ស្វាយរៀងៈ មានការភ្នាក់ផ្អើលទាំងព្រឹកព្រលឹម ខណៈដែលមានជនមិនស្គាល់មុខ បានពួនបាញ់ជំពាមកៅស៊ូ ជាមួយគ្រាប់ឃ្លីដែក សំដៅទៅលើតូបលក់ទូរស័ព្ទដៃមួយកន្លែង មានស្លាកយីហោ “ដារ៉ា” តែមិនបង្កគ្រោះថ្នាក់ដល់អ្នកលក់ឡើយ គ្រាន់តែត្រូវទូតាំងទូរស័ព្ទ និងជញ្ជាំងតូបប៉ុណ្ណោះ។
ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៦និង៤០នាទីព្រឹក ថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៩ នៅត្រង់ចំណុចមុខផ្សាវាលយន្ត ស្ថិតក្នុងភូមិវាលយន្ត សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ខេត្តស្វាយរៀង។
បើតាមសមត្ថកិច្ចក្រុងស្វាយរៀង បានឲ្យដឹងថា មានកណីបាញ់គ្រាប់ឃ្លីដែក ពីជនសង្ស័យមិនស្គាល់អត្តសញ្ញាណ បានធ្វើសកម្មភាពបាញ់ជំពាមគ្រាប់ឃ្លីដែកចំនួនពីរគ្រាប់ទៅលើតូបលក់ទូរស័ព្ទដៃខាងលើបណ្តាលឲ្យត្រូចំទូតាំងលក់ទូរស័ព្ទមួយគ្រាប់ និងត្រូវជញ្ជាំងតូបមួយគ្រាប់ មិនបង្កឲ្យមានគ្រោះថ្នាក់ដល់មនុស្សទេ។ សមត្ថកិច្ចបន្តថា ម្ចាស់តូបឈ្មោះ យោគ ចាន់ដាវី ភេទស្រី អាយុ៣៣ឆ្នាំ មុខរបរ លក់ទូរស័ព្ទ រស់នៅភូមិវាលយន្ត សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង។
បើតាមសម្តីម្ចាស់តូបលក់ទូរស័ព្ទ ដែលមានហីហោរ ដារ៉ា បានប្រាប់ឲ្យដឹងថា រាល់ព្រឹកគាត់ក្រោកពីព្រលឹម ដើម្បីរៀបចំអីវ៉ាន់សម្រាប់លក់ដូចសព្វមួយដង តែថ្ងៃនេះ គាត់ចាប់ផ្តើមរៀបបានតែបន្តិចក៏លឺសូរសម្លេងប្រ៉ាវៗចំនួនពីរដងចំទូខាងលិចផ្ទួនៗគ្នាតែម្តង ស្រាប់តែឃើញធ្លុះទូរលក់មួយគ្រាប់ និងត្រូវជញ្ជាំងតូបមួយគ្រាប់ទៀត។
បើតាមបញ្ជាក់ពីម្ចាស់តូបលក់ទូរស័ព្ទខាងលើ បានឲ្យដឹងទៀតថា រូបគាត់មិនដែលមានទំនាស់ជាមួយអ្នកណាឡើយ ក្នុងការប្រកបរបរលក់ទូរស័ព្ទ ហើយការបាញ់មកលើតូបគាត់ក៏មិនដឹងមូលហេតុយ៉ាងណានោះដែរ។ ទោះបីយ៉ាង ម្ចាស់តូបលក់ទូរសព្ទ័ខាងលើ បានអំពាវនាវដល់សមត្ថកិច្ចជួយស្រាវជ្រាវចាប់ជនសង្ស័យមកផ្តន្ទាទោសទៅតាមច្បាប់ផងដែរ៕