកសេដ្ឋកិច្ចមកលើប្រទេសកម្ពុជា តាមសំណើខ្លួន។

លោក គង់ គាំ អតីតទីប្រឹក្សាគណបក្សសង្គ្រោះជាតិ និងជាមនុស្សជំនិតលោក សម រង្ស៊ី បានអះអាងឲ្យដឹងលើបណ្តាញសង្គមយ៉ាងដូច្នេះថា លោក សម រង្ស៊ី អ្នកនយោបាយសត្វត្រដេវិច បន្លាចខ្លួនឯង និងអ្នកដទៃថា មុខជាត្រូវរំលាយដូច CNRP ទៀត មេឃមិនរលំ ក៏សត្វត្រដេវិចខ្លាច ហើយដេកយកជើងទ្រមេឃជានិច្ច។ មិនជឿទុកចិត្តលើសមត្ថភាពខ្លួន គឺកំសាក។

លោកបន្តថា ឈ្លក់ដោយងារជាឪប្រជាធិបតេយ្យ ដែលក្រុមខ្លួនជួយលើកតម្កើង លោក សម រង្ស៊ី កំពុងរកខ្យល់ បានប្រឹងខ្ទប់ដង្ហើមអ្នកប្រជាធិបតេយ្យវ័យក្មេង ប្រឹងឃាត់ឃាំងអ្នកប្រជាធិបតេយ្យខ្សែផ្សេង និងប្រឹងលាបពណ៌អតីតអ្នកគាំទ្រថា​ ក្បត់ខ្លួនព្រោះមិនដេកផ្ទះ ហើយទៅ បោះឆ្នោតក្លែងក្លាយ មិនក្រោកឈរប្រឆាំងរដ្ឋសភា ប្រឆាំងរដ្ឋាភិបាលក្លែងក្លាយ ។ល។

លោក គង់ គាំ ក៏បានឌឺទៅកាន់លោក សម រង្ស៊ី ថា អំពាវនាវឲ្យពលរដ្ឋមិនបោះឆ្នោតកន្លង មក គឺដើម្បីជួយយកអំណាចឲ្យខ្លួន និងបក្ខពួកដែលបានដេកចាំ។

លោកថា អតីតតំណាងរាស្ត្រជាអ្នកធ្វើច្បាប់ បែរជាមិនដឹងថា សិទ្ធិត្រូវកំណត់ដោយច្បាប់។ ប្រើ​សិទ្ធិបុព្វកាលពីកំណើត យល់សប្តិពីសិទ្ធិថ្លៃថ្នូរពេល CNRP រស់ឡើងវិញ ឬពេលសាលដីកាតុលាការកំពូលផុតកំណត់ គឺល្ងង់។

ទាក់ទិននឹងការទាមទារឲ្យអន្តរជាតិដាក់ទណ្ឌកម្មផ្នែកសេចក្តីមកលើករាជរដ្ឋាភិបាលលោកគង់ គាំ បានអះអាងថា គ្មានទេរបស់ដែលហៅថា សម្ពាធអន្តរជាតិ និងលក្ខខណ្ឌមួយចំនួនដូចជា ១.ទម្លាក់ការចោទប្រកាន់ ២. ដោះលែង កឹម សុខា ជាមុន ៣. សងវិញអំណាចជាប់ឆ្នោត ៤.បោះឆ្នោតឡើងវិញជាមួយអ្នកសង្កេតការណ៍អន្តរជាតិ គឺយុទ្ធសាស្ត្រណា ការប្រ កាសណា ក៏ជាការបោកបញ្ឆោតទាំងអស់។

លោកបានលើកឡើងទៀតថា ការមិនសុំសិទ្ធិធ្វើនយោបាយស្របច្បាប់ឡើងវិញ ពេលនេះ គឺបន្តបាត់បង់សិទ្ធិរហូតឆ្នាំ២០២២ ដែលសាលដីកាកំពូលបានកំណត់ ហើយអ្នកល្មើសសាលដីកាអាចទទួលទោសបន្ថែម គឺជាការសម្លាប់ជីវិតនយោបាយខ្លួន និងទុកចោលឱកាស បម្រើលំហប្រជាធិបតេយ្យ និងបម្រើប្រជាពលរដ្ឋដែលចង់ឲ្យ មានការផ្លាស់ប្តូរជាវិជ្ជមាន នៅកម្ពុជា។

សូមជម្រាបថា ការលើកឡើងរបស់លោក គង់ គាំ នេះ បន្ទាប់ពីលោកនិងកូនប្រុសម្នាក់ (គង់ បូរ៉ា) ត្រូវបានព្រះមហាក្សត្រព្រះរាជទានផ្តល់សិទ្ធិនយោបាយបានវិញ តាមសំណើពីនាយករដ្ឋមន្ត្រី កាលពីពេលថ្មីៗមកនេះ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post