
ភ្នំពេញៈ ដោយអំណាចឥទ្ធិពលគ្រឿងញៀន យុវជនម្នាក់ រវើរវាយលែងដឹងខ្លួនជានរណា បានឡើងលើបង្កាន់ដៃផ្ទះជួលជាន់ទី២ ប្រុងលោតចុះក្រោម តែមិនបានស្រេច ព្រោះបងប្អូន ព្រួតចាប់ ក្រោយលួងលោមអស់ពេលជាង១ម៉ោង មិនព្រមស្ដាប់។
ហេតុការណ៍នេះ បង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោង១០៖៥០នាទីព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៩ ស្ថិតនៅផ្ទះជួលជាន់ទី២ ផ្លូវលំ ភូមិជម្ពូវ័ន សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ។
យុវជនបែកថ្នាំខាងលើ មិនត្រូវបានស្គាល់ឈ្មោះឡើង មានអាយុជាង២០ឆ្នាំ ជាកម្មកររោងចក្រ ស្នាក់នៅបន្ទប់ជួលកន្លែងកើតហេតុ ជាមួយបងប្អូន ក្រុមគ្រួសារ ។
តាមប្រជាពលរដ្ឋរស់នៅកន្លែងកើតហេតុ បានឲ្យដឹងថា យុវជនខាងលើ ទើបតែមកស្នាក់នៅ ធ្វើការងារ ក្នុងរយៈពេលថ្មីៗនេះទេ ពុំសូវមាត់ក ហើយក៏មិនដែលមានទំនាស់ជាមួយបងប្អូនណាដែរ មិនដឹងថា រូបគេប្រើប្រាស់គ្រឿងញៀនតាំងពីពេលណា ស្រាប់តែនៅវេលាម៉ោងខាងលើ ដោយឥទ្ធពលថ្នាំធ្វើទុក្ខ រត់ឡើងលើបង្កាន់ដៃផ្ទះជាន់ទី២ ឱបបំពង់ទុយោជាប់ ប្រុងលោតសម្លាប់ខ្លួនទៅវិញ បង្កឲ្យភ្ញាក់ផ្អើល ក្រុមគ្រួសារ បងថ្លៃស្រី ទៅលួងលោមយ៉ាងណាក៏មិនចុះ ផ្អើលអស់ពលរដ្ឋ និងសមត្ថកិច្ច ចុះទៅល្បួងលួងឲ្យចុះ នៅតែមិនចុះ អស់រយៈពេលជាង១ម៉ោង រហូតដល់ប្អូនប្រុសរបស់គេម្នាក់ទៀត មកដល់ និយាយអង្វរឲ្យចុះ តែបងប្រុសមិនចុះ ស្ទុះចូលស្រវាចាប់ឱបផ្ទប់ជាប់ ពលរដ្ឋ សមត្ថកិច្ច ឡើងទៅបន្ថែមជួយចាប់ ទាញអូសចុះបានដោយសុវត្ថិភាព ។
តាមក្រុមគ្រួសារ ក្រោយពីចាប់ជួយ យុវជនខាងលើបានហើយ សុំសមត្ថកិច្ច អាជ្ញាធរ គ្រប់គ្រងយុវជនខាងលើដោយខ្លួនឯង ប្រើវិធីសាស្រ្តលួងលោម នឹងយកវិលត្រឡប់ទៅស្រុកកំណើតវិញ៕