header ads

Sponsor

ភ្នំពេញៈ ថ្លែងចំពោះមុខក្រុមអង្គការសង្គមស៊ីវិលនៅកម្ពុជា សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានថ្លែងថា អ្នកដែលហៅប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន ថា ជារបបក្រុងភ្នំពេញ ហាក់បីដូចជាមាក់ងាយឆន្ទៈប្រជាពលរដ្ឋរាប់ម៉ឺននាក់ ដែលបានបោះឆ្នោតនាពេលកន្លងមក មានរហូតទៅដល់ជាង៨៣%។

រដ្ឋមន្ដ្រីមហាផ្ទៃ លើកឡើងបែបនេះ បន្ទាប់ពីលោក សម រង្ស៊ី ហៅរាជរដ្ឋាភិបាលថា របបក្រុងភ្នំពេញ ខណៈវិទ្យុបរទេស គឺអាស៊ីសេរី ដែលមាននិន្នាការគាំទ្រអតីតគណបក្សសង្រ្គោះជាតិ តែងតែសរសេរដោយវាយប្រហារ មកលើរាជរដ្ឋាភិបាល ដោយភ្ជាប់ពាក្យថា “របបក្រុងភ្នំពេញ ឬរបបលោក ហ៊ុន សែន”។

បើតាមសម្តេច ស ខេង អ្នកដែលហៅពាក្យថា របបមានន័យថា ជារាជរដ្ឋាភិបាល មិនស្របច្បាប់ រដ្ឋាភិបាលខុសច្បាប់។

ក្នុងវេទិកាស្តីពីភាពជាដៃគូ រវាងរាជរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិលលើកទី២ នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៩ សម្ដេច ស ខេង បានថ្លែងថា សព្វថ្ងៃកម្ពុជា មានរាជរដ្ឋាភិបាល កើតចេញពីបោះឆ្នោតត្រឹមត្រូវ ដូច្នេះរបបនេះ គឺរបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ។

សម្ដេច មានប្រសាសន៍ថា ប៉ុន្ដែមានអ្នកប្រើពាក្យថា មិនថា រាជរដ្ឋាភិបាលទេ គាត់ថា ប្រើពាក្យរបបក្រុងភ្នំពេញ របប ហ៊ុន សែន តាមខ្ញុំយល់ដល់ស្តួចស្តើងរបស់ខ្ញុំទេ ខ្ញុំគិតថា ការប្រើពាក្យបែបនេះ ហាក់បីដូចជារមាលទៅរកការកំណត់ថា របបនេះ រាជរដ្ឋាភិបាលនេះ មិនស្របច្បាប់ រដ្ឋាភិបាលខុសច្បាប់។ ប្រសិនបើទៅជាអីចឹងមែន អ្នកដែលលើកឡើងពេលនេះ សូមឲ្យលោកពិចារណាថា ការបោះឆ្នោតកាលពីថ្ងៃទី២៩ ខែកក្កដា ២០១៨កន្លងទៅ ប្រជាពលរដ្ឋជាង៨៣% បានទៅបោះឆ្នោត គ្មានអំពើហិង្សា ដោយរលូន មានការទទួលស្គាល់

សម្ដេចបន្ថែមថា ទោះបីជាសហគមន៍អឺរ៉ុប លើកឡើងពីបញ្ហានៅកម្ពុជា ប៉ុន្ដែពួកគេក៏បានសាទរសម្ដេចតេជោ ហ៊ុន សែន បានគ្រប់គ្រងរាជរដ្ឋាភិបាលអាណត្តិទី៦ ដើម្បីត្រៀមខ្លួនធ្វើការជាមួយគ្នាផងដែរ។ សម្ដេចថា យ៉ាងណាក៏ដោយ អ្នកដែលហៅថា របបក្រុងភ្នំពេញ ត្រូវគិតពីឆន្ទៈពលរដ្ឋខ្មែរ ជាង៨៣% បានចេញទៅបោះឆ្នោត។ ប្រសិនបើពលរដ្ឋមិនឲ្យតម្លៃនោះទេ គឺពួកគាត់មិនទៅបោះឆ្នោតឡើយ។

បន្ថែមន័យពីលើនេះទៀត រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បន្តថា ចឹងទេ គឺការប្រើពាក្យនេះ វាធ្ងន់ដែរ (របបក្រុងភ្នំពេញ) ពាក្យថា របបនេះ ដែលនាំឲ្យយើងភាគច្រើន គឺយើងអ្នកប្រជាធិបតេយ្យ ជាអ្នកសេរីនិយមអីចឹង ក៏ប៉ុន្ដែដល់យើងប្រើពាក្យនេះ មកមានន័យថា ហាក់ដូចជា មិនគោរពឆន្ទៈប្រជាពលរដ្ឋ ចឹងផ្ទុយពីការយើងកំណត់។ ខ្ញុំនិយាយបែបនេះ ខ្ញុំមិនចង់និយាយថា សូមឲ្យឈប់ទេ នេះជាសេរីភាពរបស់ខ្ញុំ ក៏ប៉ុន្ដែនេះ ខ្ញុំគ្រាន់តែបកស្រាយ តាមការយល់ឃើញស្តួចស្តើងរបស់ខ្ញុំប៉ុណ្ណោះ

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post