
ភ្នំពេញៈ ជនសង្ស័យម្នាក់ ក្នុងចំណោម២នាក់ ត្រូវកម្លាំងនគរបាលខណ្ឌដូនពេញធ្វើការឃាត់ខ្លួន ក្រោយពួកគេទាំង២នាក់ ធ្វើសកម្មភាពឆក់កាបូបពីជនបរទេសបានសម្រេច តែរត់មិនរួច។ ហេតុការណ៍ កើតឡើងកាលពីវេលាម៉ោង៤៖១០នាទីរសៀលថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៩ នៅចំណុចផ្លូវលេខ១៨៤ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
ជនសង្ស័យឈ្មោះ អន់ ស៊ីដេត ភេទប្រុស អាយុ២០ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះភូមិព្រែកតាអុង ឃុំពាមឧកញ៉ាអុង ស្រុកល្វាឯម ខេត្តកណ្តាល និងម្នាក់ទៀតឈ្មោះ អាលុង ភេទប្រុស អាយុប្រហែល ២០ឆ្នាំជាង មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះខាងក្រោយប៉ុស្តិ៍នគរបាលទួលសង្កែ ភូមិផ្សារតូច សង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
ប្រភពព័ត៌មានពីសមត្ថកិច្ចបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ គេឃើញជនជាតិបរទេសចំនួន ២នាក់ បានធ្វើដំណើរក្នុងទិសដៅពីលិចមកកើត ខណៈដែលកំពុងធ្វើដំណើរមកដល់កន្លែងកើតហេតុខាងលើ ស្រាប់តែមានជនសង្ស័យចំនួន២នាក់ ជិះម៉ូតូមួយគ្រឿង ម៉ាកហុងដាសង់ សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1GE-8005 បានជិះមកជិត រួចបានធ្វើសកម្មភាពឆក់កាបូបរបស់ជនបរទេសខាងលើបានសម្រេច តែត្រូវកម្លាំងសមត្ថកិច្ចនៅជិតនោះ ធ្វើការដេញតាមរហូតឃាត់ខ្លួនជនសង្ស័យបានម្នាក់ រឺឯម្នាក់ទៀតបានរត់គេចខ្លួនបាត់តែម្តង។
ក្រោយពេលកើតហេតុ កម្លាំងសមត្ថកិច្ច បានបញ្ជូនខ្លួនជនសង្ស័យខាងលើ មកកាន់អធិការដ្ឋាននគរបាលខណ្ឌដូនពេញ ដើម្បីធ្វើការសាកសួរ ដើម្បីស្វែងរកបក្ខពួកយកមកដាក់ទោសតាមផ្លូវច្បាប់៕



