header ads

Sponsor

បាត់ដំបងៈ ថ្មីៗនេះ សារសំឡេងមួយបានបែកធ្លាយ ស្តីពីការចរចាគ្នារវាងមេឈ្មួញជាមួយនឹងលោកវរសេនីយ៍ឯក ម៉ង់ ស៊ី មេបញ្ជាការនគរបាលវរការពារព្រំដែនគោកលេខ៨១៩ ប្រចាំស្រុកកំរៀង និងប្រចាំច្រករបៀងព្រះពុទ្ធ ហៅច្រកបឹងឆ្នាំង ស្ថិតក្នុងទឹកដីស្រុកកំរៀង ខេត្តបាត់ដំបង ដែលជាប់នឹងខ្សែបន្ទាប់ព្រំដែនកម្ពុជា-ថៃ ដែលសារនេះ គឺជាការសុំសម្របសម្រួលតម្លៃ ដើម្បីនាំរថយន្តចំនួន២គ្រឿងចូលតាមច្រក ដែលគ្រប់គ្រងដោយមេបញ្ជាការ៨១៩។

យោងតាមប្រភពសម្ងាត់ និងច្បាស់ការមួយបានឲ្យ​អ្នកសារព័ត៌មានយើងដឹងថា មួយរយៈកន្លងមកនេះ គឺចាប់តាំងពីលោក ម៉ង់ ស៊ី ទៅកាន់ជាមេបញ្ជាការនគបាលវរការពារព្រំដែនគោកលេខ ៨១៩ មក គឺមានការបើកភ្លើងខៀវយ៉ាងពេញបន្ទុក ដើម្បីឲ្យ​ក្រុមឈ្មួញបាននាំចូលនូវរថយន្តប្រភេទចង្កូតស្តាំ ដែលជាប្រភេទរថយន្តត្រូវហាមឃាត់ ឲ្យ​ចូលយ៉ាងគំហុកពីថៃមកកម្ពុជា ដើម្បីទទួលនូវផលប្រយោជន៍ផ្ទាល់ខ្លួន។

ប្រភពដដែល បានលើកឡើងថា រថយន្តដែលគេបានបើកដៃឲ្យ​ឈ្មួញនាំចូលនោះ សុទ្ធសឹងតែជាប្រភេទរថយន្តទំនើបៗ និងមានបំពាក់ស្លាកលេខថៃនៅឡើយ លុះមកដល់ដីខ្មែរ ទើបលោកមេបញ្ជាការរូបនេះចាប់ចែងបញ្ជាទៅលោកនាយរងប៉ុស្តិ៍ ខូវ សុភាព ជាអ្នកដោះដូរស្លាកលេខវិញ ទើបប្រគល់ទៅឲ្យ​ឈ្មួញបញ្ចេញទៅលក់នៅលើទីផ្សារ ដោយភាគច្រើន គឺគេបញ្ចេញទៅកាន់ក្រុងប៉ោយប៉ែត។

ចំណែកតម្លៃលើការនាំចូលរថយន្តចង្កូតស្តាំសម្រាប់តែលោកមេបញ្ជាការ ម៉ង់ ស៊ី គឺចាប់ពី១០ ០០០ បាតដល់ ៣០ ០០០ បាត ទៅតាមប្រភេទ និងស៊េរីរថយន្តរហូតមានពេលខ្លះបានកើតទៅជាទំនាស់ក៏មានដែរ ដោយសារតែការទាមទារនូវតម្លៃមិនបានដូចបំណង។ ការគ្រប់គ្រងច្រករបៀងនៅក្នុងតំបន់ខាងលើ ពីសំណាក់លោក ម៉ង់ ស៊ី គឺគេបានវាទទី និងលាតសន្ធឹងយ៉ាងឆ្ងាយ ដើម្បីក្តោបក្តាប់នូវបទល្មើសគ្រប់ប្រភេទ ទាំងការនាំម៉ូតូចូល ក៏ដូចជាការនាំឈើគ្រញូងរបស់លោក « ភីយ៉ៃណុង » ដែលឈ្មោះនេះ គឺជាមេឈ្មួញរកស៊ី​ឈើគ្រញូងពីថៃ មកខ្មែរនៅចន្លោះប៉ុស្តិ៍ស្វាយស និងប៉ុស្តិ៍អូរជ្រៃ គឺត្រូវបង់ឲ្យ​លោក ម៉ង់ ស៊ី ទាំងអស់។

ជាចុងក្រោយប្រភពច្បាស់ការណ៍ បានបញ្ជាក់ថា មួយរយៈចុងក្រោយនេះ គឺនៅថ្ងៃទី២៤ ខែធ្នូឆ្នាំ២០១៨ លោក ម៉ង់ ស៊ី បានបើកភ្លើងខៀវឲ្យ​រថយន្តចំនួន២គ្រឿងចូលតាមចំណុចចំការស្វាយ និងត្រង់បង្គោលឡាក់លេខ៥៣ ដែលចំណុចទាំង២នេះ មានចម្ងាយពីច្រករបៀង ព្រះពុទ្ធ ឬច្រកបឹងឆ្នាំងប្រហែល៧០០ម៉ែត្រតែប៉ុណ្ណោះ។

មិនត្រឹមតែប៉ុណ្ណោះទេ លោកមេបញ្ជាការវរ៨១៩ បានប្រមូលលុយពីមន្ត្រីមួយចំនួននៅក្រោមឱវាទក្នុងម្នាក់ៗ ចាប់ពី១៥០០ដុល្លារដល់៣៥០០ដុល្លារ ដោយសន្យាថា និងដំឡើងឋានន្តរស័ក្តិ ឬក៏ដំឡើងតួនាទីឲ្យ​ តែធាតុពិត គឺរហូតមកទល់នឹងពេលនេះ មានរយៈពេលជិត១ឆ្នាំហើយ ដែលគ្មានពន្លឺអ្វីបន្តិចទាល់តែសោះ គឺគេបានយកលុយទៅស៊ីចាយយ៉ាងសប្បាយទៅវិញ ថែមទាំងស៊ីដាច់ ប្រាក់ឧបត្ថម្ភប្រចាំខែពីសម្តេចទៅលើបណ្តាប៉ុស្តិ៍គ្រប់ប៉ុស្តិ៍តាមខ្សែបន្ទាត់ព្រំដែនផងដែរ។

តាមរយៈទូរស័ព្ទកាលពីព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៩ លោក ម៉ង់ ស៊ី បានគំរាមថា លោកនឹងប្តឹងទៅលើប្រភពណា ដែលរាយការណ៍មិនពិត ដើម្បីឲ្យ​កាសែតផ្សាយពាក់ព័ន្ធនឹងរឿងអាស្រូវរបស់លោក ដោយលោកបានសង្កត់ធ្ងន់ថា បើលោកចេះរកស៊ីអីចឹង លោកមិនចាំបាច់មកធ្វើជាប៉ូលិសនោះទេ ហើយលោក ក៏បានអះអងថា បើចង់ដឹងរឿងនេះច្បាស់ ត្រូវសួរទៅលោកអភិបាលស្រុកកំរៀងផង។

ភាសាដែលទម្លាក់ឲ្យ​អ្នកសារព័ត៌មានសួរទៅលោកអភិបាលស្រុក ធ្វើឲ្យ​មានការងឿងឆ្ងល់កាន់តែខ្លាំងថា តើលោកអភិបាលស្រុកមានការពាក់ព័ន្ធអ្វីនៅ​ក្នុងរឿងនេះដែរ ឬយ៉ាងណា ? ប៉ុន្តែតាមការបកស្រាយរបស់លោកអភិបាលស្រុក សុខ គឹមខុន បានឲ្យ​ដឹងថា រឿងនេះលោកគ្រាន់តែដឹងថា បើតាមច្រករបៀងតែម្តង គឺគេមិនអាចនាំចេញបានទេ ព្រោះភាគីថៃក៏មានការរឹតបន្តឹងដែរ ប៉ុន្តែគេខ្លាចតែរថយន្តចេញតាមចំការដំឡូង ឬចំការស្វាយ ដែលនៅសងខាងប៉ុស្តិ៍ ព្រោះខ្សែបន្ទាត់ព្រំដែននៅក្នុងតំបន់នេះគ្មានអូរទេ គឺដីរាបស្មើទាំងអស់។

ដោយឡែកចំពោះប្រភពមួយ ដែលធ្លាយពីជួរថ្នាក់ដឹកនាំកំពូលៗ នៅក្នុងស្នងការដ្ឋាននគរបាលខេត្ត បានឲ្យ​ដឹងថា ប្រមាណជាង២ខែមុន លោកស្នងការបានកោះប្រជុំដល់បណ្តាមេវរ និងមេប៉ុស្តិ៍ជួរមុខទាំងអស់ ដោយដាក់វិន័យយ៉ាងតឹងរឹងបំផុត គឺហាមដាច់ខាតការបើកឲ្យ​រថយន្តចង្កូតស្តាំហូរចូលមកកម្ពុជា ថែមទាំងបានឲ្យ​មេៗទាំងនោះ ផ្តិតមេដៃលើកិច្ចសន្យានោះទៀតផង ផ្ទុយទៅវិញបែរជាលេចធ្លាយនូវការបើកអោយឈ្មួញនាំចូលនូវប្រភេទរថយន្តចង្កូតស្តាំនេះវិញដដែលតាមច្រកព្រះពុទ្ធ សបញ្ជាក់ឲ្យ​ឃើញថា លោកមេបញ្ជាការវរ៨១៩មិនបានគោរពតាមកិច្ចសន្យា ដែលលោកស្នងការ បានកំណត់នោះឡើយ ដូច្នេះប្រភពជាច្រើនដែលកំពុងទទួលនូវការកៀបសង្កត់ពីលោកមេបញ្ជាការវររូបនេះ នឹងរង់ចាំមើលថា តើលោកស្នងការ នឹងចាត់វិធានការបែបណាទៅលើបុគ្គលដែលផ្គើននឹងថ្នាក់ដឹកនាំ?៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post