header ads

Sponsor

ភ្នំពេញៈ សកម្មភាពកាត់បណ្ដាញខ្សែកាបអាកាស តាមដងផ្លូវ នៅពេលកន្លងមក ក៏ដូចជាសព្វថ្ងៃនេះគេឃើញថា រដ្ឋបាលរាជធានីភ្នំពេញ បាននិងកំពុងជម្រុញអោយអាជ្ញាធរខណ្ឌ ស្ថាប័នពាក់ព័ន្ធរដ្ឋ និងក្រុមហ៊ុនឯកជន ចូលរួមសហការ ដើម្បីធ្វើយ៉ាងណាកាត់បណ្ដាញខ្សែកាប លើអាកាសនៅតាមដងផ្លូវនានា បញ្ចូលទៅតាមបំពុងក្រោមដីអោយអស់។

យោងតាមសេចក្ដីជូនដំណឹង របស់រដ្ឋបាលរាជធានីភ្នំពេញ លេខ ០២៥/១៦ កាលពីកន្លងទៅនេះបានឲ្យដឹងថា ក្រុមការងារចម្រុះរដ្ឋបាលរាជធានីភ្នំពេញ នឹងរៀបចំសណ្ដាប់ធ្នាប់បណ្ដាញខ្សែកាបអាកាសតាមដងផ្លូវនានា ត្រូវកាត់ទម្លាក់ជាជំហានៗ ដើម្បីរៀបចំសណ្ដាប់ធ្នាប់ សុវត្ថិភាព និង លើកកម្ពស់សោភ័ណ្ឌភាព ក្នុងរាជធានីភ្នំពេញ។

ដើម្បីអនុវត្តន៍នូវយុទ្ធនាការខាងលើនេះឲ្យបានល្អប្រសើរ និងមានប្រសិទ្ធភាព រដ្ឋបាលរាជធានីភ្នំពេញ តម្រូវឲ្យអង្គភាពរដ្ឋ និងបណ្ដាក្រុមហ៊ុនឯកជន ដែលមានបណ្ដាញ ខ្សែកាប លើអាកាសទាំងអស់ ត្រូវចូលរួមសហការ ដើម្បីកាត់ទម្លាក់ខ្សែកាប មកដាក់ចូលបំពង់បណ្ដាញក្រោមដីវិញ។

រដ្ឋបាលរាជធានីភ្នំពេញ ប្រកាសបញ្ជាក់ទៀតថា ក្រុមការងារចម្រុះ របស់រដ្ឋបាលរាជធានីភ្នំពេញ នឹងធ្វើការរៀបចំសណ្ដាប់ធ្នាប់ កាត់បណ្ដាញខ្សែកាបអាកាស តាមដងមហាវិថីធំៗ ចំនួន៦ ដោយធ្វើការកាត់ទម្លាក់ជាជំហានៗ ដាក់ចូលក្នុងបំពង់ក្រោមដីវិញ ដើម្បីពង្រឹងសុវត្ថិភាព ជូនប្រជាពលរដ្ឋ លើកកម្ពស់សោភ័ណភាព ក៏ដូចជាការរក្សាសណ្ដាប់ធ្នាប់ និងរបៀបរៀបរយ សំដៅកាត់បន្ថយ ហានិភ័យជាយថាហេតុនានាកើតឡើង។

សេចក្ដីប្រកាសខាងលើ នូវឱ្យដឹងទៀតថា រដ្ឋបាលរាជធានីភ្នំពេញ បានស្នើឱ្យអង្គភាពរដ្ឋ ស្ថាប័ន ក្រុមហ៊ុនឯកជននានា ប្រជាពលរដ្ឋទាំងអស់ ត្រូវរួមសហការ និងផ្ដល់ភាពងាយស្រួលដល់ក្រុមការងារចម្រុះ ដែលមានក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ អគ្គិសនី កម្ពុជា ក្រុមហ៊ុន CFOCN ក្រុមហ៊ុន PPCTV និងស្ថាប័នពាក់ព័ន្ធមួយចំនួនទៀត ដើម្បីឱ្យដំណើរការអាចប្រព្រឹត្តទៅបានជោគជ័យ ជៀសវាងមានបញ្ហាផ្សេងៗកើតឡើងត។

សូមបញ្ជាក់ថា មហាវិថីធំៗ ដែលត្រូវអនុវត្តការងារនេះ រួមមាន មហវិថី ព្រះនរោត្តម, មហាវិថី សហព័ន្ធរុស្ស៊ី, មហាវិថី ព្រះមុនីវង្ស, មហាវិថី ម៉ៅសេទុង, មហាវិថី កម្ពុជាក្រោម, និងមហាវិថី ព្រះសីហនុ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post